(ភ្នំពេញ)៖ កាលពីវេលាម៉ោង ៨ និង៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មានបុរសវ័យកណ្តាលម្នាក់ អះ អាងថា ខ្លួនគឺជាមន្រ្តីពាក់សក្តិ៥ បើករថយន្ត Land Cruiser មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-6168 ទាំង ស្រវឹងខ្លាំង បានបើកទៅបុក នឹងរថយន្ត Land Cruiser កប់ស៊េរី ពណ៌ខ្មៅមួយគ្រឿងទៀត ដែលមានស្លាកលេខ ភ្នំពេញ 2AA-7989 ត្រង់ចំណុចមុខកៅដាយ កន្លែងបញ្ជាំទូរស័ព្ទពេលយប់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសាក្សី ពីកន្លែងកើតហេតុ បានប្រាប់ថា មុនកើតហេតុ គេបានឃើញបុរសវ័យចំណាស់បើករថយន្តរ៉េពេញ ផ្លូវ លុះមកដល់ត្រង់ផ្លូវកៅដាយ រថយន្តបានរ៉េទៅបុកនឹងរថយន្ត Land Cruiser ស៊េរីទំនើបមួយទៀត ដែលបើក បញ្រ្ចាសផ្លូវគ្នា បណ្តាលឲ្យខូចខាតផ្នែកខាងមុខ បន្ទាប់ពីបុកហើយ បុរសដែលអះអាងខ្លួនថា ពាក់សក្តិ៥នោះ បានបើកទ្វាររថយន្ត ឈរស្រែករករឿង ខាងរថយន្តដែលរងគ្រោះថា ហ្អែងសក្តិប៉ុន្មាន អញសក្តិ៥ អញមិនសង ហ្អែងទេ ហ្អែងធ្វើអីអញ ដោយការស្រែកច្រើនដង ហើយខាងរថយន្តរងគ្រោះនៅតែមិនតទៀត។
ទើបធ្វើឲ្យអ្នកឃើញហេតុការណ៍ បានចូលទៅនិយាយ ជាមួយបុរសស្រវឹងនោះ តែបុរសស្រវឹងនោះ នៅតែមិន ស្តាប់ទៀត ទើបប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ចុះមកសម្របសម្រួល ពេលសមត្ថកិច្ចចុះមកដល់ បុរសស្រវឹងនោះ នៅតែក្អេងក្អាងទៀត មិនព្រមសង មួយសន្ទុះក្រោយមក ទើបបុរសស្រវឹងនោះ ឈប់ក្អេងក្អាង ហើយក៏ព្រមសងសំណង ទៅខាងរថយន្ត Land Cruiser នោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕