កម្ពុជាបើកជើងហោះហើរត្រង់ភ្ជាប់ប្រាសាទអង្គរវត្តនៃសៀមរាប ទៅកាន់ទីក្រុងសិនជិន របស់ចិន
18-07-2025 10:49
(សៀមរាប)៖ ជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្ទុកអ្នកដំណើរពេញយន្តហោះ។
ព្រឹត្តិការណ៍សម្ភោធជើងហោះហើរត្រង់លើកដំបូងរវាងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ត្រូវបានរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការបាញ់ទឹក ដើម្បីអបអរទទួលស្វាគមន៍ ពីសំណាក់លោក ជា អូន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ខេត្តសៀមរាប ត្រូវបានស្គាល់យ៉ាងច្បាស់តាមរយៈភាពល្បីល្បាយ របស់ប្រាសាទអង្គរវត្ត គឺជាទិសដៅដ៏ពេញនិយមមួយ របស់ទេសចរជនជាតិចិន ដែលពីមុនទេសចរចិនចង់មកលេងទីនេះ តំរូវឆ្លងកាត់តាមរាជធានីភ្នំពេញ ព្រោះកង្វះជើងហោះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្តសៀមរាប ។
ការតភ្ជាប់ជើងហោះហើរត្រង់នេះ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ផងដែរ។
អ្នកដំណើរទាំងអស់ អាចធ្វើដំណើរជើងហោះហើរត្រង់នេះ រៀងរាល់សប្តាហ៍ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320/A321ចេញដំណើរពីខេត្តសៀមរាប ទៅទីក្រុងសិនជិន ជារៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ២១៖៣០នាទីយប់ និងត្រឡប់ពីក្រុងសិនជិន មកខេត្តសៀមរាបវិញនៅម៉ោង ០៦៖២០ព្រឹកថ្ងៃសុក្រ
។ ការធ្វើដំណើរចំណាយពេលហោះហើរប្រមាណជា ២ម៉ោងកន្លះ ក្នុងមួយជើង និងក្រុមហ៊ុនផ្តល់ ជូននូវសេវាកម្មពីរប្រភេទ ជូនអ្នកដំណើរដោយរួមមាន ថ្នាក់ធុរកិច្ច (Business class) និង ថ្នាក់ធម្មតា (Economy class)។
សូមជម្រាបថា បច្ចុប្បន្នជើងហោះហើរចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើងក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ១,៣០០នាក់ ទៅ ១,៥០០នាក់ក្នុងនោះ៖
ជើងហោះហើរអន្តរជាតិ៖
* មកពីប្រទេសថៃ សរុប ០៥ ជើង ក្នុងមួយថ្ងៃ រួមមាន៖
- បាងកក-សៀមរាប មាន ០៣ជើង/ថ្ងៃ ហោះហើរដោយក្រុមហ៊ុន Bangkok Airways
- ដនមឿង-សៀមរាប មាន ០២ ជើង/ថ្ងៃ ហោះហើរដោយក្រុមហ៊ុន Thai Air Asia
* មកពីប្រទេសវៀតណាម សរុប ០៥-០៦ជើង ក្នុងមួយថ្ងៃ រួមមាន៖
- ហូជីមិញ-សៀមរាប មាន ០៣ ជើង/ថ្ងៃ ដោយក្រុមហ៊ុន Air Cambodia , Vietnam Airlines
- ហាណូយ-សៀមរាប មាន ០២ជើង/ថ្ងៃ ដោយក្រុមហ៊ុន VietJet Air, Vietnam Airlines, Air Cambodia
- ដាណាង-សៀមរាប មាន ០៣ ជើង/សប្ដាហ៍ ដោយក្រុមហ៊ុន Air Cambodia
* មកពីប្រទេសសិង្ហបុរី (សិង្ហបុរី-សៀមរាប) មាន០១-០២ជើង/ថ្ងៃ ហោះហើរដោយក្រុមហ៊ុន Singapore Airlines
* មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប) មាន០១ជើង/ថ្ងៃ ហោះហើរដោយក្រុមហ៊ុន Air Asia Cambodia
* មកពីប្រទេសចិន (គួនមីង-សៀមរាប) មាន ០៣ជើង/សប្ដាហ៍ ហោះហើរដោយក្រុមហ៊ុន China Eastern
* មកពីប្រទេសអារ៉ាប់រួម (ឌូបៃ-បាងកក-សៀមរាប) មាន ០៣ជើង/សប្ដាហ៍ ហោះហើរដោយក្រុមហ៊ុន Emirates Airlines
ជើងហោះហើរក្នុងស្រុករួមមាន៖
* ភ្នំពេញ-សៀមរាប មាន០១-០២ជើង/ថ្ងៃ ហោះហើរដោយក្រុមហ៊ុន Air Cambodia , Air Asia Cambodia
* ព្រះសីហនុ-សៀមរាប មាន ០១ជើង/ថ្ងៃ ហោះហើរដោយក្រុមហ៊ុន Air Cambodia
នៅឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១ ៩១៧ ០៥០នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១ ៣៩៥ ១០០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង៨.៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ៥២១ ៩៥០នាក់៕