(ភ្នំពេញ)៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​បាន​ថ្លែង​ថា ​រាជរដ្ឋាភិបាល​នឹង​ប្រារព្ធពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ នៃ​នយោបាយ​ឈ្នះ​-ឈ្នះ ​និង​សម្ពោធ​ជា​ផ្លូវការ​នូវ​វិមាន​ឈ្នះ-​ឈ្នះ​ រយៈពេល​បី​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២៩​ ដល់​ថ្ងៃទី​៣១​ ខែធ្នូ ​ឆ្នាំ​២០១៨​ ខាងមុខ​នេះហើយ​។ កម្មវិធី​ដ៏​ធំ​នេះ ​នឹង​មាន​អ្នកចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​ផង​ដែរ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់នៃ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​សាងសង់ ​និង​ប្រកាស Countdown ​នៅ​វិមាន​ឈ្នះ​ឈ្នះ ​និង​ចែក​លិខិតបញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម រៀន​វគ្គ​មគ្គទេសក៍ ​វិមាន​ឈ្នះ​-​ឈ្នះ​ នៅ​ព្រឹក​ថ្ងៃទី​២១​ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ ស្ថិតនៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់ថា ​ការ​ប្រារព្ធ ពិធី​ខួប​២០​ឆ្នាំ ​នៃ​គោល​នយោបាយ​ឈ្នះ​ឈ្នះ ​និង​សម្ពោធ​ជា​ផ្លូវការ​នូវ​វិមាន​ឈ្នះ​ឈ្នះ​នេះ ​នឹងធ្វើ​ឡើងយ៉ាង​អ៊ូរអរ​បំផុត​។

សម្តេចពិជ័យសេនា​ ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះ៖ «យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលនឹងរៀបចំគណៈកម្មការមួយដើម្បីប្រារព្ធពិធីនេះ យ៉ាងអធិកអធមជាទីបំផុត នៅក្នុងទីនេះគឺយើងរៀបចំឱ្យសមទៅនឹងតម្លៃយើងបានកសាងផង ហើយតម្លៃដែលជាមរតកមួយសំខាន់បំផុត នៅថ្ងៃខាងមុខ អ្នកទាំងអស់គ្នាគឺការចូលរួម ខ្ញុំគ្រាន់តែនិយាយពីរឿងខាងទ័ព គឺចូលរួមយ៉ាងច្រើនផងដែ គឺចំនួនប្រហែលរាប់ជិតមួយម៉ឺននាក់ ចំណែកផែនរបស់ប្រជាជន គឺយើងកំពុងតែបន្តិចទៀតគឺយើងប្រគល់នូវគណៈកម្មការមួយចំនួននឹងចូលរួមច្បាស់ណាស់ប្រជាជន នៅតាមបណ្តាខេត្តពួកនឹងអញ្ជើញចូលរួម»

រដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា ចាប់ពីថ្ងៃនេះទៅគឺរាប់ថយក្រោយ គឺរយៈពេល១០០ថ្ងៃ ត្រូវតែធ្វើឱ្យរួចរាល់នៅគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ដើម្បីស្របតាមកាលកំណត់ថ្ងៃប្រារព្ធពិធីដ៏មហាមានអត្ថន័យសម្រាប់ជាតិមាតុភូមិកម្ពុជាផងដែរ។

វិមាន​ឈ្នះ​ឈ្នះ ​គឺ​បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ​កន្លង​ទៅ​ ដោយ​ទំហំ​ដី​ប្រាំបី​ហិកតា ​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។ ​ថវិកា​ដែល​យក​មក​សាងសង់​នូវ​វិមាន​នេះ គឺជា​ថវិកា​បដិភាគរ​បស់​រាជរដ្ឋាភិបាល​។ វិមាន​នេះ​គឺជា​សញ្ញា​និមិត្តរូប​នៃ​សុខ​សន្តិភាព​កម្ពុជា​ហើយ ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវ​នៅ​ថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ​២០១៨​ ខាងមុខនេះ​ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រារព្ធពិធី​ខួប​២០ឆ្នាំ​ នៃ​គោលនយោបាយឈ្នះ-ឈ្នះ ​(​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨)​ ផងដែរ​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ឱ្យ​ដឹង​ទៀតថា ​ ការសាងសង់​នឹង​ត្រូវ​រួចរាល់​ជា​ស្ថាពរ​នៅមុន​ថ្ងៃទី​២៩ ​ខែធ្នូ ទាំង​ផ្នែក​ខាងក្នុង​នឹង​ខាងក្រៅ​រួម​ទាំង​ការដាំ​ដើមឈើ​ផងដែរ​។

សូមបញ្ជាក់ថា ការសាងសង់​វិមាន​ឈ្នះ-ឈ្នះនេះ ​គឺ​ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល​ដែល​បាន​លះបង់​ជីវិត ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។ ម្យ៉ាងទៀត​វិមាន​នេះ ក៏​ជា​និមិត្តរូប​នៃ​សុខសន្តិភាពដែល​កម្ពុជា​ ទទួល​បាន​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​។ ​ជាងនេះទៀត ​វិមាន​នេះនឹង​ក្លាយ​ជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។

រូបចម្លាក់​សម្រាប់​ដាក់​តាំងនៅ​ក្នុង​វិមាន​នេះ ​គឺ​បាន​ឆ្លាក់រួចរាល់​ហើយ​ដែល​នៅ​តាម​ជញ្ជាំង​ជាន់​ផ្ទាល់​ដី ជុំវិញ​បរិវេណ​វិមាន​ឈ្នះ-​ឈ្នះ ​ដែល​រូបចម្លាក់​នេះ ​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ​ប៉ុល​ ពត កាលពី​ថ្ងៃទី​២០​ ខែមិថុនា​ឆ្នាំ​១៩៧៧​ របស់​សម​មិត្ត ហ៊ុន សែន ​និង​សម​មិត្ត​មួយ​ចំនួនទៀត​ ទៅកាន់​ប្រទេស​វៀតណាម​ ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​។ រួមទាំង​រូបចម្លាក់​ជាច្រើន​ទៀត ដែល​នឹង​កំពុងឆ្លាក់​ដាក់​នៅ​លើ​វិមាន​ឈ្នះ​ឈ្នះ​ដូចជា​រូបចម្លាក់​ហង្ស រូប​គ្រុឌ និងរូប​ដំរី​ក្បាល​បី ​បន្ទាប់ពី​រូប​នាគ និង​រូប​តោ ​ត្រូវ​បាន​ដាក់​ជា​បន្តបន្ទាប់​នៅ​លើ​វិមាន​ឈ្នះ​-ឈ្នះ​នេះ​៕