(ភ្នំពេញ)៖ ប្រទេសទីម័រឡេស្តេ នឹងត្រូវក្លាយជាសមាជិកទី១១ ពេញសិទ្ធិរបស់អាស៊ាន នៅខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ កម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងចំពោះសមាជិកភាពរបស់ទីម័រឡេស្តេ ហើយជឿជាក់ថានឹងរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន។ Fresh Exclusive មានសេចក្តីរាយ ការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ខណៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងត្រៀមរៀបចំទទួលប្រទេសទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នៅខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ឈ្មោះឥស្សរជន នយោបាយមួយរូប ត្រូវបានគេរំលេចសម្រាប់ការចងចាំជាប្រវត្តិសាស្ត្រ នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចតេជោ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងភាពមោះមុតប្តេជ្ញាចិត្តផ្នែកការទូត គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជួយប្រទេសទីម័រឡេស្តេ ដើម្បីការសម្រេចបាននូវមហិច្ឆតាដ៏យូរអង្វែងរបស់ខ្លួនក្នុងការចូលជារដ្ឋនៃសមាជិកទី១១ របស់អាស៊ាន។

* សុបិន្តជាង១០ឆ្នាំ ក្លាយជាការពិតប្រកបដោយមោទនភាព
ប្រទេសទីម័រឡេស្តេ ឬប្រទេសទីម័រខាងកើត បានដាក់ពាក្យជាផ្លូវការសម្រាប់សមាជិកភាព អាស៊ានតាំងពីឆ្នាំ២០១១ ដែលបង្ហាញពីការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ និងស្មុគស្មាញ មួយឆ្ពោះទៅរកសមាហរណកម្មក្នុងតំបន់។ ដំណើរការនេះ តម្រូវឱ្យមានការរៀបចំយ៉ាងទូលំទូលាយផ្នែកនយោបាយ សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ល្អនៃស្ថាប័នដឹកនាំរបស់ប្រទេសទីម័រឡេស្តេ ក៏ដូចជាការកសាងការឯកភាពគ្នា នៅក្នុងចំណោមសមាជិកអាស៊ានទាំង១០ដែលមានស្រាប់។ នៅឆ្នាំ២០២២ អាស៊ានបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ទីម័រឡេស្តេ ដោយអនុញ្ញាតឱ្យប្រទេសនេះ ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងធ្វើសមាហរណកម្មបន្តិចម្តងៗទៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយជំហាននៃនិមិត្តសញ្ញារីកចំរើននេះ ទាមទារឱ្យមានការបន្តគាំទ្រយ៉ាងរឹងមាំពីប្រទេសក្នុងប្លុកទាំងអស់ ទៅកាន់ការផ្លាស់ប្តូរពីអ្នកសង្កេតការណ៍ ដើម្បីក្លាយទៅជាសមាជិកពេញលេញ។ ការគាំទ្រនោះ បានកើតឡើងយ៉ាងខ្លាំងពីប្រទេសកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

* ការទូតស្ងប់ស្ងាត់របស់កម្ពុជា និងការតស៊ូមតិយ៉ាងក្លាហានដើម្បីជួយប្រទេសទីម័រឡេស្តេ
ប្រទេសកម្ពុជា ដែលជាប្រទេសមួយ ដែលធ្លាប់ញាំញីដោយសង្រ្គាមស៊ីវិល និងធ្លាប់រងនូវភាពឯកោអន្តរជាតិ យល់ច្បាស់ណាស់អំពីសារៈសំខាន់នៃការដាក់បញ្ចូលជាមួយគ្នានៅក្នុងតំបន់ និងភាពស្របច្បាប់របស់វា។

របត់នៃការជួយជម្រុញការដាក់បញ្ចូលនេះ ត្រូវបានគេកត់សម្គាល់ថា គឺក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដែលសន្ទុះសម្រាប់សមាជិកភាពរបស់ទីម័រខាងកើត បានចាប់ផ្តើមបង្កើនល្បឿន។ នៅពីក្រោយឆាកសម្តេចតេជោ ហ៊ុន សែន បានតស៊ូមតិយ៉ាងខ្លាំងក្លា ក្នុងការស្វែងរកការឯកភាពអាស៊ានដើម្បីការស្វាគមន៍ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិ ដោយលើកហេតុផលថា ការដាក់បញ្ចូលនេះ នឹងពង្រឹងភាពស្អិតរមួតក្នុងតំបន់ និងបង្កប់នូវគោលការណ៍អាស៊ាន ដែលមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

មានប្រសាសន៍រំលេចនូវកត្តាសំខាន់មួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលគេមិនត្រូវមើលរំលងប្រទេសទីម័រឡេស្តេនោះ សម្តេចតេជោ ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសទីម័រឡេស្តេ នៅក្នុងខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់នៅចំពោះមុខថ្នាក់ដឹកនាំប្រទេសទីម័រឡេស្តេយ៉ាងនេះ៖ «ដូចដែលខ្ញុំបានជម្រាបជូនឯកឧត្តមនៅខាងក្នុង ការពិភាក្សារបស់យើង បើប្រៀបធៀបនៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ពេលនោះចំណូលសម្រាប់ប្រជាជនម្នាក់ៗរបស់កម្ពុជាមានត្រឹមតែ២៨១ដុល្លាអាមេរិកតែប៉ុណ្ណោះ ក្នុងពេលដែលទីម័រឡេស នៅឆ្នាំ២០២៤ តាមរយៈជើងលេខរបស់ធនាគាពិភពលោក ទីម័រឡេស មានប្រាក់ចំណូលរបស់ពលរដ្ឋ ១,៤៥៣ដុល្លា។ ដូច្នេះវាខុសគ្នាខ្លាំងណាស់ ជាមួយនិងកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជន ព្រមទាំងធនធានមនុស្សរបស់ទីម័រឡេសគឺសាកសមជាមួយនិងការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ខ្ញុំសង្ឃឹមថា ទីម័រឡេស នឹងក្លាយទៅជាសមាជិកអាស៊ានតាមរយៈការគាំទ្រនៃសាលាប៉ែកដ៏ទៃទៀតរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ»។

វិធីសាស្រ្តដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន គឺការរួមបញ្ចូលគ្នានូវទំនាក់ទំនងការទូតដ៏ស្ងប់ស្ងាត់ផង ការចូលរួមដោយផ្ទាល់ខ្លួនផង និងការបញ្ចុះបញ្ចូលជាយុទ្ធសាស្ត្រផង ដើម្បីការស្វែងរកការឯកភាពគ្នាទាំងស្រុងពីចំណោមបណ្តាមេដឹកនាំអាស៊ានដទៃទៀត។ គណៈប្រតិភូរបស់កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីអាស៊ាន ដើម្បីធានាថា តម្រូវការនីតិវិធីដើម្បីជម្រុញការធ្វើសមាហរណកម្មនេះ នឹងត្រូវបានបំពេញ ហើយការឯកភាពផ្នែកនយោបាយ គង់នឹងអាចឈានទៅដល់ជាមិនខាន។ ក្នុងនាមជារដ្ឋបុរសម្នាក់ដែលមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍ សម្តេចតេជោ ហ៊ុន សែន បានប្រើឥទ្ធិពលរបស់លោក នៅក្នុងតំបន់ ដើម្បីធ្វើជាស្ពានមួយនៃការធានាដោយមិនឱ្យមានភាពមន្ទិលសង្ស័យ និងការព្រួយបារម្ភអ្វីទាំងអស់ ជុំវិញការត្រៀមខ្លួនរបស់ទីម័រខាងកើតដើម្បីក្លាយជាសមាជិកអាស៊ានដ៏ស្របច្បាប់ក្នុងពេលខាងមុខនេះ។

ប្រធានាធិបតីទីម័រឡេស្តេ លោក José Ramos-Horta ដែលជាម្ចាស់រង្វាន់ណូបែលសន្តិភាព បានថ្លែងវាយតម្លៃសម្តេចតេជោ ថាជា «អ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប និងចាត់ទុកថា សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព»។

ហើយអ្វីដែលគួរឱ្យអស្វារ្យជាងនេះទៅទៀតនោះ គឺម្ចាស់រង្វាន់ណូបែលសន្តិភាព លោក José Ramos-Horta ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខែឧសភាឆ្នាំ២០២៥ នៅបានបន្ទាបខ្លួនធ្វើជាអ្នកបើកបររថយន្តជូនសម្តេចតេជោ ខណៈនាយករដ្ឋមន្ត្រីទីម័រឡេស្តេ លោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ Kay Rala Xanana Gusmão ដែលឈរនៅពីខាងក្រោយ បង្ហាញដូចជាអង្គរក្សម្នាក់ ដែលកំពុងការពារដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក្នុងពេលនោះ។

ភាពទទួលស្វាគមន៍ដ៏កក់ក្តៅ ជាមួយនឹងកាយវិការដ៏កម្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទីម័រឡេស្តេ ចំពោះសម្តេចតេជោ ហ៊ុន សែន នេះ មិនធ្លាប់ត្រូវបានជួបប្រទះឡើយ ហើយអ្វីទាំងនេះគឺជាសារដ៏មានអានុភាពមួយទៅកាន់ពិភពលោកក្នុងការបង្ហាញថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា គឺពិតជាវីរជនសន្តិភាពម្នាក់ដែលសក្តិសមនឹងទទួលបានការកោតគោរពយ៉ាងជ្រាលជ្រៅដ៏ក្រៃលែង។

* មេដឹកនាំនៃចក្ខុវិស័យ និងសាមគ្គីភាព
ភាពម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែត្រូវបានគេស្គាល់ដោយសមិទ្ធិផលនៅក្នុងស្រុករបស់សម្តេចប៉ុណ្ណោះទេ អ្វីដែលកាន់តែសំខាន់និងការលេចធ្លោជាងគេបង្អស់ទៀតនោះ គឺការនាំប្រទេសកម្ពុជារបស់លោក ចេញរួចផុតពីសង្រ្គាមស៊ីវិល និងការស្រវាចាប់បាននូវសន្តិភាពដ៏ពេញលេញទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ដែលជោគជ័យនេះគឺជាការរួមចំណែកដ៏ធំធេងសម្រាប់តំបន់អាស៊ាន និងពិភពលោកទាំងមូលផងដែរ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន, អាស៊ាន មិនមែនគ្រាន់តែជាវេទិកាការទូតប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយសម្រាប់សន្តិភាព សមាហរណកម្ម និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ។

ទស្សនវិជ្ជារបស់សម្តេចតេជោគឺ «ការគាំទ្រទៅវិញទៅមក ក្នុងចំណោមរដ្ឋតូចៗ» ដែលទស្សនវិជ្ជានេះ បានបញ្ជាក់កាន់តែច្បាស់ទៅលើជំនឿរបស់សម្តេច ដែលតែងនិយាយថា អាស៊ានត្រូវតែរក្សាការរួមបញ្ចូលគ្នា និងជាតំណាងនៃភាពចម្រុះរបស់តំបន់។ តាមរយៈគោលជំហរមុះមុត ក្នុងការគាំទ្រដើម្បីការដាក់បញ្ចូលប្រទេសទីម័រឡេស្តេនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីអំពីអ្វីជាឧត្តមគតិនៃការបង្កើតអាស៊ាន និងលោកបានក្រើនរំលឹកដល់រដ្ឋជាសមាជិកអំពីការតស៊ូជាប្រវត្តិសាស្ត្រ និងសេចក្តីប្រាថ្នារួមរបស់ពួកគេទាំងឡាយ។

នេះមិនមែនជាលើកទីមួយទេ ដែលសម្តេចតេជោនៃប្រទេសកម្ពុជា បានបង្ហាញភាពឈឺឆ្អាលក្នុងការជួយពង្រឹងសាមគ្គីភាពក្នុងតំបន់។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩, កម្ពុជា ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក ថែមទាំងបានជួយបរិច្ចាគវ៉ាក់សាំង និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់ប្រទេសទីម័រឡេស្តេ និងជួយផ្តល់ដល់ប្រទេសជិតខាងកម្ពុជា ថែមទៀតបើទោះបីជាមានការប្រឈមផ្ទាល់ខ្លួនឯងយ៉ាងណាក៏ដោយ។ សកម្មភាពទាំងនេះ បានគូសបញ្ជាក់ពីតួនាទីវិវត្តរបស់កម្ពុជា ក្នុងនាមជាដៃគូក្នុងតំបន់ប្រកបដោយការទទួលខុសត្រូវ និងសប្បុរស ដែលជាប្រធានបទដ៏លេចធ្លោក្នុងការបន្តគាំទ្រដល់ប្រទេសទីម័រឡេស្តេ។

* កេរ្តិ៍ដំណែលនៃភាពជាអ្នកដឹកនាំក្នុងតំបន់
ជាមួយនឹងប្រទេសទីម័រឡេស្តេ ដែលនឹងក្លាយទៅជាសមាជិកអាស៊ានទី១១ នៅក្នុងខែតុលា ឆ្នាំ ២០២៥ខាងមុខនេះ, កេរ្តិ៍ឈ្មោះនៃភាពល្បីល្បាញជាមេដឹកនាំដូចជាសម្តេចតេជោ ហ៊ុន សែន ដែលតែងបានផ្តល់នូវចក្ខុវិស័យយូរអង្វែងសម្រាប់អាស៊ីអាគ្នេយ៍ដើម្បីភាពរួបរួម និងសន្តិភាពនេះ កាន់តែធ្វើឱ្យកេរិ៍្តឈ្មោះរបស់លោក និងកិត្តិនាមរបស់កម្ពុជា បន្តទទួលភាពរីកសុះសាយជាបន្ថែមទៀតនៅក្នុងតំបន់និងសកលលោក។

ថ្នាក់ដឹកនាំតំបន់ និងអ្នកវិភាគ តែងកោតសរសើរលើការរួមចំណែករបស់សម្តេចតេជោ ហ៊ុន សែន ជាខ្លាំងសម្រាប់ការរួបរួមនិងសន្តិភាពក្នុងតំបន់។ ការតស៊ូមតិរបស់សម្តេច សម្រាប់ជួយប្រទេសទីម័រឡេស្តេនេះ ត្រូវបានគេមើលឃើញថា វាមិនត្រឹមតែជាជោគជ័យផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃកេរ្តិ៍ដំណែលគោលនយោបាយការបរទេសដ៏ទូលំទូលាយរបស់ប្រទេសកម្ពុជាផងដែរ ដែលផ្អែកលើការផ្សះផ្សា ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរួម។ តាមរយៈកិច្ចប្រឹងប្រែងរបស់កម្ពុជានេះ ពិភពលោកកាន់តែបានមើលឃើញថែមទៀតថា ប្រទេសកម្ពុជា ទោះជាប្រទេសតូចមួយក៏ពិតមែន ប៉ុន្តែអាចដើរតួនាទីធំក្នុងការបង្កើតកិច្ចការនៅក្នុងតំបន់បាន។

* ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់អាស៊ាន និងកម្ពុជា
ការដាក់បញ្ចូលទីម័រខាងកើតជាផ្លូវការទៅក្នុងអាស៊ាន គឺជាជំពូកថ្មីមួយក្នុងសមាហរណកម្មតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ទីម័រខាងកើត វាគឺជាចំណុចកំពូលនៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាច្រើនឆ្នាំ។ សម្រាប់ប្រទេសកម្ពុជា និងជាពិសេសសម្រាប់សម្តេចតេជោ ហ៊ុន សែន កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងជួយប្រទេសទីម័រឡេស្តេសម្រេចនូវសុបិន្តជាច្រើនឆ្នាំរបស់ខ្លួន គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តយូរអង្វែងចំពោះស្មារតីអាស៊ាន។

ក្នុងរឿងដាក់បញ្ចូលប្រទេសទីម័រឡេស្តេក្លាយសមាជិកភាពអាស៊ានតាមរយៈកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នេះគឺជាការឆ្លុះបញ្ចាំងឱ្យពិភពលោកបានឃើញថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជារដ្ឋបុរសដ៏ខ្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេដឹកនាំប្រចាំតំបន់ពិតប្រាកដមួយរូប ដែលកេរដំណែលរបស់លោកនឹងត្រូវចងចាំក្នុងប្រវត្តិសាស្ត្រការទូតរបស់អាស៊ីអាគ្នេយ៍៕