Xpeng បង្កើនការជ្រើសរើសបុគ្គលិកដល់ ៨,០០០ នាក់ ផ្តោតលើ AI និងការបើកបរឆ្លាតវៃ
17-07-2025 08:07
(បរទេស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) លោក He Xiaopeng បាននិយាយនៅក្នុងសុន្ទរកថាផ្ទៃក្នុងមួយនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Xpeng គ្រោងនឹងជ្រើសរើសបុគ្គលិកបន្ថែមសម្រាប់ឆ្នាំ២០២៥ ដល់ ៨,០០០ នាក់ ពីផែនការដើម ៦,០០០ នាក់។ ប្រកាសនេះ បង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យរថយន្តអគ្គិសនីប្រទេសចិន ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សស្ទើរតែជុំវិញពិភពលោកកំពុងនាំគ្នាបញ្ឈប់បុគ្គលិក។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយនឹងការបន្ថែមបុគ្គលិកថ្មីនេះ ចំនួនកម្លាំងពលកម្មរបស់ Xpeng នឹងកើនឡើងជិត ៣០,០០០ នាក់ នៅក្នុងឆ្នាំនេះ។ ការកែសម្រួលផែនការជ្រើសរើសបុគ្គលិកនេះ គឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ Xpeng ក្នុងការវិនិយោគយ៉ាងខ្លាំងក្លាទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ជាពិសេសនៅក្នុងវិស័យ ការបើកបរឆ្លាតវៃ (smart driving)។ ក្រុមហ៊ុនបានបញ្ជាក់ថា តម្រូវការបុគ្គលិកថ្មីភាគច្រើនគឺសម្រាប់ជំនាញផ្នែក គំរូ AI ខ្នាតធំ (large artificial intelligence models) ដែលជាឆ្អឹងខ្នងនៃប្រព័ន្ធបើកបរស្វយ័តទំនើបរបស់ពួកគេ។
គួរជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុន Xpeng កំពុងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ចំនួន ៣០ ហើយមានបំណងពង្រីកវត្តមានសកលរបស់ខ្លួនទៅកាន់ទីផ្សារជាង ៦០ នៅចុងឆ្នាំ២០២៥។ ការបង្កើនកម្លាំងពលកម្មនេះនឹងជួយគាំទ្រដល់យុទ្ធសាស្ត្រកំណើនប្រកបដោយមហិច្ឆតារបស់ Xpeng ក្នុងការឈានមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងបច្ចេកវិទ្យាឆ្លាតវៃ៕