អ្នកឧកញ៉ា លាង ម៉េង ប្រកាសពីការគាំទ្ររបស់ធនាគារ ជីប ម៉ុង ជួយដល់ម្ចាស់អាជីវកម្ម ដែលចង់បង្កើនការផលិតទំនិញ ជំនួសការនាំចូលពីក្រៅប្រទេស តាមរយៈការផ្តល់គំនិត និងប្រាក់កម្ចី (Video inside)
18-07-2025 10:35
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ ជីប ម៉ុង បានលើកឡើងថា ធនាគារ ជីប ម៉ុង នឹងជួយគាំទ្រដល់ម្ចាស់អាជីវកម្មទាំងឡាយណា ដែលចង់បង្កើនការផលិតទំនិញរបស់ខ្លួន ជំនួសការនាំចូលពីក្រៅប្រទេស តាមរយៈការផ្តល់ប្រាក់កម្ចី និងគំនិតអាជីវកម្ម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លាង ម៉េង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការឥណទានធនាគារ ជីប ម៉ុង ជំរុញបរិយាកាសជំនួញនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំថ្នាក់ដឹកនាំកំពូលបំផុត របស់ធនាគារ ជីប ម៉ុង សូមគាំទ្រពេញទំហឹង និងផ្ដល់ជាធាតុចូល ផ្ដល់ជាចំណេះដឹង ជូនដល់បងប្អូនអាជីវករ ដែលចង់ងាកមកផលិតរបស់ខ្លួនគាត់ ខ្ញុំអាចជួយផ្សារភ្ជាប់ពីកន្លែងដែលចង់ធ្វើ ដើម្បីធ្វើជាគន្លឹះ»។
លើសពីនោះទៀត អ្នកឧកញ៉ា លាង ម៉េង បានឲ្យដឹងថា ធនាគារ ជីប ម៉ុង ក៏ចង់ផ្ដល់ឥណទានមួយ ដែលចំគោលដៅដល់អាជីវករ មានជំនាញបទពិសោធន៍ ក្នុងការរកស៊ី និងដឹងអំពីការផ្លាស់ប្ដូរអាជីវកម្ម ក្នុងការរកទីផ្សារ ដើម្បីវិនិយោគទៅ មានផលចំណេញ និងចំគោលដៅ។
អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា បើបងប្អូនអាជីវករ ដែលចង់មានគំនិត ចង់បង្កើតសិប្បកម្ម ឬអាជីវកម្មខ្នាតតូច ក្នុងការផលិតផលិតផលមួយ ធនាគារ ជីប ម៉ុង អាចចូលរួមគាំទ្រ ទាំងផ្នែកអាជីវកម្ម ទាំងការផលិត ទាំងការផ្ដល់គំនិត និងការផ្ដល់ឥណទាន៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លាង ម៉េង៖