(ភ្នំពេញ)៖ អ្នកនាង ស្រីតូច ចំណាន បន្ទាប់ពីអត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយា​លួចលាក់​មិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំកន្លងមក ពេលនេះក្ដីស្រមៃដែលកើតចេញពីការ​អត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់នេះ បានទទួលផ្លែផ្កាហើយដោយនៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​នេះ នាងបានដឹកដៃស្វាមី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណី​ខ្មែរ​ហើយ ។ ប៉ុន្តែទន្ទឹមជាមួយគ្នានោះ ដែលទស្សនិកជនមិនបានដឹងច្បាស់ទេថា អតីតតារារូបនេះមាន​ជីវប្រវត្តិមកពីណា ហើយនាងបានហែលឆ្លងអ្វីខ្លះ ទម្រាំតែបានក្លាយជាភរិយារបស់មហាសេដ្ឋី​ល្បី​ឈ្មោះរូបនេះ។

អតីតតារាសម្តែងល្បីឈ្មោះ នាង ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន មានអាយុ ៣២ឆ្នាំ នាងកើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ ទីកន្លែងកំណើត នៅខេត្តស្វាយរៀង នាងមានឪពុកឈ្មោះ ម៉ៅ នី អាយុ ៦៥ឆ្នាំ មានមុខរបរជាមន្ត្រីកងយោធពលខេមរភូមិន្ទ ហើយម្តាយរបស់នាង មានឈ្មោះ គង់ សោម៉ា អាយុ៥៥ឆ្នាំ មុខរបរជាមេផ្ទះ ។

អ្នកនាង ស្រីតូច ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងដែល នាងស្រវ៉ាយកការច្រៀង តាមភោជនីយដ្ឋាន បន្ទាប់មក​នាង​ក៏មានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងកូដក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥ផងដែរ ។

ខណៈដែលការងារសិល្បៈរបស់នាង ហាក់មានភាពរីកចម្រើន ធ្វើឲ្យទស្សនិកជនស្គាល់នាងកាន់​តែច្រើន​រលូន ទៅមុខជាលំដាប់នោះ អតីតតារាសម្តែង និងជាពិធីការិនី សំឡេងផ្អែមស្រទន់ អ្នកនាង ស្រីតូច ចំណាន ក៏បានជួបរឿងអកុសលអាម៉ាសមុខមួយ ​គឺនាងត្រូវបានក្រុមការងារ ដើរជាន់ជាយរ៉ូប ធ្វើឲ្យរបូតក្នុងអំឡុងពេល ដែលនាងកំពុងតែធ្វើជាពិធីការិនីផ្សាយផ្ទាល់ ក្នុងកម្មវិធីមួយរបស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០០២-២០០៣ ដោយកាលនោះ នាងនៅមិនទាន់​មានជីវភាពធូរធារប៉ុន្មានទេ ។

ក្រោយពីអតីតតារាស្រីល្បីឈ្មោះ មានដើមទ្រូងសិចស៊ី មូលក្លំពីធម្មជាតិ អ្នកនាង ស្រីតូច ចំណាន បានជួបរឿងអាម៉ាស់នេះហើយ នាងក៏បានផ្តាច់ខ្លួន ចេញពីសង្វៀនសិល្បៈ បាត់មុខសាបសូន្យ ដោយនាងឈប់ទទួលការងារនិងថត នៅក្នុងសិល្បៈតទៅទៀត។ លុះមួយរយៈក្រោយមក ទើបលេច​ឮព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយឧកញ៉ាក្មេងស្រុកខ្មែរ ម្នាក់ដែលមានប្រាក់​វាល់លានដុល្លារគឺឧកញ៉ា គិត ម៉េង។ តាមរយៈការស្រឡាញ់ និងយកទុកចិត្តពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ក៏បានរួមរស់សាងគ្រួសារ បែបលាក់លួចមានកូនចៅជាមួយ ស្រីតូច ចំណាន ហើយថែមទាំងចែក​រំលែករបររកស៊ីធំៗ ប្រគល់សិទ្ធិឲ្យនាងក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញមួយចំនួនបន្ថែមទៀត ។

ជាមួយនិងជីវិតឧត្តុង្គឧត្តមខ្ពង់ខ្ពស់នេះ ស្រីតូច ចំណាន ត្រូវបានគេចាត់ទុកថា ជាមនុស្សស្រី​ដែលសំណាង និងបានស្តាយសម្ពាយបុណ្យពីជាតិមុន ដោយនាងត្រូវបានគេហៅថា ជាសេដ្ឋីនីទាំង​វ័យក្មេងផងដែរ។ បន្ទាប់ពីនាងបានរស់នៅ ជាមួយអ្នកឧកញ៉ាមានកូនពូន ជាចៅមកនាងក៏ត្រូវបានស្វាមី សង់ភូមិគ្រឹះតម្លៃជាង១លានដុល្លារ នៅម្តុំទួលទំពូង សម្រាប់ជាទីជម្រកប្រចាំថ្ងៃ ដែលគេបានដឹងថា ភូមិគ្រឹះ​នោះត្រូវបានរៀបចំការសាងសង់ និងតុបតែងលម្អយ៉ាងផ្ចិតផ្ចង់បំផុត ជាមួយនឹងគ្រឿងសង្ហារឹម​ប្រណីតៗ កាលពីអំឡុងឆ្នាំ២០១២ ក្រៅពីនោះគេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡា​តម្លៃ​មិនតិចទេ នៅឯបរទេស ដែលគេដឹងថា នៅប្រទេសស៊ីវិល័យ សឹង្ហបុរី ផងដែរ។

ក្នុងជីវិតសេ្នហារវាង អ្នកឧកញ៉ាសម្បូរទ្រព្យ មានកេរ្តិ៍ឈ្មោះល្បី និង ស្រីតូច ចំណាន គេចាត់ទុកថា ជាស្នេហាដែលផ្អែមល្ហែម មានសុភមង្គលខ្លាំងណាស់ ដោយអ្នកឧកញ៉ាបានផ្តល់តម្លៃ ឲ្យនាងយ៉ាងខ្ពស់ ស្រលាញ់ថ្នាក់ថ្នមនាងយ៉ាងខ្លាំង អស់ពេលជាង១០ឆ្នាំហើយ មិនតែប៉ុណ្ណោះគិតរហូតមកដល់ថ្ងៃ​ចូលរោងការនេះ អ្នកទាំងពីរបានទទួលចំណងដៃអាពាហ៍ពិពាហ៍ ដោយផ្តល់កំណើតកូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់៕