(ភ្នំពេញ)៖ ចាប់ពីដើមខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ កម្លាំងនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យរថយន្តគ្រប់ប្រភេទ តាមដងផ្លូវជាតិនានា រួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ដើម្បីចូលរួមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោកឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងទៀតថា យុទ្ធនាការទ្រង់ទ្រាយធំលើកនេះ នឹងធ្វើឡើងដើម្បីជំរុញការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពិសេសសំដៅលើការត្រួតពិនិត្យបណ្ណបើកបរយាន្តយន្ត នៅតាមដងផ្លូវសាធារណៈឲ្យស្របតាមច្បាប់កំណត់។ លោកថា ករណីអ្នកដែលអ្នកបើកបរ បើកបរដោយគ្មានបណ្ណបើកបរ ត្រូវពិន័យតាមមាត្រា៧៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវបើកបរដោយយកមកជាមួយនូវបណ្ណបើកបរ និងបើកបរកុំឲ្យខុសប្រភេទយាន្តយន្ត។ លោកបន្តថា ការពិន័យនេះសម្រាប់តែរថយន្តធុនស្រាល និងធុនធ្ងន់ និងបានកម្រិតចាប់ពី៤០ម៉ឺនរៀល ដល់៨០ម៉ឺនរៀល ដែលជាកម្រិតប្រាក់មួយមានទំហំធំធេងណាស់ ហេតុនេះត្រូវធ្វើយ៉ាងណា កុំឲ្យល្មើសឲ្យសោះ។

សូមជម្រាបថា យោងតាមមាត្រា១០ នៃអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា ត្រូវពិន័យអន្តរការណ៍ ចំពោះអ្នកបើកបរយាន្តយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរ ត្រូវបានដកហូត ឬព្យួរទុក ឬទុកជាមោឃៈ ដូចតទៅ៖ ចំនួនទឹកប្រាក់៤០ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល និងចំនួនទឹកប្រាក់ ៨០ម៉ឺនរៀល សម្រាប់រថយន្តធុនធ្ងន់៕