(អាមេរិក)៖ លោក John Owen Brennan កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៥ បច្ចុប្បន្នជាប្រធាន​ភ្នាក់ងារ​ស៊ើប​អង្កេត​កណ្តាល ​របស់​សហរដ្ឋអាម៉េរិក ហៅកាត់ថា CIA។ លោកជាកូន​ប្រុសរបស់​ជនអន្តោប្រវេសន៍​ ដែលធ្វើដំណើរ​ពី​តំបន់ Roscommon ប្រទេសអៀឡង់។ លោក Brennan រៀបការជាមួយលោកស្រី Kathy Pokluda Brennan ហើយមានកូនបីនាក់ ក្នុងនោះមានកូន​ប្រុសម្នាក់ និងកូនស្រីភ្លោះពីរនាក់។

កាលពីនៅវ័យ​ក្មេង លោកធ្លាប់ចូលរៀននៅសាលា Heart of Mary និងបញ្ចប់ការសិក្សា​ពីសាលា Saint Joseph ក្នុងនៅរដ្ឋ New Jersey ក្រោយមកលោកក៏ចូលរៀន នៅសកលវិទ្យាល័យ  Fordham University នៅទីក្រុងញ៉ូវយក និងចាប់យកជំនាញវិទ្យាសាស្ត្រនយោបាយ។ លោកជាមនុស្សម្នាក់ដែល​អាចនិយាយភាសាអារ៉ាប់ បានយ៉ាងស្ទាត់ជំនាញ។ ប្រធានភ្នាក់ងារស៊ើបអង្កេតរូបនេះបានឲ្យដឹងថា តាមដែលលោកចាំបាន ក្នុងពេល​ជិះលើរថយន្តក្រុង​ទៅសាលាលោកធ្លាប់អានព័ត៌មាន​ដែលផ្តល់ដំណឹង ស្តីពី​ការ​ជ្រើសរើសបុគ្គលិក​​ CIA លោកពិតជារំភើបដោយសារការងារនេះ ស្របជាមួយនឹង​ក្តីស្រមៃ និងឆន្ទៈរបស់​លោក ដោយលោកមានបំណងចង់បម្រើការងារ ផ្នែកសេវាកម្មសាធារណៈ​បែបនេះ។

ដោយកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យលោក Brennan ក៏អាចធ្វើនៅ ​CIA បានសម្រេចដូចបំណង។ លោកបានចំណាយពេល​រហូតជាង​ ២៥ឆ្នាំជាមួយ​ CIA លើផ្នែកផ្សេងៗដូចជា អ្នកវិភាគ ប្រធាន​ស្នាក់ការ CIA នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រធានមជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេវរករជាដើម។ មុនពេលក្លាយជាប្រធានភ្នាក់ងារ CIA លោកក៏ធ្លាប់ជា​ប្រធានមជ្ឈមណ្ឌលជាតិ​ប្រឆាំងភេវរករ និងជាក្រុមប្រឹក្សា​សន្តិសុខ​សហរដ្ឋអាម៉េរិក​ ​និងជាជំនួយការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក​ផងដែរ។ ភារៈកិច្ចរបស់លោក គឺត្រួតពិនិត្យគម្រោងដើម្បី​ការពារ​​ប្រទេស ពីការ​វាយប្រហារដោយ​ក្រុម​ភេវរករ និងគ្រោះមហន្តរាយ ព្រមទាំងមានតួនាទីត្រូវជួបជាមួយ​​ប្រធានាធិបតី​ជារៀងរាល់ថ្ងៃ។

កាលពីមុន​លោក ត្រូវបានដកចេញពី​បញ្ជីឈ្មោះបេក្ខជន ដែលពិចារណា​តែងតាំង​ធ្វើប្រធាន​របស់ភ្នាក់ងារ CIA ដោយបារម្ភខ្លាចថា លោកជាមនុស្សម្នាក់ពាក់ព័ទ្ធ ឬគាំទ្រចំពោះការប្រើ​ប្រា​ស់​ ទារុណ​កម្មព្រៃផ្សៃផ្សេងៗទៅលើអ្នកទោសដូចជា Waterboard ជាដើម (ជាប្រភេទទារុណកម្មដ៏ព្រៃផ្សៃ គ្របក្រណាត់លើមុខ ហើយចាក់ទឹកពីលើ ដើម្បីឲ្យជនរងគ្រោះពិបាកដកដង្ហើម)។ ក្រោមការដឹកនាំ​របស់រដ្ឋាភិបាលលោក George W.Bush ភ្នាក់ងារ CIA ត្រូវបានគេចោទប្រកាន់ថា ធ្លាប់ធ្វើទារុណបែបនេះទៅលើអ្នកទោស​ ។ ហេតុនេះ លោក Brennan ត្រូវបានតែងតាំងត្រឹមជា​តំណាង អ្នកប្រឹក្សាសន្តិសុខជា​តិជំនួសវិញ​ ដោយសារតួនាទីនេះ មិនចាំបាច់ត្រូវការសេចក្តីសម្រេចពី​សភាសហរដ្ឋអាម៉េរិក។

យ៉ាងនេះក្តីតែនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ លោក អូបាម៉ា បានតែងតាំងលោក​ជា​ប្រធាន CIA ហើយលោកបានស្បថចូលកាន់ដំណែង​ជាប្រធានរបស់ CIA ក្នុងថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ២០១៣​​កន្លងទៅនេះ។

មុនពេលក្លាយជា​ប្រធាន CIA សហគមន៍ ACLU បានស្នើសភាមិនឲ្យចេញសេចក្តី​សម្រេច លើការ​តែងតាំងរបស់​​លោក ដោយរង់ចាំរហូតដល់​រកឃើញថា ទង្វើទាំងអស់របស់លោក ​មិនផ្ទុយពីច្បាប់​របស់ ​CIA និងសេតវិមាន។ លោកត្រូវបានទទួលស្គាល់ ដោយ​គណៈកម្មាធិការស៊ើបអង្កេត​របស់​សភាអាម៉េរិក នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ហើយបានសម្រេចតែងតាំងលោកធ្វើជាប្រធាន CIA បន្តដំណែងពីលោក David Petraeus​ តាមរយៈការបោះឆ្នោត ដោយទទួលបានសម្លេងគាំទ្រ​ ១២សម្លេង​ទល់​នឹង ៣សម្លេង។

សូមជម្រាបថា ក្នុងអាណត្តិរបស់លោកក្នុងនាមជាប្រធានរបស់ CIA មាន​រឿងអាស្រូវមួយចំនួន​កើតឡើងដូចជា ភ្នាក់ងារ CIA បាន hack ចូលទៅក្នុង​ប្រព័ន្ធកុំព្យូទ័ររបស់​បុគ្គលិកសភាអាម៉េរិក និងការចេញរបាយការណ៍ ស្តីពី​ការធ្វើទណ្ឌរបស់​ក្រុម CIA ទៅលើអ្នកទោសជាដើម៕