(ភ្នំពេញ)៖ ភាពបែកបាក់គ្នារវាងគ្រួសារសម្តេចតេជោ និងគ្រួសារត្រកូល ថាក់ស៊ីន ត្រូវបានគេមើលឃើញថា ជាព្រឹត្តិការណ៍នយោបាយមួយ ដែលបង្ហាញពីសភាពជាន់ដាននៃប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ។ ក្នុងអតីតកាលសម័យសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ, មេទ័ពសៀមម្នាក់ឈ្មោះ ខូម៉ាន់ Khomnan ឬ Khom Man ដែលធ្លាប់ទទួលការជួយយកអាសារពីព្រះអង្គ ក្រោយមកបានបង្ហាញអាកប្បកិរិយារមិលគុណដាក់មកលើព្រះមហាវីរក្សត្រខ្មែរដូចគ្នានេះដែរ។
មកដល់សម័យបច្ចុប្បន្ននេះ ក៏កើតមានសភាពដូចគ្នានេះទៀត។ គ្រួសាររបស់ ថាក់ស៊ីន ដែលធ្លាប់ទទួលការជួយយ៉ាងអស់ពីចិត្តពីថ្លើមដោយសម្តេចតេជោ ហ៊ុន សែន បានបង្ហាញទង្វើរមិលគុណដូចគ្នា។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅ៖
នៅពេលដែលប្រវត្តិសាស្ត្រ បានកើតឡើងនូវភាពច្រំដែលនៃភាពក្បត់ទំនុកចិត្តសាជាថ្មីម្តងទៀតនោះ ទង្វើកើតឡើងចុងក្រោយនេះ កាន់តែមានភាពល្វីងជូរចត់។ សុន្ទរកថាថ្ងៃទី២៧ ខែមិថុនា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាសុន្ទរកថា បង្ហាញការមិនអាចវិលត្រឡប់ទៅអតីតកាល ដែលធ្លាប់មានរយៈពេលជិត៣០ឆ្នាំវិញ ជាមួយនឹងក្រុមគ្រួសាររបស់ត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិញបានឡើយ។
ភាពរកាំរកូស ដែលនាំឱ្យចំណងនៃមិត្តភាពនៃក្រុមគ្រួសារទាំង២ ត្រូវបានបិទទំព័ររវាងគ្នានិងគ្នា គឺដោយសារតែនយោបាយមិនស្មោះត្រង់របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃ ថងថាន ដែលត្រូវជាកូនស្រី របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា៖ «ខ្ញុំថា ឯកឧត្តម ថាក់ស៊ីន ខ្វះការអប់រំកូន ហើយខ្ញុំត្រូវតែទម្លាយ ខ្ញុំត្រូវតែវាយបកហើយ…ខ្ញុំអត់មានជម្រើសទេ ការប្រមាថនេះ វាធ្ងន់ធ្ងរពេកសម្រាប់ខ្ញុំ សូម្បីតែមកដល់ថ្ងៃទី២៤ (មិថុនា)ហើយ ទម្លាក់បញ្ហាអនឡាញបន្តិចទៀត…ខ្ញុំនិយាយរឿងអនឡាញ ថ្ងៃទី២៤ (មិថុនា) ហើយមកវាយប្រហារកម្ពុជាអំពីបញ្ហាអនឡាញ»។
សារដ៏វែងរយៈពេលជាង៣ម៉ោងកន្លះ របស់សម្តេចតេជោ បានបង្ហាញយ៉ាងច្បាស់ពីការត្រៀមរង់ចាំរបស់កម្ពុជា ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលថៃថ្មី ក្នុងអំឡុងពេលដែលស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងបង្កការព្រួយបារម្ភអំពីហានិភ័យនៃការផ្ទុះជម្លោះ ដោយសារតែភាពខ្វះស្មោះត្រង់របស់រដ្ឋាភិបាលថៃ ក្នុងការចរចាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សុន្ទរកថារបស់សម្តេចតេជោ បានរៀបរាប់នូវទង្វើដ៏គគ្លើនរបស់ថៃ ក្រោយការលួចឆ្លងដែលចូលមកបាញ់សម្លាប់ទាហានល្បាតខ្មែរក្នុងតំបន់មុំ៣ រួចពួកគេបានអនុវត្តជាឯកតោភាគី នៃការបិទច្រកព្រំដែន ការគំរាមផ្ដាច់អគ្គិសនី និងអ៊ីនធឺណិត ការនិយាយខុសពីការពិតជុំវិញករណី Cybercrime ដែលកើតលើទឹកដីថៃ ប៉ុន្តែបែរជាចោទដាក់ មកលើប្រទេសកម្ពុជា រួមនឹងទង្វើល្បិចនយោបាយជាច្រើនទៀត រហូតដល់ការគំរាមកាត់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន្ធជាដើម។ នៅក្នុងការឆ្លើយតបដោយបង្ហាញភាពរឹងមាំរបស់កម្ពុជាលើខឿន អធិបតេយ្យភាពជាតិរបស់ ខ្លួន រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្តាច់ផ្ទាល់ដោយខ្លួនឯង ដើម្បីបញ្ជាក់ថា ទោះគ្មានថៃ ក៏កម្ពុជាក៏នៅអាចរស់ដោយឯករាជ្យភាព និងសមត្ថភាពរបស់ខ្លួនបានដែរ។
កម្ពុជា បើទោះបីជាបង្ហាញនូវភាពប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ពិតមែន ប៉ុន្តែកម្ពុជា មិនអាចយកសេចក្តីថ្លៃថ្នូរ ឬអធិបតេយ្យភាពរបស់ជាតិខ្លួន ទៅប្រឡែងលេងនឹងល្បែងនយោបាយ ដែលគ្មានភាពស្មោះត្រង់របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នឡើយ។
នៅចំពោះមុខល្បែងនយោបាយនៃភាពមិនស្មោះត្រង់ខាងការទូត និងការឃើញទង្វើក្បត់ សូម្បីតែជាតិសាសន៍ថៃរបស់ខ្លួនឯង ក៏នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ហ៊ានធ្វើទៅហើយទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមថ្មីរបស់កម្ពុជា ជាមួយនឹងរដ្ឋាភិបាលថ្មីរបស់ថៃ៖
«ហើយកម្ពុជាក៏មិនអាចធ្វើការជាមួយនាយករដ្ឋមន្រ្តីបែបនេះកើតដែរ។ យើងរងចាំធ្វើការជាមួយនឹងនាយករដ្ឋមន្រ្តីថ្មី។ កុំថាខ្ញុំជ្រៀតជ្រែកលូកដៃទៅលើបញ្ហាការទម្លាក់រដ្ឋាភិបាលថៃ, អត់ទេ…! ប៉ុន្តែខ្ញុំគ្រាន់តែផ្តល់ឱ្យទៅប្រទេសថៃបានដឹងថា នាយករដ្ឋមន្រ្តីធ្វើអំពើស្មោគគ្រោកបែបណាចំពោះជាតិសាសន៍ខ្លួនតែប៉ុណ្ណោះ។ ការប្រមាថចំពោះនាយទាហានម្នាក់ ដែលជាប្រធានយោធភូមិភាគ វាជាការប្រមាថព្រះមហាក្សត្រថៃ ព្រោះការតែងតាំងឧត្តមសេនីយ៍ គឺមានតែព្រះមហាក្សត្រទេ ដែលចេញព្រះរាជក្រិត្យតែងតាំង»។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃ ថងថាន បានបញ្ជាក់ក្នុងសម្លេងបែកធ្លាយកាលពីថ្ងៃទី១៥ មិថុនា ថា លោក ឧត្តមសេនីយ៍ទោ ប៊ុនសុង ផាត់ខ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគទី២ របស់កងទ័ពថៃ គឺជាអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាល និងជាសត្រូវផ្ទៃក្នុងនៃរដ្ឋាភិបាលថៃផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសម្តីដែលប្រមាថមេទ័ពរបស់ខ្លួនឯងនោះ គឺជាល្បិចកលនយោបាយ និងជាទង្វើក្បត់ផលប្រយោជន៍ជាតិ និងសាសន៍របស់ថៃ ដែលមិនអាចទទួលយកបានក្នុងចំណោមមនុស្សមានមុខងារទីសំខាន់ជាប្រមុខរាជរដ្ឋាភិបាលឡើយ។ ទង្វើនេះ មិនត្រឹមតែខ្វះសីលធម៌នយោបាយប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីភាពខ្វះទសពិតរាជធម៌ ដែលមិនសមស្របនឹងសភាពជាអ្នកដឹកនាំប្រទេសឡើយ។
សម្តេចតេជោបានថ្លែងថា៖ «បើគេក្បត់គ្នាគេនៃជាតិសាសន៍ថៃដូចគ្នាហើយ ថ្ងៃក្រោយ គេគង់នឹងក្បត់ជាមួយយើង ដូចគ្នាដែរ។ ប្រមាថឧត្តមសេនីយ៍ទោម្នាក់, មិនចាំបាច់ថាឧត្តមសេនីយ៍ទោទេ ខ្ញុំហៅត្រឹមឧត្តមសេនីយ៍ អញ្ចឹងចុះ គឺស្មើនឹងការប្រមាថអង្គព្រះមហាក្សត្រថៃតែម្តង តើជាអំពើអ្វី? ទុកឱ្យថៃ វិនិច្ឆ័យខ្លួនឯងទៅ…ប៉ុន្តែសម្រាប់ ហ៊ុន សែន លោកជំទាវថាតាក់ទិចចរចា ឬយុទ្ធសាស្ត្រចរចាលោកជំទាវមើល ហ៊ុន សែន ខុសហើយ លើលោកនេះដូចជាមិនទាន់មាននរណា ដែលអាចបោកប្រាស់ ហ៊ុន សែន ទៅរួចទេ, ដែលអាចមានប្រៀបចរចានឹងហ៊ុនសែនទេ»។
ក្នុងរយៈពេលជិត៣ទសវត្សរ៍ សម្តេចតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា និងគ្រួសាររបស់ ថាក់ស៊ីន មានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ ដែលផ្អែកលើគោលការណ៍គាំទ្រនយោបាយសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយការគោរពរាប់អាន។ ការជួយលោកស្រី Yingluck Shinawatra ប្អូនស្រីរបស់លោក ថាក់ស៊ីន ក្នុងការជៀសវាងការចាប់ខ្លួនពីប្រទេសថៃ តាមរយៈទឹកដីកម្ពុជា គឺជាភស្តុតាងដ៏ច្បាស់លាស់នៃសេចក្ដីមេត្តាករុណា និងការរាប់អានយូរឆ្នាំរវាងសម្តេច ហ៊ុន សែន និងគ្រួសារថាក់ស៊ីន។ ប៉ុន្តែ បន្ទាប់ពីគ្រួសារនេះនាំឱ្យកូនស្រីឡើងកាន់អំណាចក្នុងនាមនាយករដ្ឋមន្ត្រីថៃ ការស្មោះត្រង់នៃទំនុកចិត្តដែលបានស្ថាបនាឡើងជាយូរឆ្នាំ បានរលាយបាត់ទៅដោយមិនគួរឱ្យជឿ។
សន្ទរកថារបស់សម្តេចតេជោ បានលាតត្រដាងយ៉ាងច្បាស់អំពីទង្វើក្បត់គ្នាទៅវិញទៅមកជាច្រើនក្នុងស្រទាប់របស់អ្នកដឹកនាំនយោបាយកំពូលក្នុងប្រទេសថៃ ដែលបង្ហាញនូវការតស៊ូអំណាចផ្ទៃក្នុង និងល្បិចកលនយោបាយជាប្រចាំ។ ល្បែងនយោបាយនេះ មិនត្រឹមតែជាសញ្ញាបង្ហាញអំពីភាពមិនរឹងមាំនៃរដ្ឋាភិបាលមួយក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែជាហានិភ័យបន្ថែមដល់ស្ថេរភាពតំបន់។
ចំណោទដ៏សំខាន់សម្រាប់អាស៊ាននាពេលបច្ចុប្បន្នគឺ ប្រសិនបើរដ្ឋាភិបាលថៃមិនអាចទទួលបានការជឿទុកចិត្តពីប្រជាជនរបស់ខ្លួនផ្ទាល់បានវិញនោះ, តើប្រទេសជិតខាង និងសមាជិកអាស៊ានដទៃទៀតអាចជឿទុកចិត្តការដឹកនាំរបស់ថៃបានដោយរបៀបណា?
បញ្ហានេះមិនមែនសំដៅលើរដ្ឋាភិបាលមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា ភាពស្មោះត្រង់ និងភាពជាក់លាក់នយោបាយ គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការជឿទុកចិត្តរវាងប្រទេសក្នុងតំបន់។ ហើយការខ្វះសុចរិតភាពក្នុងការដឹកនាំ គឺអាចប៉ះពាល់ដល់ភាពរឹងមាំនៃសហគមន៍អាស៊ានទាំងមូល។ កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព មិនស្វែងរកការប្រឈមមុខដាក់គ្នាឡើយ ប៉ុន្តែអស្ថិរភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន គឺជាកត្តាមួយ ដែលបង្កសភាពស្មុគស្មាញ និងគួរឱ្យព្រួយបារម្ភ គប្បីត្រូវបានដោះស្រាយយ៉ាងបន្ទាន់។ ពីព្រោះវិបត្តិនយោបាយក្នុងប្រទេសថៃកំពុងប៉ះពាល់ដល់ស្ថេរភាពក្នុងតំបន់ និងកំពុងបង្កផលប៉ះពាល់ចំពោះប្រទេសជិតខាងជាពិសេសកម្ពុជា។
ទោះបីជាទំនាក់ទំនងរវាងកម្ពុជា និងថៃបានឈានដល់ដំណាក់កាលដ៏លំបាកក៏ដោយ ក៏កម្ពុជាមិនធ្វើការបិទទ្វារដោយខ្លួនឯងឡើយ។ ជាជាតិដែលគោរពសន្តិភាព និងភាពជាដៃគូ, ប្រទេសកម្ពុជា នៅតែចាត់ទុកថៃជាប្រទេសនៃមិត្តរបស់កម្ពុជាជារៀងដរាប។ កម្ពុជាគ្រាន់តែរង់ចាំរដ្ឋាភិបាលថៃថ្មីមួយ ដែលអាចស្ថាបនាទំនាក់ទំនងលើគោលការណ៍ស្មោះត្រង់ មិនបង្កអរិភាពដល់អ្នកជិតខាង ហើយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជនថៃជាលក្ខណៈអាទិភាព។
នោះមិនមែនជារដ្ឋាភិបាលដែលប្រើវិធានការបិទច្រកព្រំដែន បង្កភាពអុកឡុកវិបត្តិសេដ្ឋកិច្ច និងបង្កើតការលំបាកក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឡើយ៖ «តែខ្ញុំនៅតែអះអាងថា ប្រជាជនថៃ មិនមែនជាសត្រូវរបស់កម្ពុជាទេ។ ប្រជាជនថៃ ត្រូវតែជាមិត្តនឹងកម្ពុជា ហើយខ្ញុំក៍ជឿថា ប្រជាជនថៃក៏ចង់កម្ពុជាធ្វើមិត្តដែរ។ បើយើងជ្រើសរើសយកវិធីសាស្ត្រឈ្នះៗ មានផលចំណេញទាំងអស់គ្នា ថៃមានផលចំណេញជាងកម្ពុជា។ កម្ពុជាប្រជាជនតែ១៧លាននាក់ទេ តែកម្លាំងទិញវាធំណាស់ៗ …គិតមើល យើងនាំទៅថៃតែ១,១០០លាន តែយើងនាំពីថៃមកវិញ ៥,២០០លាន អាហ្នឹងជាតួលេខផ្លូវការ ចុះតួលេខអត់ផ្លូវការទៀតវាប៉ុន្មាន?
ភាពក្បត់ទំនុកចិត្តរបស់គ្រួសារលោក ថាក់ស៊ីន ចំពោះគ្រួសារត្រកូលហ៊ុន ដែលធ្លាប់បានបំផុសគុណនិងជួយស្រោចស្រង់ក្នុងពេលដ៏លំបាកនោះ បានជម្រុញឱ្យមានការរំលឹកដល់អតីតកាលមួយពេលដែលសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ បានផ្តល់ការជួយដល់មេទ័ពសៀមម្នាក់ឈ្មោះ Khomnan ឬ Khom Man។ ប៉ុន្តែមេទ័ពសៀមរូបនោះ នៅចុងក្រោយបានបង្ហាញភាពរមិលគុណ ធ្វើអំពើក្បត់ដាក់មកលើសម្តេចព្រះបរមរតនកោដ្ឋវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពកើតឡើងបច្ចុប្បន្ននេះហាក់ដូចជាជាន់ដានប្រវត្តិសាស្ត្រនៃភាពរមិលគុណ៖ «នេះវាជាន់ដានប្រវត្តិសាស្រ្តហើយ។ កាលពីព្រះករុណាបិតាសង្រ្គោះ ខូម៉ាន់ៗ រត់មកជ្រកកោននៅកម្ពុជា…ដល់ចេញពីកម្ពុជាទៅវិញ ខូម៉ាន់លេងព្រះករុណាចាស់ដៃ…ឥឡូវដល់ម្តងទៀត ជាន់ដានប្រវត្តិសាស្រ្តដដែល»។
នេះក៏ជាមេរៀនមួយដែលត្រូវចងចាំថា សេចក្ដីមេត្តាករុណានៅក្នុងទំនាក់ទំនងនយោបាយ មិនមែនតែងតែបានផលតបស្នងមកវិញជាភាពស្មោះត្រង់នោះទេ។ ប្រវត្តិសាស្ត្រនៃអំពើរមិលគុណនោះ ត្រូវគេនឹងចារិកទុកក្នុងប្រវត្តិសាស្ត្រសាជាថ្មី ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយត្រូវប្រុងប្រយ័ត្នមិនត្រូវឱ្យធ្លាក់ក្នុងដាននៃប្រវត្តិសាស្ត្រច្រំដែលនេះទៀតឡើយ៕