(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ​ឈ្នះ បានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ​ឈ្នះ បានផ្ដល់នូវអនុសាសន៍ដ៏សំខាន់មួយ គឺអនុញ្ញាតឲ្យរៀបចំប្រុងប្រៀបចារឹកសិលាចារឹក២ផ្ទាំងទៀតបន្ថែម ដែលបញ្ជាក់អំពីការចាប់ផ្ដើម នៃជីវិតតស៊ូជាមគ្គុទេសក៍ដឹកនាំដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

ខ្លឹមសារដែលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនោះ គឺជាការចាប់ផ្ដើមដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរៀបចំកងកម្លាំងសាមគ្គីសង្រ្គោះជាតិ អង្គភាពលេខ១២៥ និងរួមបង្កើតការតស៊ូរណសិរ្ស២ធ្នូ និងការរំដោះជាតិថ្ងៃ៧ មករា ១៩៧៩។​

បន្ទាប់មកក៏បានបន្តដំណើរកសាងកម្ពុជា រហូតមកដល់ការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ​នៅអំឡុងឆ្នាំ១៩៩៥ ហើយបានទទួលជោគជ័យ ក្នុងការធ្វើឲ្យរលំរលាយទាំងស្រុង នូវអង្គការចាត់តាំងទាំង​នយោបាយ និងយោធារបស់ខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨​។ នៅក្នុងដំណើរការនោះ មានយុទ្ធសាស្រ្តដ៏សំខាន់មួយ គឺយុទ្ធសាស្រ្តឌីហ្វីដ ក្នុងនោះមានព្រឹត្តិការណ៍សមាហរណកម្មដែលធ្វើឲ្យកម្លាំងរបស់ខ្មែរក្រហមទាំងអស់ ងាកចូលមករួមចំណែកជាមួយនឹងគោលនយោបាយឈ្នះ​ឈ្នះ ដែលមានការធានា៣យ៉ាង​។​

ព្រឹត្តិការណ៍នោះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ជាកត្តាដ៏ចម្បងមួយ​ ដែលនាំមកជោគជ័យទាំងស្រុង ធ្វើឲ្យប្រទេសជាតិ ទទួលបានសន្តិភាពដ៏ពេញលេញ ហើយកម្រងទស្សនៈជាច្រើន បានត្រូវរំលេចឡើងជាផែនៗជាផ្ទាំងៗ ដើម្បីសម្រិតសម្រាំងឲ្យក្លាយទៅជាពាក្យប្រវត្តិសាស្រ្តរំលឹកដល់ដំណើរការ នៃការតស៊ូទាំងនោះឆ្ពោះមកការកសាងមាតុភូមិកម្ពុជានេះ។​

ពាក្យមួយផ្ទាំងទៀតចុងក្រោយ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានជ្រើសរើស និងរៀបចំសម្រាប់ចារឹកថែមទៀត នៅវិមានឈ្នះ​ឈ្នះ ដែលបញ្ជាក់នូវការបញ្ចប់​សង្រ្គាមស៊ីវិលទាំងស្រុង និងទទួលនូវសន្តិភាពពេញលេញ។ នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលនឹងត្រូវមាននៅវិមានឈ្នះ ឈ្នះ បន្ទាប់ពីផ្ទាំងសិលា២ផ្ទាំង ដែលមានអត្ថន័យដ៏ធំធេង និងស៊ីជម្រៅបានត្រូវចារឹក និងបានរៀបចំរួចហើយ ក្នុងឆ្នាំមុននេះ៕