(ភ្នំពេញ)៖ បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍ Bassaka Air បានចេញមកពន្យល់ថា ការទារប្រាក់បន្ថែម២៤០ដុល្លារ ពីលោកស្រី Rahma Elsiddig Gasm ជាជនពិការ ជនជាតិស៊ូដង់ ដើម្បីយកទៅឲ្យក្រុមហ៊ុន Cambodia Airport Management Service Ltd. (CAMS) ជាថ្លៃសម្រាប់គ្រឿងបរិក្ខា Ambulift ក៏ដោយ តែសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានលោក ឯម ច័ន្ទមករា ជាអគ្គលេខាធិការ ក្រោមការដឹកនាំដោយលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច មិនអាចទទួលយកបាន ហើយសុំឲ្យក្រុមហ៊ុន អាកាចរណ៍ចិនមួយនេះ ធ្វើការបកស្រាយឲ្យសមហេតុផល និង ការទទួលខុសត្រូវខ្ពស់។

តាមរយៈលិខិតមួយច្បាប់ ផ្ញើទៅនាយកគ្រប់គ្រងទូទៅ និងផ្នែកសុវត្ថិភាពរបស់ ក្រុមហ៊ុនអាកាសចរណ៍ Bassaka Air ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ឯក ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា «ចំពោះករណីនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ជាយន្តការសម្របសម្រួល ថ្នាក់ជាតិ និងពិគ្រោះយោបល់លើបញ្ហាពិការភាព ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ Bassaka Air បកស្រាយជាផ្លូវការឲ្យបានសមហេតុផល ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះករណីបង់សេវា ថ្លៃបន្ថែមចំនួន២៤០ដុល្លារ ដើម្បីការពារផលប្រយោជន៍ ចំពោះជនពិការគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ជៀសវាងការភ័ន្តច្រឡំ ពីសំណាក់មតិជាតិ និងអន្តរជាតិ ព្រមទាំងការពារកិត្តិយសរបស់ប្រទេស»

លោក ស្រី វណ្ណថុន នាយកប្រចាំប្រទេសនៃអង្គការ អេឌីឌី អន្តរជាតិ ដែលជាអង្គការដ៏ធំមួយ បានជួយជ្រោមជ្រែង និងទ្រទ្រង់ខ្ពស់ដល់សុខុមាលភាព ក៏ដូចជាផ្តល់ជំនួយផ្សេងៗសម្រាប់ជនពិការកម្ពុជា បានប្រាប់ អង្គភាព Fresh News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះថា កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា កន្លងទៅនេះ លោកស្រី Rahma Elsiddig Gasm ជនពិការជនជាតិស៊ូដង់ មានសំបុត្រយន្តហោះលេខ booking: A03Q9P, Agency code: BKKITBN ដើម្បីហោះមកកាន់រាជធានីភ្នំពេញ ទៅចូលរួមកិច្ចប្រជុំមួយស្តីការងារពិការភាពនៅក្នុងខេត្តកំពង់ស្ពឺ។ តែជាការសោកស្តាយ នៅមកដល់ព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ត្រង់ចំណុចចុះឈ្មោះ (Check-in) ត្រូវបានរារាំងដោយបុគ្គលិក នៃអាកាសចរ Bassaka Air ដោយបង្ខំឲ្យអ្នកដំណើររូបនេះ បង់ប្រាក់ ២៤០ដុល្លារ សម្រាប់សេវាលើកដាក់បន្ថែម ពីលើថ្លៃសំបុត្រយន្តហោះ ៤៥ដុល្លារ ដែលបានទិញរួចរាល់ហើយនោះ។ ក្រុមបុគ្គលិកអាកាសចរ បានអះអាងថា នេះជាគោលការណ៍របស់ក្រុមហ៊ុន។

លោក ស្រី វណ្ណថុន បានបន្តថា ដោយឃើញថា បុគ្គលិកអាកាសចរ «Bassaka Air» អះអាងថា ការទារថ្លៃសម្រាប់សេវាលើកដាក់នោះ ក្រុមការងារ ដែលរួមដំណើរ ក៏សូមលើកដាក់ជនពិការដោយខ្លួនឯង មិនបង្ករការរំខានដល់មន្រ្តីព្រលាន ឬបុគ្គលិកអាកាសចរឡើយ តែក្រុមបុគ្គលិកនេះ នៅតែមិនព្រមដដែល ពួកគេនៅតែទាមទារឲ្យបង់ប្រាក់ ២៤០ដុល្លារ ទើបអនុញ្ញាតឲ្យឡើងជិះយន្តហោះ ហោះមកកាន់រាជធានីភ្នំពេញ៕