ជំនួបជាមួយមន្ត្រីជាន់ខ្ពស់ CDC ក្រុមហ៊ុនចិនបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា ក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ
23-07-2025 12:34
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd.។
លោកអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជា មានការកើនទ្បើងគួរជាទីកត់សម្គាល់ ដោយប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។
លោកអគ្គលេខាធិការបានបន្តទៀតថា ដោយសារទំហំវិនិយោគរបស់ចិន មកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំផងដែរនោះ រាល់ជំនួបជាមួយគណៈប្រតិភូចិន លោកតែងតែស្នើដោយទទូច ឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្ម ឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
លោកស្រី លី ជៀ បានឱ្យដឹងថា ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២ ផងដែរនៅប្រទេសចិន។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជា ក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពល ក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
លោកស្រីប្រធានបានបញ្ជាក់បន្ថែមទៀតថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះ អាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានបង្ហាញនូវការស្វាគមន៍ ចំពោះគម្រោងដែលលោកស្រី លី ជៀបានលើកទ្បើង។ លោកអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និងពោត៕