(ភ្នំពេញ)៖ កិច្ចប្រឹងប្រែងស្វែងរកការបញ្ចៀសសង្គ្រាមតាមព្រំដែនរវាងកម្ពុជានិងថៃ បានឈានដល់ការ សម្រចការកែសម្រួលកម្លាំងយោធារៀងៗខ្លួន នៅតំបន់មានជម្លោះតាមព្រំដែន។ ប៉ុន្តែក្រុមជនអគតិមួយចំនួន បានព្យាយាមបំពុលព័ត៌មានមូលបង្កាច់ថា រាជរដ្ឋាភិបាលកម្ពុជា បានដកកងកម្លាំងទ័ពរបស់ខ្លួនចេញពីព្រំដែនទៅវិញ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ការកែសម្រួលកម្លាំងយោធានាពេលថ្មីៗ ដែលកម្ពុជា និងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានក្លាយជាគោលដៅនៃការសាបព្រួសព័ត៌មានមិនពិតដោយមានក្រុមមួយក្តាប់តូច នៃសំឡេងជ្រុលនិយម បានព្យាយាមបំភ្លៃការពិត ក្នុងបំណងចង់ញុះញង់បំផុសកំហឹងជាសាធារណៈដើម្បីមហិច្ឆិតានយោបាយ។

គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ យោធាកម្ពុជានិងថៃ បានជួបគ្នានិងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាង ឱ្យត្រឡប់ចូលតំបន់ដែលសមស្របដើម្បីកាត់បន្ថយភាពតានតឹង និងកាត់បន្ថយភាពប្រឈមមុខគ្នាតាមតំបន់ព្រំដែន។

ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង តាមបណ្តាញសង្គមបញ្ជាក់ថា៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា.ថៃ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់»។

សម្តេចតេជោសែន បានបន្តថា៖ «ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាល រហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ»។

ប៉ុន្តែដំណឹងល្អពីការសម្របសម្រួលគ្នា ជាមួយការកែសម្រួលកងកម្លាំងយោធាទាំងសងខាង ដើម្បីកាត់បន្ថយភាពតានតឹងនេះ ត្រូវបានក្រុមជនអគតិមួយក្តាប់តូច បាននិយាយមួលបង្កាច់ខុសពីការពិត។ ក្រុមអគតិបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា «គ្រាន់តែថៃសម្លុត ទាហានខ្មែរបែរជាដកទ័ពចេញពីទឹកដីរបស់ខ្លួនឯង…» និងបាននិយាយដោយគ្មានការពិតទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងកាន់តែមិនហ៊ានតតាំងជាមួយថៃ នៅតុលាការយុត្តិធម៌អន្តរជាតិឡើយ…»។ ក្រុមជនអគតិ នៅបានបង្កើតព័ត៌មានក្លែងក្លាយដែលនិយាយថា «កងទ័ពកម្ពុជា បានដកថយពីតំបន់ចុងបូក ឬតំបន់មុំបី ដើម្បីត្រឡប់ទៅសភាពដើមវិញ»។

ក្នុងចំណាត់ការមួយ ដើម្បីបន្សាបការសាបព្រួសព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម, ក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៩ ខែមិថុនា ប្រាប់សាធារណជនថា កងទ័ពកម្ពុជា មិនបានដកខ្លួនចេញពីផ្នែកណាមួយនៃដែលអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ ហើយក៏មិនបានបោះបង់ចោលនូវការដាក់ពាក្យបណ្តឹងលើករណីតំបន់ជម្លោះនៅប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នោះផងដែរ។សេចក្តីប្រកាសព័ត៌មាន៤ចំណុចរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា៖

១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

៣៖ កងទ័ពកម្ពុជាគាំទ្រ ដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។

៤៖ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន សូមប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវពិតប្រាកដ និងអាចជឿទុកចិត្តបាន។

ស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃ បានកើនកម្តៅក្រោយអំពើលួចវាយឆ្មក់របស់ទាហានថៃ ចូលមកក្នុងតំបន់មុំបី នៃទឹកដីរបស់កម្ពុជា ដោយពួកគេបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ ដែលកំពុងល្បាតក្នុងព្រឹត្តិការណ៍ប៉ះទង្គិចកាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ឧសភាឆ្នាំ ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណត់ការទូត ប្តឹងឱ្យរដ្ឋាភិបាលថៃ ត្រូវនាំខ្លួនអ្នកប្រព្រឹត្តអំពើបាញ់ប្រហារសម្លាប់ទាហានកម្ពុជា ដើម្បីការដាក់ទោសទៅតាមច្បាប់ ប៉ុន្តែថៃបានព្យាយាមការពារព្រឹត្តិការណ៍ ដែលបំពានដាក់មកលើកម្ពុជានោះទៅវិញ។

ប្រទេសទាំង២ ត្រូវគេរាយការណ៍ជុំវិញការបញ្ជូនកម្លាំងទាហាន និងឧបករណ៍យោធារៀងៗ ខ្លួនទៅកាន់តំបន់ព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្លាំងកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជូននោះ គឺមិនមែនដើម្បីធ្វើសង្គ្រាមឡើយ ប៉ុន្តែដើម្បីការការពារដែនអធិបតេយ្យភាពជាតិខ្មែរ ដោយសារតែកម្ពុជា ធ្លាប់មានបទពិសោធន៍ក្នុងអតីតកាលប៉ះទង្គិចគ្នាកន្លងមក ជាមួយនឹងទាហានថៃនៅតាមតំបន់ព្រំដែន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់នៅតាមបណ្តាញសង្គមថា «សង្គ្រាមមិនអាចបង្កើតខ្សែព្រំដែនថ្មីបាននោះទេ»។ សម្តេចតេជោ បានបញ្ជាក់ថា៖ «យើងបានហាមកងទ័ពយើងដាច់ខាត មិនត្រូវបាញ់គេមុន ឬ ចូលទៅក្នុងទឹកដីរបស់គេឡើយ ប៉ុន្តែប្រសិនបើគេបាញ់យើងមុន យើងនឹងបាញ់គេវិញ ដើម្បីការពារខ្លួន និងការពារទឹកដី»។ រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាថា នឹងប្រើប្រាស់កម្លាំងទ័ពប្រយុទ្ធការពារទឹកដីហើយ នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទៀត ប្រសិន បើកងទ័ពថៃចូលឈ្លានពានទឹកដីកម្ពុជាសាជាថ្មី។ សម្តេចតេជោ បានថ្លែងបញ្ជាក់ក្នុងបណ្តាញសង្គមថា៖ «ការកែសម្រួលកងទ័ព គឺ មិនមែនជាការដកទ័ពនោះទេ»។ «ចំណែករឿងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) គឺកម្ពុជាមិនប្រែប្រួលនោះឡើយ»។

ចំណុចមួយដែលនាំឱ្យភាគីថៃ ធ្វើការបំពានមកលើទឹកដីកម្ពុជានោះ ត្រូវគេរាយការណ៍ថា គឺដោយសារភាគីថៃ បានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន ដែលខុសពីស្មារតីនៃអនុស្សារណៈ MOU ឆ្នាំ២០០០។ កម្ពុជាបានថ្លែងថា ដរាបណាភាគីថៃ នៅតែប្រើផែនទីនៃមាត្រដ្ឋានខុសរបស់ខ្លួននោះទៀត គឺគេនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។

ភាគីកម្ពុជា បានប្រាប់ទៅភាគីថៃ សូមប្រកាន់យកស្មារតីនៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា MOU ឆ្នាំ២០០០ ដូចដែលធ្លាប់មានកន្លងមក។ ដោយសារតែការប្រើប្រាស់ ផែនទីខុសនោះហើយ ភាគីកម្ពុជា ក៏បានសម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទក្នុងតំបន់ទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់តាមច្បាប់អន្តរជាតិ។

ការជ្រើសរើសយកផ្លូវសន្តិវិធី និងដំណោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសការដាក់សំណុំរឿងទៅតុលាការអន្តរជាតិ (ICJ) គឺជាភស្តុតាងបញ្ជាក់ពីការចង់បានសន្តិភាពប្រកប ដោយតុល្យភាព និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហេតុដូច្នេះហើយ នៅពេលភាគីថៃ បានស្នើឱ្យកម្ពុជាដកកម្លាំងទាហានខ្មែរ ចេញពីតំបន់មុំបី ដោយផ្អែកលើផែនទីខុសរបស់ថៃនោះ កម្ពុជាបានច្រានចោលសំណើរបស់ថៃភ្លាម ដោយបញ្ជាក់ទៅវិញថា តំបន់នោះ គឺជាដែនអធិបតេយ្យភាពកម្ពុជា ហើយហេតុអ្វីបានជាកម្ពុជាត្រូវដកកងទ័ពរបស់ ខ្លួនចេញពីលើទឹកដីរបស់របស់កម្ពុជាខ្លួនឯងនោះ?

ការកែសម្រួលកម្លាំងយោធា ដែលកម្ពុជានិងថៃ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ មិនមែនជាការដកកងទ័ពឡើយ។ ការកែសម្រួលកម្លាំងយោធានេះ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំ និងការទូតដ៏ឈ្លាសវៃ និងវាមិនមែនជាការធ្វើសម្បទានទេ។ រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្នាក់ខ្ពស់បំផុត រហូតដល់មេទ័ពជួរមុខ បាននិងកំពុងបន្តស្វែងរកគ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពជាតិ ជៀសវាងការបង្ហូរឈាម ដែលមិនចាំបាច់។ សន្តិភាព មិនមែនជាការបដិសេធនូវកម្លាំងនោះទេ ប៉ុន្តែជាការប្រើប្រាស់កម្លាំងក្នុងលក្ខណៈយុទ្ធសាស្ត្រដើម្បីចៀសវាងមហន្តរាយ និងធានាអនាគតយូរអង្វែងរបស់ប្រទេសជាតិ។

កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងមានរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានចក្ខុវិស័យដ៏ខ្ពង់ខ្ពស់លើកត្តាសន្តិភាពរបស់ប្រទេសកម្ពុជា ហើយក៏មិនបានបោះបង់សិទ្ធិការពារប្រទេសជាតិរបស់ខ្លួនឡើយ។ យើងជាប្រជាជនកម្ពុជា បានឃើញហើយថា ២៦ឆ្នាំរួចមកនេះ នាវានៃប្រទេសកម្ពុជានៅតែបោះពួយ ទៅមុខជានិច្ចឆ្លងកាត់ឧបសគ្គតូចធំនានា ដោយការរក្សាកត្តាសន្តិភាពជាចម្បងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ការការពារមាតុភូមិជាតិខ្មែរជាទីស្រឡាញ់ មិនមែនជាការធ្វើសម្បទានឡើយ, ការការពារមាតុភូមិ គឺជាកិច្ចការត្រូវបានអនុវត្តក្នុងភាពប្តេជ្ញាចិត្តដោយស្ងប់ស្ងាត់ ការប្រមើលមើលជាយុទ្ធសាស្ត្រ និងការតាំងចិត្តដោយមោះមុត ដើម្បីរក្សាការពារទឹកដីដោយមិនឱ្យបាត់សូម្បីមួយចង្អាមឡើយ។

យើងមិនត្រូវឱ្យសម្តីញុះញង់គ្មានការពិតរបស់ក្រុមជ្រុលនិយម អាចបោកប្រាស់យើងជា កុលបុត្រខ្មែរពិតប្រាកដ ក្នុងសម័យរីកចំរើនបច្ចេកវិទ្យាបច្ចុប្បន្ននេះបានឡើយ។ យើងត្រូវចេះសម្លឹងមើលការពិតនៅក្នុងសង្គមស៊ីវីល័យរបស់យើង ពីព្រោះការធ្វើសកម្មភាពរបស់ រាជរដ្ឋាភិបាលយើង ដើម្បីតែសន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ គឺជាការពិត និងជាម៉ែត្រសម្រាប់វាស់ស្ទង់នូវសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលអ្វីទាំងនេះ មានភាពខ្លាំងនិងច្បាស់លាស់ ជាងអ្វីនៃវោហាសាស្ត្ររបស់ក្រុមជ្រុលនិយម ដែលចង់តែញុះញង់នាំកម្ពុជាទៅកាន់អស្ថិរភាពនយោបាយ និងសង្គ្រាមតែប៉ុណ្ណោះ។

ដូច្នេះ យើងទាំងអស់ដែលដែលរស់ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ត្រូវជឿជាក់លើសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែលកាច់ចង្កូតដឹកនាំប្រទេស។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា៖ «សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ ដើម្បីបញ្ចៀសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»៕