(ភ្នំពេញ)៖ ក្រៅអំពីការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីយុតិ្តធម៌អនីតិជន ក្នុងនោះគណៈរដ្ឋ មន្រ្តីក៏បានអនុម័តលើការត្រៀមរៀបចំផែនការ​ សកម្មភាពជាច្រើនសម្រាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ ដោយគណៈរដ្ឋមន្ត្រី បានសម្រេចផ្តល់តួនាទីដល់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ធ្វើជាប្រធានកីឡា SEA Games រួមទាំងមានទេសរដ្ឋមន្ត្រីមួយចំនួនទៀត ជាអនុប្រធាន ក្នុងនោះមាន ឯកឧត្តម អូន ព័ន្ឋមុន្នីរ័ត្ន ផងដែរ នេះបើយោងតាម Facebook របស់សម្តេចចេញមុននេះបន្តិច។

ក្រៅអំពីថវិកាសាងសង់ពហុកីឡដ្ឋាន ដែលជាជំនួយពីមហាមិត្តចិន រាជរដ្ឋាភិបាលកម្ពុជា ត្រៀមប្រាក់បម្រុងប្រមាណ ជាង៤០លានដុល្លារថែមទៀត ទុកសម្រាប់ការរៀបចំការប្រកួតកីឡា SEA Games នៅឆ្នាំ២០២៣ ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ- កីឡាការិនីកម្ពុជា ទូទាំងប្រទេសខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាព លើវិញ្ញាសាកីឡាគ្រប់ប្រភេទ ដើម្បីត្រៀមប្រកួតប្រជែងដណ្តើមមេដាយ និងជ័យជំនះជូនប្រទេសជាតិនៅក្នុងកីឡា SEA Games ឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ១៩៥៨ មក។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី សូមជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខនៅក្នុងឆ្នាំថ្មីនេះ ហើយចូលរួមលើកតម្កើងស្នាដៃកូនខ្មែរ រួមទាំងបទចំរៀងដែលកំពុងល្បី «រាំញីកែងជើង»៕