(ភ្នំពេញ)៖ នៅចំពោះមុខភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសខ្សែបន្ទាត់នៃជំហររបស់កម្ពុជាយ៉ាងច្បាស់លាស់រួចមកហើយ ប៉ុន្តែទង្វើរបស់ប្រទេសថៃ បានដើរហួសចូលខ្សែបន្ទាត់ក្រហមហើយ។ ប៉ុន្តែកម្ពុជា អាចកំដរល្បែងនយោបាយរបស់ថៃគ្រប់ពេលវេលា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖
ប្រសាសន៍របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅលើទឹកដីខេត្តសៀមរាប បានលើកឡើងថា កម្ពុជាទោះបីជាប្រទេសតូច ទាំងក្នុងទំហំ និងសេដ្ឋកិច្ចជាងប្រទេសថៃក៏ដោយ ប៉ុន្តែកម្ពុជា ឈរខ្ពស់ក្នុងស្មារតីជាតិរបស់ខ្លួន និងស្មារតីខ្ពស់នៃការរួបរួមជាតិនេះ តែងតែលេចឡើងយ៉ាងសន្ធោរសន្ធៅនៅពេលណាដែលដែនអធិបតេយ្យភាពជាតិខ្មែរ រងការគំរាមកំហែង។ ប្រសាសន៍របស់សម្តេចបវរធិបតី បានកោតសរសើរចំពោះព្យុះហយាត្រាសាមគ្គីភាព Solidarity March ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលគ្រាន់តែនៅក្នុងរាជធានីភ្នំពេញ មានពលរដ្ឋចូលរួមប្រមាណ១៥ម៉ឺននាក់ទៅហើយ។
* ខ្សែបន្ទាត់ក្រហម ត្រូវបានឆ្លងកាត់ដោយទង្វើជាតិនិយមជ្រុលរបស់ថៃ
ចំណុចស្នូលមួយ ដែលកម្ពុជាបានសង្កេតឃើញ គឺថៃកំពុងប្រើប្រាស់ទង្វើជាតិនិយមជ្រុល ក្នុងការធ្វើជាឧបករណ៍ដ៏មុតស្រួចមួយ ដើម្បីជាលេសបង្កហេតុនយោបាយប្រឆាំងនឹងកម្ពុជា។ ទង្វើជាតិនិយមនេះ ត្រូវបានថៃខ្លួនឯង ប្រើប្រាស់មិនត្រឹមតែសម្រាប់ការកេងចំណេញនយោបាយនៅក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្តូរទិសដៅមកប្រើប្រាស់ដើម្បីបង្កហេតុ និងបំពានដាក់មកលើកម្ពុជាថែមទៀត ហើយអ្វីដែលអាក្រក់បំផុតនោះ គឺថៃបែរជាមកចោទប្រកាន់ដាក់មកលើកម្ពុជា ថាជាអ្នកចាប់ផ្ដើមបង្កបញ្ហាទៅវិញ។
វាជាក់ស្តែងណាស់ គឺថៃនិងទង្វើជាតិនិយមជ្រុលរបស់ខ្លួននោះទៅវិញទេ ដែលជាដើមហេតុនៃភាពតានតឹង ចាប់ផ្តើមពីការឆ្លងដែន ដោយគ្មានការអនុញ្ញាត និងលួចចូលបាញ់សម្លាប់យុទ្ធជនខ្មែរនៅតំបន់មុំបី, ការបិទច្រកព្រំដែន, ការគំរាមកាត់អ៊ីនធឺណិត និងអគ្គីសនី រហូតដល់ការគំរាមកាត់ផ្គត់ផ្គង់ប្រេង ធ្វើជាឧបករណ៍សម្ពាធដើម្បីបង្ខំឱ្យកម្ពុជាចុះចាញ់។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះទៀត ភាពជាតិនិយមជាស្វ័យប្រវត្តិរបស់ថៃ កាន់តែបានកើនឡើងដូចសេះដាច់បង្ហៀរ។ ក្នុងបំណងអូសទាញគាំទ្រពីសាធារណជនក្នុងស្រុករបស់ខ្លួន ថៃបានប្រើសកម្មភាពជាតិនិយមរបស់ខ្លួន អះអាងទឹកដីលើកោះគុត ប្រាសាទតាក្របី និងប្រាសាទបុរាណជាច្រើននៅតាមបណ្តោយព្រំដែន ខណៈដែលអ្វីទាំងនោះ គឺជាកេរ្តិ៍មរតដូនតាខ្មែរដែលទុកឱ្យខ្មែរជំនាន់ក្រោយ។ នេះមិនមែនជាវិវាទធម្មតាទេ ប៉ុន្តែជាការបំពានលើអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងដែនអធិបតេយ្យភាពរបស់កម្ពុជា៖
«ឥឡូវចាប់ផ្តើមយករូបភាពបង្កើតចលនាមួយនៅខាងក្នុងនោះ ចោទមករដ្ឋាភិបាលខ្មែរជាអ្នកបិទទ្វារទៅវិញ…ទៅជាអញ្ចឹងទៅកើត! បាញ់យើងថ្ងៃទី២៨ ថ្ងៃ២៩ ក្រសួងការបរទេសយើងដាក់តវ៉ាថា អ្នកឯងចូលមកបាញ់នៅក្នុងដីខ្ញុំ បាញ់ទាហានខ្ញុំ ទាមទារឱ្យអ្នកឯងស្រាវជ្រាវរកយុត្តិធម៌… គេឆ្លើយតបមកវិញ គេថាអត់ទេខ្មែ រអ្នកចូលទៅបាញ់ក្នុងដីគេ។ បង្ហោះដ្រូនក្នុងដីរបស់យើង យើងដាក់លិខិតតវ៉ា គេផ្ញើរមកវិញកូពីលិខិតរបស់យើង គ្រាន់តែថាប្រើពាក្យយើងជាអ្នករំលោភទៅជាអញ្ចឹង។ ហោះចូលមកដល់ ក្នុងថ្ងៃទី១…ឯកឧត្តម អ៊ុំ រាត្រី រាយការណ៍ថា ចូលហើយ បន្ទាប់មកឯកឧត្តម ខូយ រីដា ប្រាប់មកទៀត តើនេះមកពីណា? ព្រំដែនជារឿងនៅតាមបន្ទាត់ព្រំដែន…តែនេះចូលមកដល់ក្នុង… ចូលមកទៀត ថ្ងៃទី២ ទី៣ ខ្ញុំតេទៅមេ៥០១ បាញ់ទៅ។ ខ្ញុំប្រាប់ទៅភូមិភាគ៥ «បាញ់» មានឯណា ចូលមកទៀត នៅថ្មដាយើងបាញ់ឡើងផ្អើលដល់ត្រាត… ដាក់អស់ប៉ុន្មានគ្រាប់ស្អែកឡើង បាញ់ធ្លាក់អស់មួយទៀតដើររកនៅក្នុងចម្ការព្រៃអត់ឃើញ «ស្ងាត់»។ តវ៉ាលើក្រដាស តវ៉ាហើយតែអ្នកឯងនៅតែបំពាន…បាញ់ដ្រូន…មើល៍ទៅអាដ្រូនហ្នឹងដូចជាខ្លាចកាំភ្លើងដែរនិយាយដោយត្រង់…»។
កម្ពុជា មិនបានចាប់ផ្តើមបង្កើនភាពតានតឹងនៅតាមតំបន់ព្រំដែនបច្ចុប្បន្នឡើយ។ កម្ពុជាគ្រាន់តែឆ្លើយតបចំពោះទង្វើបង្កហេតុរបស់ថៃតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលកម្ពុជា បានចាត់វិធានការតបតទៅវិញតាមផ្លូវច្បាប់ ដោយបញ្ជូនសំណុំរឿងចំនួន៤ករណី គឺសំណុំរឿងនៃតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នាទីក្រុង Hague នៃប្រទេសហូឡង់នោះ ស្រាប់តែថៃ បានប្រើសម្ពាធសេដ្ឋកិច្ច និងយោធា ដាក់មកលើកម្ពុជា។ ប៉ុន្តែសម្ពាធសេដ្ឋកិច្ច និងយោធារបស់ថៃនោះ មិន អាចសម្លុតឱ្យប្រទេសកម្ពុជា ចុះញ៉មថៃបានឡើយ។
* ស្មារតីជាតិនិយមរបស់ខ្មែរ លេចឡើងខ្លាំងក្លាក្នុងពេលប្រទេសជាតិរងការបំពាន
រាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងចង់ដោះស្រាយវិវាទជាមួយថៃតាមសន្តិវិធី ធ្លាប់បានប្រកាន់យកឥរិយាបថស្ងៀមស្ងាត់ បើទោះបីមានការរិះគន់ពីសាធារណមតិខ្មែរខ្លះៗកន្លងមកក៏ដោយ គឺរាជរដ្ឋាភិបាលក៏នៅតែអភិវឌ្ឍការទូតបន្តយ៉ាងថ្លៃថ្នូរ។ ប៉ុន្តែពេលដែលថៃបានប្រើជាតិនិយមជ្រុល ជាមួយនឹងឥរិយាបថបង្ហាញភាពកាន់តែជ្រុលខ្លាំងនៃស្មារតីជាតិនិយម និងទង្វើបំពានដាក់មកលើព្រំដែនកម្ពុជា ទង្វើនោះ បានឆ្លងលើបន្ទាត់ក្រហមហើយ។ វាបានជះឥទ្ធិពលឱ្យស្មារតីស្រឡាញ់ជាតិ និងជាតិនិយមរបស់ប្រជាពលរដ្ឋខ្មែរ លេចចេញសាឡើងវិញយ៉ាងខ្លាំងក្លាជាទីបំផុត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្មារតីជាតិនិយមរបស់ខ្មែរដែលកំពុងផុសឡើងនេះ មិនមែនកើតចេញពីចេតនាសង្គ្រាមឡើយ ប៉ុន្តែជាការឆ្លើយតបដោយឆន្ទៈ ខ្មែរដែលស្អប់ខ្ពើមនូវអំពើអយុត្តិធម៌ និងជាតិនិយមជ្រុលរបស់ភាគីថៃ៖ «កម្ពុជាអត់ចង់វាយប្រហារអ្នកណា មិនមែនទៅរករឿងអ្នកណាទេ ប៉ុន្តែកុំឱ្យគេមករករឿង យើង។ យើងអត់ធ្មត់ដើម្បីថែរក្សាស្ថិរភាព សន្តិភាព មិត្តភាពល្អរាប់ខែមកហើយ ប៉ុន្តែវាមានបន្ទាត់ក្រហម ។ ខ្ញុំឃើញកាសែតថៃ ហើយអ្នកវិភាគនយោបាយថៃមួយចំនួន បានលើកឡើង ពេលដែល ស.ស.យ.ក. រៀបចំកម្មវិធី Solidarity March គេចេញមក គេថា រដ្ឋាភិបាលខ្មែរនៅមិននៅ ទៅធ្វើបំផុសចលនាជាតិនិយម ដើម្បីទៅប្រឆាំងថៃ…ចង់បានប្រជាប្រិយ៍ភាពរដ្ឋាភិបាល គេថារដ្ឋាភិបាលខ្មែរ ជាអ្នកបង្កើតវិញ គេថាយើងធ្វើខុស…មើលហើយ ខ្ញុំវាហួសចិត្ត។ ទី១. ខ្ញុំទទួលស្គាល់ថា ស្មារតីស្នេហាជាតិ ស្រឡាញ់ជាតិ ជាតិនិយមរបស់កម្ពុជា របស់ប្រជាជនយើងនៅពេលនេះខ្ពស់ណាស់។ ប៉ុន្តែសំនួរសួរថា ខ្ពស់ដោយសារអ្វី? ខ្ពស់ដោយសាររដ្ឋាភិបាលទៅបង្កើតល្បិចទៅបង្កើតដើម្បីញុះប្រជាជន? អត់ទេ បងប្អូនអាចមើល អ្នកដែលអាចតាមដានសភាពការណ៍ ឬមួយចង់ដឹងទៅមើលឡើងវិញទៅ មិនបាច់មើលយូរអង្វែងទេ មើលតែពីចាប់ផ្តើមដើមឆ្នាំនេះមក បញ្ហាជាតិនិយមកម្ពុជាដែលឡើងខ្ពស់បែបនេះ មិនមែនកម្ពុជាជាអ្នកបង្កើតទេ គឺម្ខាងទៀតជាអ្នកបង្កើត»។
* សោរគន្លឹះ មិនស្ថិតលើដៃកម្ពុជាទេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះល្បែងនយោបាយដែលថៃលេង មិនថាជានយោបាយ សេដ្ឋកិច្ច ឬយោធាឡើយ មានន័យថា បើថៃបិទច្រកព្រំដែន កម្ពុជានឹងធ្វើការបិទតបតទៅវិញ ដោយកម្ពុជាមិនចុះញ៉មចំពោះការគំរាមកំហែងចំពោះល្បែងនយោបាយរបស់ថៃនេះឡើយ៖
«ហើយបើកម្ពុជាបិទ ខ្ញុំសុំបញ្ជាក់ណា បើកម្ពុជាបិទ អត់មានបើកវិញនូវច្រកហ្នឹង ពេលដែលអ្នកឯងបើកទេ, គឺបិទរហូត ទាល់តែទូទាំងព្រំដែនទាំងមូលបើក (ទើប) បានបើកបាន។ មិនមែនថា បើកជប់គគីរថ្ងៃនេះ គេបើក គេបិទ យើងបិទ ដល់ពេលគេបើក យើងបើកដែរ…អត់ទេណា, តែបិទ (គឺ) បិទអចិន្ត្រៃយ៍ហើយ… ទាល់តែអ្នកឯង បើកជាឯកតោភាគីទូទាំងព្រំដែនទាំងអស់ឱ្យដូចមុនថ្ងៃ៧ ខែមិថុនា (ទើប) បានកម្ពុជា គិតគូរក្នុងការបើកអាកន្លែងហ្នឹង វិញទាំងអស់វិញ…ខ្ញុំនិយាយឱ្យច្បាស់។ កម្ពុជា អត់លេង អាលិបលៗហ្នឹងទេ…ពេលដែលយើងសម្រេចហើយ យើងធ្វើហើយ ហើយយើងនៅនឹង, អ្នកឯងលោតចុះ លោតឡើង ពស់វាចឹក វាមិនដែលចឹកច្រើនទេ វាចឹកតែមួយទេ។ អ្នកលោតចុះ លោតឡើង លិបលៗហ្នឹង លោតទៅ ព្រោះកម្ពុជាយើងអត់រញ៉េរញ៉ៃ មិនចង់លេងល្បែងជាមួយអ្នកឯងទេ តែបើអ្នកឯងលេង យើងក៏កំដរ។ ល្បែងសេដ្ឋកិច្ច យើងកំដរ ល្បែងជាតិនិយមអ្នកឯងបំផុស ឥឡូវកក្រើកកម្ពុជា ពិតណាស់វាមានអ្នកនយោបាយមួយក្រុម មួយផ្នែកនោះ វារឿងរបស់គាត់ទេ ប៉ុន្តែជាតិមួយ ទាំងមូលដោយកម្ពុជាមិនមែនកម្ពុជាបង្កទេ ប៉ុន្តែគឺដោយសារល្បែងជាតិនិយម ហើយនិងកងទ័ពដូចគ្នា»។
ទោះបីជាបានជួបប្រទះ នឹងទង្វើអមិត្តនានាដោយប្រទេសថៃយ៉ាងណាក៏ដោយ កម្ពុជាបានបន្តបង្ហាញនូវជំហរយ៉ាងច្បាស់ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ នៅតែចង់រក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិភាពល្អជាមួយប្រទេសជិតខាងក្នុងតំបន់។ កម្ពុជា មិនស្វែងរកការបង្កជម្លោះ ឬការប្រឈមមុខឡើយ ប៉ុន្តែនៅជាមួយគ្នានោះ ក៏មិនអាចទទួលយកឱ្យកម្ពុជាខ្លួនឯង ត្រូវប្រទេសថៃ ចង់មួលបង្វិល ឬក្រឡុកតាមចិត្តរបស់ខ្លួននោះដែរ ពីព្រោះកម្ពុជាគឺជាប្រទេស នៃដែនអធិបតេយ្យមួយដែលមិនអាចរងការរំលោភបំពានពីសំណាក់បរទេសណាមួយបានឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើឱ្យស្ថានភាពតាមបណ្តោយព្រំដែនវិលត្រឡប់ទៅសភាពធម្មតាវិញ គឺមិនមែនពិបាកដូចការរុញរទេះ ឱ្យឡើងលើភ្នំឡើយ។ ដំណោះស្រាយគឺច្បាស់ណាស់៖ «បើកច្រកជាមុន និងបន្ទាប់មក គឺការចរចាដកទ័ព»។
សម្តេចបានបញ្ជាក់ថា គន្លឹះដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃនោះទេ៖ «បាល់នៅក្នុងដៃថៃ…ស្ថានភាពដូចដើមវិញ ស្រួលណាស់…ទី១បើកច្រក…បើកច្រករួចហើយ យើងអាចទៅទាហាន និងទាហានជួបគ្នា និងនិយាយគ្នាអំពីការដកកងទ័ព…សាមញ្ញ ប៉ុន្តែឥឡូវសោរនៅគេ។ បើមានចិត្តត្រង់ពិតប្រាកដ ចង់បន្ថយ… ធ្វើទៅ…សោរនៅទីនោះហើយ… ចាក់ទៅ បើកទៅ…យើងនឹងចូលតាមក្រោយជាមួយគ្នា។ នេះគឺជាការពិត»។
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលឆ្លងកាត់នូវវិបត្តិធំៗជាច្រើនរួចមកហើយ ប៉ុន្តែនាវាកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅតែធ្វើដំណើរទៅមុខរបស់ខ្លួនប្រកបដោយជោគជ័យ។ សម្ពាធនយោបាយ សេដ្ឋកិច្ច និងយោធាដែលថៃកំពុងប្រើនិងចង់ដាក់សម្ពាធមកលើកម្ពុជា នឹង មិនអាចធ្វើឱ្យនាវារបស់ប្រទេសកម្ពុជាផ្អៀង ឬវង្វេងទិសពីគោលដៅរបស់ខ្លួនឡើយ។ ស្មារតីជាតិនិយមរបស់ប្រជាជនខ្មែរនៅពេលនេះគឺ រឹងមាំ ច្បាស់លាស់ និងបង្ហាញការរួបរួមជាធ្លុងមួយជាមួយនឹងរាជរដ្ឋាភិបាល និងប្តេជ្ញាដាច់ខាត ក្នុងការការពារមាតុភូមិមិនឱ្យបរទេសសម្លុត ឬឈ្លានពានលើទឹកដីរបស់ខ្លួនបានឡើយ៕