(ភ្នំពេញ)៖ មន្រ្តីយោធានៃទីបញ្ជាការដ្ឋានកងទ័ពជើងគោកចំនួន ៨៩នាក់ បានបញ្ចប់នូវការសិក្សាលើជំនាញស៊ើបការណ៍ និងស្រាវជ្រាវដោយជោគជ័យ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺនរយៈពេល ៣១ថ្ងៃ។ ពិធីបិទវគ្គហ្វឹកហ្វឺនលើជំនាញស៊ើបការណ៍ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកពេជ្រនិល ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកវរៈសេនីយ៍ឯក ថាច់ ច័ន្ទតារា នាយរងការិយាល័យទី២ កងទ័ពជើងគោក បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ស្រាវជ្រាវមានរយៈពេល ៣១ថ្ងៃនេះ បានធ្វើការហ្វឹកហ្វឺនលើខ្លឹមសារលំហាត់របៀប វិន័យយោធារួម ឋានលេខា ក្រុមស៊ើបការណ៍ដាក់ប៉ុស្តិ៍សង្កេតការណ៍ ក្រុមស៊ើបការពួនស្ទាក់ តួនាទីភារកិច្ចរបស់ការិយាល័យទី២ ការជ្រើសរើសប្រើប្រាស់ភ្នាក់ងារ ទំនាក់ទំនងប្រមូលព័ត៌មាន បច្ចេកទេសឯកសារ ចាត់តាំងបង្ហាញវិទ្យុទាក់ទង សរុបព័ត៌មាន វរៈសេនាតូចថ្មើរជើងការពារទីតាំង វាយលុកតំបន់ព្រៃភ្នំ និងការងារអប់រំចិត្តសាស្ត្រ។ វគ្គហ្វឹកហ្វឹននេះមានកម្មសិក្សាការីចំនួន ៨៩នាក់។ លទ្ធផលបញ្ចប់ដោយជោគជ័យ ក្នុងនោះទទួលបាននិទ្ទេសល្អ ៤៧នាក់ ល្អបង្គួរ ២០នាក់ និងមធ្យម ៥នាក់ ។

នាយឧត្តមសេនីយ៍ មាស សុភា បានសម្តែងការកោតសរសើរ ចំពោះការិយាល័យទី២ ដែលបានខិតខំសហការជាមួយបណ្តាស្ថាប័នជំនាញ ធ្វើឲ្យវគ្គហ្វឹកហ្វឺនបំប៉នជំនាញស្រាវជ្រាវ ស៊ើបការណ៍បានដំណើរការប្រកបដោយជោគជ័យ។

នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ថា ជំនាញស៊ើបការណ៍ គឺជាការផ្តល់ព័ត៌មានស្រាវជ្រាវព័ត៌មាន ស្រាវជ្រាវព័ត៌មានចម្រាញ់ និងវិភាគព័ត៌មាន ដើម្បីវាយតម្លៃសភាពការណ៍ និងប្រមូលផ្តុំលទ្ធផល ជូនមេបញ្ជាការ ដែលអាចនិយាយបានថា ការងារនេះជាផ្នែកមួយ នៃការងារសេនាធិការ។

មេបញ្ជាការកងទ័ពជើងគោករូបនេះ បានគូសបញ្ជាក់ប្រាប់កម្មសិក្សាការីថា វគ្គបំប៉នការងារស្រាវជ្រាវស៊ើបការណ៍ ធ្វើឡើងដើម្បីលើកកំពស់ស្មារតីអនុវត្តន៍ភារកិច្ចជំនាញ ឲ្យបានចំទិសដៅល្អប្រសើរ តាមរយៈការពង្រឹងនូវសមត្ថភាពបង្កើនចំណេះដឹង ស្របតាមសភាពការណ៍ប្រទេសជាតិ ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ ឈានទៅរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ រួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ វគ្គហ្វឹកហ្វឺនបំប៉ននេះ ក៏ជាការជំរុញបង្កើនសមត្ថភាពពង្រឹងខ្សែរយៈជំនាញ ចាប់ពីថ្នាក់លើដល់មូលដ្ឋាន។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកជំនាញទៅបង្រៀនបន្តដល់មិត្តរួមអង្គភាព និងខិតខំស្រាវជ្រាវថែមទៀត បណ្តាឯកសារមានលក្ខណៈវិទ្យាសាស្ត្រតាមការវិវឌ្ឍនៃសង្គម។ ហើយត្រូវបន្តគោរពការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ពិសេសបន្តកសាងធនធានមនុស្ស បម្រើឲ្យជំនាញបានពិតប្រាកដ បន្តរួមគ្នាអនុវត្តន៍បទបញ្ជា៦ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងដើម្បីសន្តិភាព ស្ថេរភាពនយោបាយ និង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ រក្សាសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំជានិច្ច៕