(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ សាលាប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ការសិក្សារបស់សិស្សប៊ែលធីជាប់ និន្ទេស A ចំនួន០៦នាក់ ជូនដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។

តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប ទទួលបន្ទុកសាលា ប៊ែលធីអន្តរជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលាប៊ែលធីអន្តរជាតិ បានពង្រីកសាខារបស់ខ្លួន ចំនួន១៦ទីតាំង ដែលក្នុងនោះ១៥ ទីតាំងបាននឹងកំពុងដំណើរ និង១ទីតាំងទៀតកំពុងសាងសង់ និងមានសិស្សចំណេះទូទៅ និងភាសាអង់គ្លេសទាំងពេញម៉ោង និងក្រៅម៉ោង ចំនួន៣០.៤៥១នាក់។
នៅក្នុងឆ្នាំសិក្សាថ្មី២០១៥-២០១៦នេះ មានសិស្សថ្នាក់ទី១២ ចំនួន ១.១៧៣នាក់ ហើយឆ្នាំសិក្សា២០១៤-២០១៥កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១.១០២ នាក់ បានប្រឡងជាប់ ចំនួន ៨៦៤នាក់ ស្មើនឹង ៧៨.៤០% ក្នុងនោះជាប់និទ្ទេស A ចំនួន៦នាក់ និទ្ទេស B ចំនួន ៣២នាក់ និទ្ទេស C ចំនួន ៩៤ នាក់ និទ្ទេស D ចំនួន ១៣៨ នាក់ និង និទ្ទេស E ចំនួន ៥៩៤ នាក់ ដោយឡែកថ្នាក់ទី៩ មានសិស្សពូកែជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន ០៧នាក់ និងជាប់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ចំនួន ០២នាក់ផងដែរ ។

កញ្ញា សេង ហ្គិចលី អាយុ១៨ឆ្នាំសិស្សសាលាប៊ែលធីអន្តរជាតិ ដែលជាសិស្សទទួលបាននិទ្ទេស A ចំណាតថ្នាក់ លេខ២ ទូទាំងប្រទេស ក្នុងលំដាប់ពិន្ទុ៩៩,៩៩៩ ។ នាងបញ្ជាក់ថា មានកត្តា៤ដែលជំរុញ ឲ្យនាងទទួល បានលទ្ធផលសិក្សាដ៏ប្រសើរនេះគឺមានកត្តាខ្លួនឯង កត្តាគ្រួសារ កត្តាសាលា និងកត្តាសង្គម។ នាងថា កត្តាខ្លួនឯងគឺការបែងចែកពេលវេលា ក្នុងការសិក្សាទាំងពេលព្រឹក ពេលរសៀល និងពេលយប់ជាដើម ដែលនាងបានចំណាយ ពេលមួយចំនួនដើម្បីអាន សិក្សាស្រាវជ្រាវ និងធ្វើលំហាត់ផងដែរ។ កត្តាទី២ គឺកត្តាគ្រួសារ ដែលក្រុមគ្រួសារនាងបានរួមចំណែកក្នុងការលើកទឹកចិត្ត និងផ្តល់ឱកាឲ្យនាងចូលសិក្សា។ កត្តាទី៣ ដែលជាចំណែកសំខាន់ផងដែរនោះគឺកត្តាសាលា ។

នាងបញ្ជាក់ថា ការជ្រើសរើសសាលារៀន គឺជារឿងចាំបាច់ ហើយនាងបានសិក្សានៅសាលាប៊ែលធីដែលមានកម្មវិធីសិក្សាល្អច្បាស់លាស់ បំពាក់ដោយបរិក្ខាទំនើប មានគ្រូមានបទពិសោធន៍ល្អ ពិសេសមានថ្នាក់ដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និងការលើកទឹកចិត្តខ្ពស់សម្រាប់អ្នកសិក្សា។

នាងបញ្ជាក់ដែរថា កត្តាចុងក្រោយគឺកត្តាសង្គម ដែលនាងលើកឡើងថា ការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដែលសម្តេចដឹកនាំប្រទេសទៅរកសុខ សន្តិភាព ស្ថេរភាព។ នាងបញ្ជាក់ដែរថា កំណែទម្រង់ប្រព័ន្ធអប់រំពិសេសការប្រឡង កាន់តែធ្វើឲ្យសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ និងមានចំណេះដឹងពិតប្រាកដនៅក្នុងខ្លួន ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់សិស្សនិទ្ទេសA ទាំង៦នាក់ និងសិស្សពូកែទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ និងបានថ្លែងអំណរគុណដល់ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានបង្កលក្ខណៈឲ្យកូន របស់ខ្លួន មានឳកាសបានសិក្សានៅផ្ទះបន្ថែម និងគោរពវិន័យសាលាបានល្អ។

លោក ក៏បានបន្ថែមទៀតថា សាលាប៊ែលធី អន្តរជាតិ បាននឹងកំពុងពង្រឹងគុណភាពអប់រំ ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា សំខាន់គឺ ផ្នែកបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្ស ព្រមទាំងបានរៀបបញ្ជូលកម្មវិធីថ្មីៗជាច្រើន ដូចជា ១-កម្មវិធីបង្កើន ចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធិសិក្សាតាមទូរទស្សន៍ និង ៥-កម្មវិធីប្រឡងសំណេរ ដើម្បីឲ្យសិស្សទទួលបាននូវចំណេះដឹងគ្រប់មុខវិជ្ជា ចាប់តាំងពីថ្នាក់ទី១ រហូតដល់ ថ្នាក់ទី១២ និងប្រឡងជាប់ បានភាគរយច្រើន ព្រមទាំងទទួលបានលទ្ធផលនិទ្ទេស A កាន់តែច្រើនឡើងថែមទៀត ។
ជាទីបញ្ចប់ លោកអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ក៏បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ថ្នាក់ បរិញ្ញាបត្រ១០០% ដល់សិស្សនិទ្ទេសA ទាំង ០៦នាក់ ក្នុងនោះសិស្ស ០៥នាក់ ទៅសិក្សា នៅប្រទេសសឹង្ហបុរី និងសិស្ស ០១នាក់ទៀត ទៅសិក្សាផ្នែកពេទ្យនៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង ជួយឧបត្ថម្ភថវិកាសម្រាប់ចំណាយផ្សេងៗ ប្រចាំឆ្នាំចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ រហូតដល់បញ្ចប់ ថ្នាក់បរិញ្ញាបត្រ ផងដែរ៕