(ឧត្តរមានជ័យ)៖ កងទ័ពជួរមុខទិសទី៣ តំបន់ប្រាសាទតាមាន់ តាក្របី នៃទីបញ្ជាការមុខរបស់ កងពលធំលេខ២ បានចេញមកប្រកាសប្តេជ្ញា ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដល់ដង្ហើមចុងក្រោយ។

កងទ័ពការពារបូរណភាពទឹកដីទាំងនេះ បានប្រកាសថ្កោលទោសប្រឆាំង ដាច់អហង្ការនូវទង្វើ របស់ជនទុច្ចរិតទាំងឡាយ ដែលតែងតែប្រឌិតមូលបង្កាច់ ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា។

ការប្រកាសប្តេជ្ញាចិត្ត របស់កងកម្លាំងប្រដាប់អាវុធនេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ បានបន្តនាំយកអាវរងា ជូនកងកម្លាំង ជួរមុខនៅទិសទី៣ តំបន់ប្រាសាទតាមាន់ តាក្របីនៅទីបញ្ជាការ មុខរបស់កងពលធំលេខ២។ ពិធីប្រគល់អាវរងារនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងប្រធានសមរភូមិមុខទិសយោធភូមិភាគទី៤ និង មន្រ្តីយោធាជាន់ខ្ពស់ជា ច្រើនរូបផ្សេងទៀត។

កងទ័ព ដែលកំពុងឈរជើងការពារព្រំដែននេះ បានសម្តែងការថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កងទ័ព និងបានផ្តល់អាវរងារដល់កងទ័ពនៅ ក្នុងរដូវងារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមកងកម្លាំងព្រំដែន សមរភូមិមុខទិសយោធភូមិភាគទី៤ ក៏បាន បង្ហាញនូវក្តីអបអរសាទរ ចំពោះជោគជ័យរបស់សម្តេចទាំងពីរ ក្នុងដំណើរបំពេញ ទស្សនកិច្ចនៅប្រទេសចិន ដោយបាននាំមកនូវជំនួយឥតសំណង ពីមិត្តចិនជាច្រើនដល់ការអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។

នាយឧត្តមសេនីយ៍ ជា តារា ក៏បានប្រកាសអបអរសាទរសម្តេច តេជោ ហ៊ុន សែន ដែលត្រូវបានសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអក្សរសាស្ត្រ កាលពីថ្ងៃទី១៥ខែតុលា ឆ្លើយតបទៅនឹងស្នាដៃ យ៉ាងធំធេងរបស់សម្តេចតេជោ ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ។ សញ្ញាប័ត្រនេះ គឺបង្ហាញពីមោទនភាពជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ពាំនាំ នូវបណ្តាំផ្ញើសាកសួរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងទ័ព កងនគរបាលជួរមុខកំពុងឈរជើង ការពារទឹកដីតាមបន្ទាត់ព្រំដែន ដែលកន្លងមកបានធ្វើពលីកម្ម គ្រប់បែបយ៉ាង អនុវត្តបានម៉ឺងម៉ាត់នូវបទបញ្ជា ការពារបាននូវបូរណភាពទឹកដី ក្នុងសិទ្ធិស្វ័យការពារទឹកដីកន្លងមក។

នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ពិតមែនតែស្ថានការណ៍ព្រំដែនបច្ចុប្បន្ន មានភាពធូរស្រាលមួយចំនួនហើយ តែជំហរសម្តេចតេជោ នៅតែចង់បានព្រំដែនមានសន្តិភាព មានកិច្ចសហ ប្រតិបត្តិការល្អ មានការអភិវឌ្ឍន៍ថែមទៀត ដើម្បីប្រជាជនព្រំដែនបានរស់នៅសុខសាន្ត សុខដុមរម្យនា៕