(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង (លើកទី២) សម្រាប់ឆ្នាំ២០១៩ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ភាគីសហជីពបានដាក់តួលេខចំនួន ១៩២ដុល្លារ ភាគីនិយោជកបានដាក់តួលេខចំនួន ១៧៥ដុល្លារ រីឯភាគីរាជរដ្ឋាភិបាលបានដាក់ចំនួន ១៧៧ដុល្លារ, នេះបើតាមលោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ។
លោក ហេង សួរ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី លើកទី២ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃនេះ ភាគីនីមួយៗបានលើកបង្ហាញនូវតួលេខផ្លូវការរៀងៗខ្លួន សម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៩ មានដូចតទៅ៖ ភាគីសហជីពចំនួន ១៩២ដុល្លារ, ភាគីនិយោជកចំនួន ១៧៥ដុល្លារ និងភាគីរាជរដ្ឋាភិបាលចំនួន ១៧៧ដុល្លារ។
លោក ហេង សួរ បានបន្តថា ក្រុមការងារបច្ចេកទេសត្រីភាគីនឹងបន្តពិភាក្សាគ្នាបន្តទៀត ដើម្បីឱ្យតួលេខកៀកជិតគ្នា រហូតដល់រកឃើញចំណុងប្រសព្វគ្នាមួយ។ លោកថា ភាគីរាជរដ្ឋាភិបាលបានផ្ដល់នូវអត្រាជាង ៤% សម្រាប់យកធ្វើគោលក្នុងការពិភាក្សាបន្ត ដើម្បីបង្ខិតតួលេខឱ្យកាន់តែកៀកគ្នា ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំ២០១៩ ខាងមុខ។
លោកបន្តទៀតថា ភាគីនីមួយៗក៏បានលើកឡើងនូវសំណូមពរផ្សេងៗ ដែលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងបរិយាកាសនៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ក្នុងនោះភាគីកម្មករនិយោជិត ក៏បានស្នើសុំឱ្យមានការគាំទ្រទៅលើសុខមាលភាព របស់កម្មករនិយោជិតបន្តទៀត ការជួយផ្ដល់របបអាហារ និងថ្លៃដឹកជញ្ជូនបន្ថែមពីលើប្រាប់ឈ្នួល ដែលនឹងកើនឡើង នាពេលខាងមុខនេះ។
លោក ប៉ា ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យដឹងថា ចំពោះបញ្ហារបស់កម្មករនិយោជិតនៅកម្ពុជាបច្ចុប្បន្ន មិនមែនត្រឹមតែបញ្ហាប្រាក់ឈ្នួលប៉ុណ្ណោះទេ គឺមានបញ្ហាមួយចំនួនទៀត ដូចជាបញ្ហាការចំណាយលើផ្ទះជួល ទឹក អគ្គិសនី ម្ហូបអាហារ សេវាដឹកជញ្ជូនទៅមកជាដើម។
ប្រធានសម្ព័ន្ធសហជីពរូបនេះ បានលើកឡើងពីការត្អូញត្អែថា ចំពោះការផ្ដល់សេវាសុខាភិបាល ក៏នៅតែជាបញ្ហាសម្រាប់កម្មករនិយោជិតផងដែរ ក្នុងនោះសហជីពបានកត់សម្គាល់ថា កម្មករនិយោជិតនៅតែមិនទាន់ជឿជាក់ទៅលើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់រដ្ឋ ឬជាដៃគូរបស់ ប.ស.ស ជាដើម ពីព្រោះក្រុមគ្រូពេទ្យមួយចំនួននោះ មិនសូវយកចិត្តទុកដាក់ មិនខ្វាយខ្វល់ចំពោះកម្មករដែលទៅទទួលសេវាសុខាភិបាលដោយមិនគិតថ្លៃ។
សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ត្រូវបានដំឡើងកាន់តែខ្ពស់ជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យនេះ បានកើនដល់ចំនួន ១៧០ដុល្លារអាមេរិក ក្នុងមួយខែ៕