(ឧត្តរមានជ័យ)៖ មន្ត្រីកាំកុងខេត្តមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយ និងអាជ្ញាធរ រួមនិងសមត្ថកិច្ចស្រុកត្រពាំងប្រសាទ​ បានចុះត្រួតពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងផ្សារត្រពាំងប្រសាទ ​ដែលស្ថិតក្នុងស្រុកត្រពាំងប្រាសាទ​ ខេត្តឧ​ត្ដរមានជ័យ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងការចុះត្រួតពិនិត្យ​នោះ មន្ត្រីកាំកុងត្រូលខេត្តឧត្តរមានជ័យ បានផ្តោតទៅលើគ្រឿងឧ​បភោគបរិភោគជាច្រើនមុខ រួមទាំងភេសជ្ជៈនានាមួយចំនួនទៀត ដែលបានដាក់តាំងលក់នៅក្នុង ផ្សាត្រពាំងប្រាសាទទាំងមូល ក្រោយពីមន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យ ហើយបានធ្វើការស្វែងរកឃើញនូវគ្រឿងឧបភោគ​បរិភោគមួយចំនួន ដែលហួសកាលបរិច្ឆេទ​។

ជាលទ្ធផល មន្ត្រីកាំកុងត្រូលរកឃើញទំនិញហួសគុណភាព និងហួសកាលបរិច្ឆេ​ទប្រើប្រាស់ រួមមាន៖ ទឹកក្រូចថៃចំនួន៤១ដប​ តែអូអិឈិ១២ដប​ សណ្ដែក៣០ប្រអប់តូច​ និងស្ករគ្រាប់១កញ្ចាប់ ហើយបានធ្វើការដកហូតដើម្បីយកទៅកម្ទេចចោល។

ក្រៅពី​នេះ មន្ដ្រីកាំកុងត្រូលបានអប់រំណែនាំឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង ហើយរាល់ទំនិញដែលទិញមក​លក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់លាស់​ ពិសេសកុំទិញទំនិញបាតឃ្លាំងដែលគេស្តុប​ទុកចោលរាប់ឆ្នាំយកមកលក់បន្ត។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវបន្តឲ្យប្រជា​ពលរដ្ឋ មុននឹងទិញទំនិញអ្វីមួយត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់ មុនយកមកបរិ​ភោគពីព្រោះបើយើងមិនបានពិនិត្យ​ ឲ្យបា​ន​ច្បាស់លាស់នោះទេវា និងអាប៉ះពាល់ដល់សុខភាពក្រោយពេលដែលយើងបរិភោគហើយ៕