សភាពាណិជ្ជកម្ម៖ ពេលនេះ នៅខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី មានឱកាសដ៏ល្អ សម្រាប់ការដាក់ទុនវិនិយោគ (Video inside)

20-09-2024 16:28

(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី បានគូសបញ្ជាក់ថា នៅ តំបន់ភូមិភាគឦសាន្ត ដែលមានខេត្ដចំនួន៤រួមមាន៖ ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី នាបច្ចុប្បន្ននេះ គឺជាឱកាសដ៏ល្អ សម្រាប់អ្នកដាក់ទុកវិនិយោគ ដែលមានសក្ដានុពលល្អជាច្រើន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ សុទ្ធារិទ្ធ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ ពាណិជ្ជកម្ម នៅ តំបន់ភូមិភាគឦសាន្ត» ក្នុង FRESH BUSINESS។

ឆ្លើយតបនឹងសំនួរថា អ្វីជាឱកាសក្នុងការធ្វើមុខជំនួញ នៅតំបន់ភូមិភាគឦសាន្ត នាពេលបច្ចុប្ប ន្ន? លោកបានឆ្លើយថា «ពេលឥឡូវនេះ វាឱកាសល្អហើយ ដោយសារនៅកន្លែងនេះ កំពុងតែចាប់ផ្ដើម ដូច្នេះយើងអាចទៅមុនគេ អាចឆក់ឱកាសបានច្រើនជាងគេ»

លោក កែវ សុទ្ធារិទ្ធ បានលើកឡើងថា នៅតំបន់ភូមិភាគឦសាន្ត មានសក្ដានុពលជាច្រើន ប៉ុន្ដែហាក់ដូចជាមិនទាន់បានដឹងដល់អ្នកវិនិយោគ ដែលធ្វើឲ្យការវិនិយោគ ហាក់ដូចជានៅតិចតូចនៅឡើយ ដែលមិនទាន់មានការវិនិយោគច្រើន។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា បើនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ រឿងផ្លូវដឹកជញ្ជូន, រឿងច្បាប់ទម្លាប់ នៅតំបន់នោះ គឺមានអស់ហើយ ខណៈពលកម្មក៏មាន, ច្រកទ្វាអន្ដរជាតិក៏មានផងដែរ។

ទន្ទឹមគ្នានេះ លោក កែវ សុទ្ធារិទ្ធ ក៏បានលើកឡើងផងដែរថា បើសិនជាអ្នកវិនិយោគ តម្លើងរោងចក្រ ផ្នែកឧស្សាហកម្មសម្រាប់កែច្នៃ ផលិតផលវត្ថុធាតុដើម គឺជារឿងល្អ ដោយសារនៅតំបន់ភូមិភាគឦសាន្ត មានវត្ថុធាតុដើមជាច្រើន៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក កែវ សុទ្ធារិទ្ធ៖