យល់ដឹងពីជំនួញ៖ ​អ្នកឧកញ៉ា លាង ម៉េង លើកឡើងថា បើចង់ឱ្យផលិតខ្មែរប្រកួតជាមួយគេបាន អ្នកផលិតត្រូវគិតពីការផលិតទំនិញ​​ផ្តល់ផលចំណេញតិច ​ប៉ុន្តែលក់ចេញច្រើន (Video inside)

20-07-2025 08:46

(ភ្នំពេញ)៖​ កត្តាជាតិនិយម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែប្រើប្រាស់ផលិតផលនាំចូល ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកវិញ។ អ្នកជំនាញជាច្រើន យល់ថា នេះគឺជាឱកាស​ដែលសហគ្រាស សិប្បកម្មនៅកម្ពុជា គួរបង្កើនការផលិតដើម្បី ជំនួសទំនិញនាំចូល។ យ៉ាងនេះក្តី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារជីប ម៉ុង ដែលជាអ្នកជំនួញលេចធ្លោ និងល្បីឈ្មោះមួយរូបនៅកម្ពុជា លើកឡើងថា បើទោះបីជា ប្រជាពលរដ្ឋខ្មែរមានជាតិនិយម គាំទ្រផលិតផលខ្មែរក៏ដោយ ប៉ុន្តែប្រសិនផលិតផលនោះ មិនមានគុណភាព ឬតម្លៃខ្ពស់ពេក ក៏គេពិបាកគាំទ្រដែរ ហេតុដូច្នេះហើយ លោកចង់ឱ្យបណ្តាអ្នកផលិត ម្ចាស់សហគ្រាស សិប្បកម្ម ត្រូវពីគិតថា ទំនិញដែលបានផលិតអាចនឹងផ្តល់ផលចំណេញតិច ​ប៉ុន្តែអាចលក់ចេញក្នុងបរិមាណច្រើន នោះនឹងអាចទូទាត់ជាមួយនឹងការចំណាយថ្លៃដើមបាន។ លោកបានពន្យល់ថា​ ទាល់តែធ្វើឱ្យធំ ទើបអាចប្រកួតជាមួយប្រទេសជិតខាងបាន បើធ្វើតូច យើងម៉េច នឹងលក់ជាមួយគេបាន ពោលគឺត្រូវគិតពីតម្លៃទំនិញស្រុកមានតម្លៃលក់ចេញ ស្មើនឹង ឬប្រហាក់ប្រហែលនឹងថ្លៃដើមនៃទំនិញដែលបាននាំចូល​ នោះទើបអាចប្រកួតប្រជែងគ្នាបាន។ ជារួម ដើម្បីអាចប្រកួតប្រជែងជាមួយគ្នាបាន អ្នកផលិតក្នុងស្រុក ត្រូវគិតពីកត្តាបីចំណុច គឺគុណភាព រសជាតិ និងតម្លៃ។ លោកបន្ថែមថា «ខ្ញុំនៅតែគាំទ្រ និងសូមឱ្យបងប្អូនអាជីវកម្មធុនតូច សហគ្រិន សិប្បកម្មទាំងអស់ ត្រូវ​មើលឱ្យឃើញរបស់អីគេដែលសំខាន់ ដើម្បីយើងវិនិយោគទៅ យើងអាចមកផ្គត់ផ្គង់ហើយ យើងអាចមកប្រកួតជាមួយគេបានទៀត។ហើយធនាគារជីប ម៉ុង នឹងផ្តល់កម្ចី ក្នុងអត្រាការប្រាក់សមរម្យមួយ»៕ ​សូមស្តាប់ការពន្យល់បន្ថែមរបស់អ្នកឧកញ៉ា លាង ម៉េង៖