(ភ្នំពេញ)៖ លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ (គ.ជ.វ.ទ.) តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត បានអញ្ជើញដឹកនាំសិក្ខាសាលា ពិគ្រោះយោបល់បច្ចេកទេស លើសេចក្ដីព្រាងស្ដីពី «ស្ដង់ដាតូបលក់អាហារចល័តកម្ពុជា-Cambodia street Food និងស្ដង់ដាទីកន្លែង លក់ម្ហូបអាហារចល័តកម្ពុជា-Cambodia food Street»

សិក្ខាសាលានេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រុមការងារវាយតម្លៃទីក្រុងស្អាត រាជធានី-ខេត្ត, មន្ត្រីរាជការក្រសួងទេសចរណ៍, មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានី-ខេត្ត, និងប្រតិបត្តិករម្ចាស់មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ ប្រមាណជា៣០០នាក់។

លោក ណេប សាមុត បានជម្រាបជូនអង្គពិធី អំពីការយកចិត្តទុកដាក់ រៀបចំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ «សេវាកម្មមួយ ស្ដង់ដាមួយ» ដែលបានដាក់ចេញដោយ លោកបណ្ឌិត ថោង ខុន ដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវ ធ្លាប់មកកម្សាន្ត ឱ្យមកម្ដងទៀត (Repeated traveler destination) និងចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត។

ថ្លែងក្នុងសិក្ខាសាលានោះ លោក ណេប សាមុត បានបញ្ជាក់ថា សេចក្ដីព្រាងស្ដង់ដាតូបលក់អាហារចល័តកម្ពុជា ត្រូវបានសិក្សា និងបែងចែងជាពីរផ្នែក រួមមាន៖

១៖ សម្រាប់ទីកន្លែងលក់ម្ហូបអាហារតាមដងផ្លូវ មានសូចនាករ​គោលចំនួន៣គឺ៖ សូចនាករគោល ស្ដីពីទីតាំងសម្រាប់បម្រើ ជាទីកន្លែងដាក់លក់ម្ហូបអាហារតាមដងផ្លូវ, សូចនាករគោលសេវាកម្ម និងការតុបតែង, និងសូច​នា​ករ​គោល នៃសន្ដិសុខនិងសុវត្ថិភាព។ សូចនាករគោលទាំង៣នេះ ត្រូវបានបែងចែកបន្តជា ២៨លក្ខណៈវិនិច្ឆ័យស្មើនឹង​ពិន្ទុសរុប​ចំនួន ៣៤២​ពិន្ទុ​។

២៖ សម្រាប់តូបលក់អាហារចល័ត មានសូចនាករគោលចំនួន៤គឺ៖ សូចនាករគោល នៃទីតាំងលក់អាហារ និងលក្ខណៈសម្បត្តិម្ចាស់/អ្នកលក់ដូរ, សូចនាករគោលសេវាកម្ម និងការតុបតែង, សូចនាករគោលអនាម័យ និងភាពស្អាត, និងសូច​នា​ករ​គោល នៃសន្ដិសុខ និងសុវត្ថិភាព។ សូចនាករគោលទាំង៤នេះ ត្រូវបានបែងចែកបន្តជា ៤០លក្ខណវិនិច្ឆ័យ ស្មើនឹង​ពិន្ទុសរុប​ចំនួន ២៨៦​ពិន្ទុ​។

លោក ណេប សាមុត បានគូសបញ្ជាក់ថា ទីកន្លែង ឫវិថីលក់ម្ហូបអាហារតាមដងផ្លូវ និងតូបលក់អាហារចល័ត ត្រូវបានបែងចែកជា ៥កម្រិតគឺ៖

*ថ្នាក់​ផ្កាយ១​ (កម្រិតថ្នាក់ទាបជាងគេ) នឹងត្រូវប្រគល់ជូនជ័យលាភី ដែលទទួលបាន​ពិន្ទុ​ចន្លោះពី៤០% ឡើងទៅនៃ​ពិន្ទុសរុប។

*ថ្នាក់ផ្កាយ២ ត្រូវប្រគល់ជូនជ័យ​លាភី​ ដែល​ទទួលបាន​ពិន្ទុ​ចន្លោះពី៥០% ឡើងទៅនៃ​ពិន្ទុសរុប។

*ថ្នាក់ផ្កាយ៣​ ត្រូវ​ប្រគល់ជូនជ័យលាភី ដែលទទួលបាន​ពិន្ទុ​ចន្លោះពី៦០% ឡើងទៅនៃ​ពិន្ទុសរុប។

*ថ្នាក់ផ្កាយ៤ ត្រូវប្រគល់ជូនជ័យលាភី ដែលទទួលបាន​ពិន្ទុ​ចន្លោះ​ពី​៧០% ឡើងទៅនៃ​ពិន្ទុសរុប។

*ថ្នាក់ផ្កាយ៥ (កម្រិតថ្នាក់ខ្ពស់ជាងគេ) នឹងត្រូវ​ប្រគល់​ជូន​ជ័យលាភី ដែលទទួលបាន​ពិន្ទុ​ចន្លោះពី៨០% ឡើងទៅនៃ​ពិន្ទុសរុប។

អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ ជ័យលាភី នឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ចំណាត់ថ្នាក់ និងផ្លាកសញ្ញា​ចំណាត់ថ្នាក់ ទៅតាមកម្រិត​​ចំណាត់ថ្នាក់ ដែល​ទទួលបានតាមរយៈលទ្ធផលនៃការ​វាយតម្លៃ៕