(ភ្នំពេញ)៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ជាផ្លូវការហើយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខណៈកំពុងបន្តពិនិត្យមើលញត្តិ ដែលចោទប្រកាន់លោកស្រីពីបទរំលោភក្រមសីលធម៌ពាក់ព័ន្ធនឹងការបែកធ្លាយទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra ដែលការសម្រេចនេះ គឺបណ្តាលមកពីញត្តិប្តឹង របស់សមាជិកព្រឹទ្ធសភាថៃចំនួន៣៦រូប។

លោកស្រី Paetongtarn Shinawatra ត្រូវបានសមាជិកព្រឹទ្ធសភាថៃទាំងនោះ បានចោទប្រកាន់លើទង្វើខុសក្រមសីលធម៌ បន្ទាប់ពីមានការលេចធ្លាយកិច្ចសន្ទនាសម្លេងរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ ជាមួយនឹងមេដឹកនាំនៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការប្រកាសព្យួរតំណែងនេះ បានបង្ហាញនូវដំណើរគ្រោះថ្នាក់នយោបាយមួយ ដែលបង្កឡើងដោយភាពមិនស្មោះត្រង់របស់មេដឹកនាំថៃ ក្នុងទង្វើគ្រប់គ្រងប្រទេស និងភាពបិទបាំងរបស់ខ្លួនលើទំនាក់ទំនងអន្ដរជាតិ។

ភាពមិនស្មោះត្រង់របស់លោកស្រី Paetongtarn Shinawatra បាននាំឲ្យប្រព័ន្ធនយោបាយរបស់ខ្លួនបានជួបនូវការដួលរលំដ៏ធំមួយ។ ចាប់ផ្តើមពីល្បែងបិទបើកនូវច្រកព្រំដែន ដែលបង្កអរិភាពដល់ប្រទេសកម្ពុជា រហូតដល់ការរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ឥឡូវនេះបានឈានដល់ការសម្រេចពីតុលាការជាន់ខ្ពស់ថែមទៀតនោះ កំពុងបង្ហាញនូវភាពរញ៉េរញ៉ៃនៃទង្វើដឹកនាំនយោបាយរបស់ថៃ ក្រោមការដឹកនាំរបស់លោកស្រី Paetongtarn Shinawatra ជាមេដឹកនាំមួយ ដែលមានតែឈ្មោះ ប៉ុន្តែគ្មានអំណាចនៅក្នុងការសម្រេចលើជោគវាសនារបស់ប្រទេសជាតិថៃឡើយ។ ជាមួយនឹងការព្យួរតំណែងនេះ ឧបនាយករដ្ឋមន្ត្រីថៃមួយរូប គឺលោក ស៊ូរីយ៉ា ជុងរុងរៀងគិត Suriya Jungrungreangkit ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំរដ្ឋាភិបាលចាំផ្ទះ។

* ការព្យួរតំណែង គឺជាសញ្ញាបង្ហាញអសមត្ថភាពក្នុងការដឹកនាំ៖
ការសម្រេចពីតុលាការធម្មនុញ្ញ ក្នុងការព្យួរតំណែងលោកស្រី Paetongtarn Shinawatra ខណៈការស៊ើបអង្កេតកំពុងបន្ត បានបញ្ជាក់ជាថ្មី ពីក្តីព្រួយបារម្ភជាសាធារណៈចំពោះភាពខ្វះតម្លាភាព និងភាពមិនស្មោះត្រង់ក្នុងការគ្រប់គ្រងរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះ។ ទោះបីត្រូវបានព្យួរពីតំណែងជាអ្នកដឹកនាំរាជរដ្ឋាភិបាលក៏ដោយ លោកស្រី Paetongtarn នៅបន្តមានតំណែងនៅក្នុងគណៈរដ្ឋមន្ត្រីចាំផ្ទះរបស់ខ្លួន ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ អាស្រ័យលើការតែងតាំងថ្មី ដែលទទួលបានការយល់ព្រមពីព្រះមហាក្សត្រថៃ តាមបញ្ជីរុះរើរបស់គណរដ្ឋមន្ត្រីថ្មី។

ការព្យួរតំណែងនេះ មិនត្រឹមតែជាដំណើរការសិទ្ធិនិងកាតព្វកិច្ចតាមច្បាប់ទេ ប៉ុន្តែជាសញ្ញាបង្ហាញពីវិបត្តិនៃភាពអស្ថិរភាពនយោបាយក្នុងប្រទេសថៃផងដែរ។ ការដឹកនាំដោយគ្មានភាពច្បាស់លាស់ និងសេចក្តីទទួលខុសត្រូវក្នុងករណីទាក់ទងនឹងទំនាក់ទំនងអន្ដរជាតិសំខាន់ៗពិសេសជាមួយប្រទេសជិតខាងដូចជាកម្ពុជា បានជះឥទ្ធិពលខ្លាំងដល់ភាពជឿជាក់ និងស្មារតីរួបរួមនៅក្នុងតំបន់។ ទាំងនេះបានបញ្ជាក់ថា ភាពខ្វះស្ថិរភាពក្នុងថៃ មិនបានបង្កឡើងដោយសត្រូវពីខាងក្រៅនោះទេ ប៉ុន្តែដោយសារភាពខ្វះសុចរិតភាពក្នុងការដឹកនាំផ្ទៃក្នុងរបស់ខ្លួន។

* តើនឹងមានអ្វីកើតឡើងជាបន្ទាប់?
បច្ចុប្បន្ននេះ បន្ទាប់ពីមានការព្យួរតួនាទី លោកស្រី Paetongtarn Shinawatra, តុលាការធម្មនុញ្ញថៃ កំពុងពិនិត្យជាផ្លូវការនូវសំណុំរឿងដែលជាប់ពាក់ព័ន្ធនឹងការរំលោភក្រមសីលធម៌ ដោយផ្អែកលើញត្តិ ដែលបានដាក់ស្នើដោយសមាជិកព្រឹទ្ធសភាថៃចំនួន៣៦រូប។ ជាផ្នែកមួយនៃដំណើរការនេះ មានលទ្ធផលសំខាន់៣ ដែលត្រូវបានរំពឹងថានឹងអាចកើតឡើងតាមសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ប្រទេសថៃនេះ៖

១. ការច្រានចោលញត្តិ៖ ប្រសិនបើតុលាការសម្រេចច្រានចោលញត្តិប្តឹងនោះ លោកស្រី Paetongtarn នឹងអាចត្រលប់មកបំពេញតួនាទីជានាយករដ្ឋមន្ត្រីវិញបានភ្លាមៗ។
២. បន្តព្យួរតំណែងជាបណ្តោះអាសន្ន៖ មានន័យថា លោកស្រី Paetongtarn នឹងបន្តស្ថិតក្នុងស្ថានភាពព្យួរតំណែង ជានាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចចុងក្រោយ។
៣. បណ្តេញចេញពីតំណែង៖ ប្រសិនបើតុលាការសម្រេចឲ្យលោកស្រីផ្តាច់ចេញពីតំណែងនោះ វានឹងបណ្តាលឲ្យមានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ឬអាចនាំឲ្យមានការរំលាយសភា ហើយនាំទៅស្ថានភាពនយោបាយថ្មីបន្ថែមទៀត។

លទ្ធផលណាមួយក៏ដោយ ក្នុងចំណោមលទ្ធផលទាំងបីនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពនយោបាយក្នុងប្រទេសថៃ និងភាពជឿជាក់របស់ប្រជាពលរដ្ឋថៃនៅចំពោះគ្រប់ស្ថាប័នជាសាធារណៈ។ សេចក្តីសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញលើករណីនេះ អាចត្រូវប្រើពេលវេលាច្រើនសប្តាហ៍ ឬច្រើនខែ អាស្រ័យលើកាលវិភាគរបស់តុលាការ។

លោកស្រី Paetongtarn Shinawatra នៅថ្ងៃទី១ ខែកក្កដានេះ បន្ទាប់ពីមានការសម្រេចព្យួរតំណែង បានថ្លែងជាសាធារណៈ នូវការទទួលយកសេចក្តីសម្រេចរបស់តុលាការ និងសុំទោសចំពោះប្រជាពលរដ្ឋថៃ។ យោងតាមផ្លូវច្បាប់ លោកស្រី Paetongtarn មានពេល១៥ថ្ងៃ ដើម្បីបញ្ជូនការឆ្លើយតបជាផ្លូវការរបស់នាងតាមតម្រូវការរបស់តុលាការ។

* ភាពមិនស្មោះត្រង់នៃការដឹកនាំ បង្កើតភាពបែកបាក់ក្នុងសម្ព័ន្ធភាពនយោបាយ
គណបក្ស Bhumjaithai បានចាកចេញពីសម្ព័ន្ធភាពនយោបាយចម្រុះនេះមុនគេ បន្ទាប់ពីការបែកធ្លាយទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងមេដឹកនាំនៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គណបក្ស Bhumjaithai បានចោទលោកស្រី Paetongtarn Shinawatra នូវភាពរំលោភលើក្រមសីលធម៌ និងធ្វើឱ្យប៉ះពាល់ដល់សេចក្ដីទុកចិត្ត និងភាពស្មោះត្រង់ក្នុងការដឹកនាំប្រទេស។

ជាមួយនឹងការដកខ្លួននេះ គណបក្ស Bhumjaithai បានអំពាវនាវឱ្យមានការបោះឆ្នោតមិនទុកចិត្ត ដល់រដ្ឋាភិបាល Paetongtarn នោះថែមទៀត។ ដូច្នេះប្រសិនបើបក្សនយោបាយដែលជាដៃគូចម្រុះដទៃទៀត បន្តដកខ្លួនផងទៀតនោះ វានឹងអាចធ្វើឱ្យរដ្ឋាភិបាលថៃបាត់បង់សំឡេងភាគច្រើនក្នុងសភា និងជាហានិភ័យ នាំឱ្យមានការបោះឆ្នោតសកលមុនកំណត់ ឬនាំឱ្យមានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ផងទៀត។ លទ្ធផលនេះ នឹងបន្ថែមភាពអស្ថិរភាពនយោបាយ និងភាពមិនប្រក្រតីនៃទិសដៅនយោបាយថៃនាពេលអនាគត។

* ភាពមិនស្មោះត្រង់ ជម្រុញគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ ស៊ើបអង្កេត
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) នៅជាមួយគ្នានេះ កំពុងធ្វើការស៊ើបអង្កេតលើក្រមសីលធម៌ដាច់ដោយឡែកផ្សេងទៀត ដែលអាចនាំឱ្យមានការដកសិទ្ធិពីតំណែងអចិន្ត្រៃយ៍ ដោយមិនគិតពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ។

ប្រវត្តិនយោបាយថៃបានបង្ហាញថា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ NACC គឺជាស្ថាប័នដែលមានឥទ្ធិពល និងសិទ្ធិខ្លាំងក្លា ក្នុងការបង្ហាញកំហុសសីលធម៌របស់មន្ត្រីជាន់ខ្ពស់ ដោយមានសំណើចំពោះសភា ឬការផ្តល់សេចក្តីអនុសាសន៍ជាផ្លូវការ។ ដូច្នេះបើទោះបីជា តុលាការធម្មនុញ្ញថៃ មិនបណ្តេញរួបលោកស្រីចេញពីតំណែងក៏ដោយ ក៏គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ អាចមានសិទ្ធិធ្វើសេចក្តីសម្រេចដកសិទ្ធិនយោបាយដឹកនាំ របស់លោកស្រីបានដែរបើសិនជារកឃើញថាមានកំហុស។

ការផ្អាកតួនាទីរបស់នាយករដ្ឋមន្ត្រីថៃ ជាមួយនឹងការរង់ចាំការសម្រេចពីតុលាការធម្មនុញ្ញនេះ ទំនងមិនមែនជារឿងថ្មីទេ។ ប្រទេសថៃធ្លាប់មានករណីនេះច្រើនលើករួចមកហើយ ដូចជា ករណីអតីតលោក ប្រាយុទ្ធ ចាន់អូចា ក៏ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញព្យួរពីតំណែងនាយករដ្ឋមន្ត្រីផងដែរ។ ប៉ុន្តែក្រោយមក តុលាការធម្មនុញ្ញនេះ បានប្រគល់តំណែងឱ្យលោក ប្រាយុទ្ធ ចាន់អូចា វិញ។ ចំណែក អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏ត្រូវបានតុលាការធម្មនុញ្ញ ទម្លាក់ចេញពីតំណែងកាលពីខែសីហា ឆ្នាំ២០២៤ផងដែរ។ ក្នុងករណីផ្សេងទៀត ដូចជាលោកស្រី Yingluck Shinawatra ក៏ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំដដែល លោកស្រីត្រូវបានយោធាធ្វើរដ្ឋប្រហារ ដោយសារតែរដ្ឋមន្ត្រីមួយចំនួន ក្នុងរដ្ឋាភិបាលរបស់លោកស្រី មិនព្រមចុះចេញពីតំណែង។

ក្នុងពាក្យបណ្ដឹងផ្សេងដាច់ដោយឡែកមួយទៀត ដែលត្រូវបានដាក់ជូនការិយាល័យស៊ើបអង្កេតកណ្ដាល មានការចោទប្រកាន់ដល់លោកស្រី Paetongtarn ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខជាតិ។ អតីតសមាជិកព្រឹទ្ធសភាថៃ លោក សុមឆៃ សាវ៉ាងកាន់ Somchai Sawangkan បានថ្លែងថា លោកស្រី Paetongtarn បានបំពានលើមាត្រា១១៩ នៃក្រមព្រហ្មទណ្ឌថៃ ដែលច្បាប់បានចែងថា «ជនណាដែលប្រព្រឹត្តសកម្មភាព ធ្វើឱ្យថៃ ឬផ្នែកណាមួយរបស់ថៃ ស្ថិតនៅក្រោមអធិបតេយ្យនៃបរទេសមួយ ឬក៏បំផ្លាញឯករាជ្យភាពរបស់ថៃ នឹងត្រូវកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត»។

ប្រទេសថៃត្រូវការចាប់ផ្តើមថ្មីរបស់ខ្លួន ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលជាអ្នកមានសមត្ថភាពពិតប្រាកដ តម្លាភាព និងប្តេជ្ញាដឹកនាំប្រទេស ដោយមិនបង្កអរិភាពចំពោះរដ្ឋជិតខាង ជាពិសេសកម្ពុជា។ ដោយសារជម្លោះព្រំដែនដែលកំពុងកើតឡើងក្នុងរង្វង់អសមត្ថភាព របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន, រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអាចធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានឡើយ។ កម្ពុជារំពឹងថានឹងធ្វើការជាមួយមេដឹកនាំថៃថ្មី ដែលមានអំណាចធ្វើការសម្រេចចិត្តដោយច្បាស់លាស់និងពិតប្រាកដ ហើយអាចដោះស្រាយបញ្ហាទ្វេភាគីដោយការទទួលខុសត្រូវ និងការគោរពគ្នាទៅវិញទៅមក៕