មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ ដើម្បីជៀសវាងហានិភ័យ «ទិញផ្ទះ មិនបានផ្ទះ» សូមប្រជាពលរដ្ឋ កុំទិញគម្រោងបុរី ដែលគ្មានលិខិតអនុញ្ញាតសាងសង់ គ្មានអាជ្ញាបណ្ណលក់ និងប្លង់កម្មសិទ្ធិដីធ្លី (Video inside)
20-06-2025 15:47
(ភ្នំពេញ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ដើម្បីបញ្ចៀសហានិភ័យ «ទិញផ្ទះមិនបានផ្ទះ» រាល់អតិថិជន ដែលមានបំណងចង់ទិញផ្ទះនៅតាមគម្រោងបុរីនានា ត្រូវដឹងថាគម្រោងនោះមានលិខិតអនុញ្ញាតសាងសង់ មានអាជ្ញាបណ្ណលក់ និងបណ្ណប្លង់កម្មសិទ្ធិដីធ្លី បើមិនមានលិខិតទាំងបីនេះទេ បានន័យថា គម្រោងនោះមិនទាន់បានបំពេញគ្រប់លក្ខណ្ឌច្បាប់ ឬជាគម្រោងមិនទាន់ស្របច្បាប់ ដែលអាចនឹងកើតមានហានិភ័យជាយថាហេតុណាមួយ។
លោកបានគូសបញ្ជាក់ថា ដើម្បីអាចដឹងថា គម្រោងនោះមានលិខិតអនុញ្ញាត ឬអត់ អ្នកទិញត្រូវសាកសួរព័ត៌មានពីម្ចាស់គម្រោង បើសិនជា ម្ចាស់គម្រោងនោះមានការលាក់បាំង សូមកុំទិញឱ្យសោះ ព្រោះវាអាចមានហានិភ័យផ្សេងៗ ដូចជាបណ្ណកម្មសិទ្ធិនោះជារបស់អ្នកផ្សេង ឬបណ្ណកម្មសិទ្ធិកំពុងដាក់បញ្ចាំនៅតាមធនាគារជាដើម។ ហើយជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចសួរក្រសួងពាក់ព័ន្ធបានផងដែរ។
លោកបានគូសបញ្ជាក់ថា បើទោះបីជាគម្រោងនោះសាងសង់ជិតរួចហើយក៏ដោយ ប្រសិនបើគម្រោងនោះមិនទាន់មានលិខិតអនុញ្ញាតសាងសង់ គួរតែកុំទិញល្អជាង ហើយក្នុងករណីដែលប្រជាពលរដ្ឋទៅទិញ ក្នុងគម្រោងដែលគ្មានលិខិតអនុញ្ញាតសាងសង់ កុំបន្ទោសក្រសួង ព្រោះបុរីទាំងនោះសាងសង់ឡើងមិនទាន់ស្របច្បាប់។
លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទិញគម្រោងបុរីស្របច្បាប់ ព្រោះបច្ចុប្បន្នមានគម្រោងបុរីជាច្រើន ដែលគេធ្វើស្របច្បាប់ ដែលអតិថិជន ទិញហើយទទួលបានផ្ទះចូលរស់នៅ យ៉ាងសុខសប្បាយ។
លោក ថេង ច័ន្ទសង្វារ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់»៕
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ថេង ច័ន្ទសង្វារ៖