(ភ្នំពេញ)៖ ស្ថានបេសកកកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងកម្ពុជានោះថា ធ្វើឡើងដោយលម្អៀង និងប្រើប្រាស់ស្តង់ដារពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍៣ទំព័រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ តំណាងកម្ពុជា បានអះអាងថា សេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ដែលបានអនុម័តនៅថ្ងៃទី១៣ ខែកញ្ញា គឺផ្អែកទៅលើការអះអាងមិនពិត និងមិនស្មោះត្រង់ពីក្រុមជ្រុលនិយមកម្ពុជា ដែលការពារដោយ សហភាពអឺរ៉ុប និងផ្អែកលើរបាយការណ៍លម្អៀងទាំងឡាយរបស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលមានរបៀបវារៈនយោបាយ។
ស្ថានបេសកកកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពអឺរ៉ុប បានបន្តថា ពាក្យពេចន៍ និងទម្រង់ប្រើក្នុងរបាយការណ៍ទាំងនេះ ពិតជាត្រូវបានចម្លងចេញពីប្រភពតែមួយ ហើយអ្វីដេលគួរឱ្យសោកស្តាយបំផុត គឺពាក្យពេចន៍ទាំងនោះត្រូវបានគេបញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបនាពេលនេះ។
ស្ថានបេសកកកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពអឺរ៉ុប បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប បានបើកកិច្ចប្រជុំមួយពិភាក្សាអំពីស្ថានភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សភាអឺរ៉ុបបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តមួយស្តីពីស្ថានការណ៍នៅក្នុងកម្ពុជាដោយបានស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់គ្រប់បទចោទប្រកាន់ និងដោះលែងលោកកឹម សុខាឲ្យមានសេរីភាពពេញលេញឡើងវិញ។ ក្រៅពីនោះ សភាអឺរ៉ុបក៏ទារឲ្យកម្ពុជាស្តារប្រជាធិបតេយ្យ នីតិរដ្ឋ និងគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានដទៃទៀតផងដែរ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជា៖