(ភ្នំពេញ)៖ ក្រុមហ៊ុនចែកចាយប្រេង ឥន្ធនៈនៅកម្ពុជា បានបន្តទម្លាក់តម្លៃរបស់ខ្លួនទៀតហើយ ក្នុងនោះក្រុម ហ៊ុន SOKIMEX និង TELA មានតម្លៃ ត្រឹម ៣៩០០រៀលក្នុងមួយលីត្រ PTT ៤.០៥០រៀល ខណៈតម្លៃប្រេង SAVIMEX និង LHR តម្លៃទាបជាងគេគឺ SAVIMEX ៣.៥០០រៀលក្នុង១លីត្រ, LHR ៣៣០០ក្នុង ១លីត្រ នេះបើយោងតាមការចេញផ្សាយរបស់គេហ ទំព័រក្រសួងពាណិជ្ជកម្ម។

យោងតាមការចេញផ្សាយតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន​ ចាន់ថុល បានអញ្ជើញតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ​នៅកម្ពុជា ជួបប្រជុំគ្នាជាលើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមអំពីតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន និង បញ្ហាប្រឈមនានា។

ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលរួមជជែកពិភាក្សានោះរួមមាន៖ ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, SAVIMEX និងក្រុមហ៊ុន LHR។

ក្នុងជំនួបពិភាក្សាទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ លក់រាយរបស់ខ្លួនក្រោម ៤០០០រៀល ក្នុងមួយលីត្រ ឲ្យស្របទៅនឹងថ្លៃប្រេងពិភពលោក ដើម្បីធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរ។

ឆ្លើយតបទៅនឹងសំណើ តំណាងក្រុមហ៊ុន SOKIMEX និង TELA បានសម្រេចបញ្ចុះថ្លៃ ប្រេងសាំងធម្មតាពី ៤០០០រៀល មកនៅ ៣៩០០រៀល ក្នុងមួយលីត្រ, ក្រុមហ៊ុន PTT បញ្ចុះមកនៅ ៤០៥០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។

បើតាមព័ត៌មានដែលចេញផ្សាយគេហទំព័រក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ទាំងអស់ នឹងបន្តជួបប្រជុំគ្នាជារៀងរាល់ ១០ថ្ងៃម្តង ដើម្បីពិនិត្យ មើលបន្ថែមទៀត លើថ្លៃប្រេងឥន្ធនៈ ដើម្បីធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ តម្លៃ ប្រេងដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈធំៗទាំង ៧ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ បានធ្វើការបញ្ចុះតម្លៃប្រេង ពី តម្លៃជាង ៥ពាន់រៀល មកនៅត្រឹមជាង ៤ពាន់រៀល។ ក្នុងនោះក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និង សាវីមិច បានបញ្ចុះតម្លៃប្រេងសាំងពី ៥០៥០រៀល មកនៅត្រឹម ៤៧៥០រៀល។ ប្រេង ម៉ាសូត បញ្ចុះតម្លៃពី ៤៧៥០រៀល មកនៅ ៤៥០០រៀល។ ក្រុមហ៊ុនតូតាល់ ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥០៥០រៀល មកនៅ ៤៨៥០រៀល ។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤៧៥០រៀល មកនៅ ៤៦០០រៀល។ ក្រុមហ៊ុនកាល់តិច ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥០៥០រៀល មកនៅ ៤៨០០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤៧៥០រៀល មកនៅ ៤៥៥០រៀល ។

ដោយឡែកក្រុមហ៊ុន សាវីមិច បញ្ចុះតម្លៃច្រើនជាងគេ ពោលបានបញ្ចុះតម្លៃប្រេងសាំងពី ៥០៥០រៀល មកនៅ ៤.៤៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤៧៥០រៀល មកនៅ ៤៣៥០រៀល ៕