ខ្សែបម្រើ Olsson របស់ស៊ុយអែត ត្រូវបានរកឃើញថា មានកំណកឈាមជាច្រើននៅក្នុងខួរក្បាល
08-03-2024 07:46
(មីដជូឡេន)៖ ខ្សែបម្រើសញ្ជាតិស៊ុយអែត Kristoffer Olsson ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានកំណកឈាមតូចៗជាច្រើន នៅក្នុងខួរក្បាលទាំងពីររបស់លោក ដែលនេះបណ្តាលមកពីការរលាកដ៏កម្រមួយ នៅក្នុងសរសៃឈាមខួរក្បាលរបស់លោក។ នេះបើយោងតាមការបញ្ជាក់ពីក្លិបដាណឺម៉ាក ដែលលោកលេង Midtjylland ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។
Olsson បានស្ថិតក្នុងមន្ទីរពេទ្យ និងដាក់ម៉ាស៊ីនជំនួយខ្យល់ដង្ហើម បន្ទាប់ពីកីឡាករវ័យ ២៨ឆ្នាំរូបនេះ បានសន្លប់នៅផ្ទះកាលពីខែមុន។ គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Aarhus University Hospital ជាកន្លែងដែលក្លិបបានឱ្យដឹងថា គាត់បានទទួលការស្កេន និងធ្វើតេស្តជាច្រើនលើកកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
«ស្ថានភាពរបស់ Kristoffer Olsson នៅពេលនេះ ត្រូវបានគេចាត់ទុកថា មានស្ថិរភាព ហើយវេជ្ជបណ្ឌិតបន្តតាមដានការវិវឌ្ឍថែមទៀត។ ស្របពេលជាមួយគ្នានោះដែរ ពួកគេមានអារម្មណ៍ថា កម្រិតស្មារតីរបស់កីឡាករ Kristoffer កំពុងមានការកើនឡើង»។ នេះបើតាមក្លិបបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍។
ក្លិបបានឱ្យដឹងកាលពីខែមុនថា ស្ថានភាពរបស់ Olsson មិនទាក់ទងនឹងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬក៏កត្តាខាងក្រៅនោះទេ។
សូមជម្រាបថា Olsson ដែលធ្លាប់លេងឱ្យក្រុមជម្រើសជាតិស៊ុយអែត ចំនួន ៤៧លើកនោះ បានចាប់ផ្តើមអាជីពក្នុងឈុតធំនៅក្លិប Arsenal ហើយក៏ធ្លាប់លេងឱ្យក្លិបស៊ុយអែត AIK និងក្លិបបែលហ្សិក Anderlecht ផងដែរ៕