(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯក លឿង គឿង (Luong Cuong) ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាម ជួបសំដែងការគួរសមនៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា ក្នុងជំនួបនោះ លោក លឿង គឿង បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទីមួយហើយ ដែលលោកបានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម មកកាន់រកម្ពុជា។

លោក លឿង គឿង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត និង​ទទួលបានតំណែងដឹកនាំប្រទេសបន្តទៅទៀត។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ។

ក្នុងជំនួបនេះ លោក លឿង គឿង ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោពីដំណើរដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។ លោកថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ៧០ និងបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ នាង ផាត។

លោក លឿង គឿង បានអះអាងថា តាមរយៈជំនួបនេះភាគីទាំងពីរបានរួមគ្នាវាយតម្លៃពីស្ថានភាពនយោបាយ លើពិភពលោក ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាការវាយតម្លៃពីសក្តានុពល និងការប្រឈមទាំងឡាយ និងរួមគ្នាពង្រឹងមិត្តភាព ដើម្បីធ្វើយ៉ាងណារក្សាឲ្យបានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍ​ធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ៕