(រតនគិរី)៖ មន្រ្តីអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំង អាវុធហត្ថក្រុងបានលុង ដឹកនាំបញ្ជាផ្ទាល់ដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនវៃយ៍ ជូ ចំកាត់ ជាក្រុមហ៊ុនផលិតកាវ 502 នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នេះ បានចុះប្រតិបត្តិការឆែកឆេរទីតាំងលក់កាវ 502 ក្លែងក្លាយចំនួនពីរកន្លែង ក្នុងក្រុងបានលុង។
សមត្ថកិច្ចចុះប្រតិបត្តិការឆែកឆេរ ប្រាប់ឲ្យដឹងថា ទីតាំងលក់កាវ 502 នេះ ទី១.មានយីហោ «អាដា» ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក និងទី២.មានយីហោ «សេកុងកាន់» ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយវត្ថុតាងដកហូតរួមមាន កាវ 502 ដបតូច ចំនួន ៤៥០ដប ដបកណ្តាល ៨៥ដប ដបធំ ៣៥ដប និងដបសំប៉ែត១២០ដប លាយចម្រុះគ្នា។
លោក ឌួង សុគន្ធថៃ បុគ្គលិកទីផ្សារក្រុមហ៊ុនវៃយ៍ជូចំកាត់ ប្រាប់ភ្នាក់ងារ FRESH NEWS ឲ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ តាមដានកំណត់គោលដៅ (កន្លែងលក់ដូរ-ចែកចាយលក់ ផលិតផលកាវ 502 ក្លែងក្លាយ) ប្រមាណ ៣ខែកន្លងមក ភាគីខាងក្រុមហ៊ុន សហការជាមួយសមត្ថកិច្ច ដោយមានការសម្របសម្រួល ពីតំណាងអយការអមសាលាដំបូងខេត្តរតនគិរីផងនោះ ក៏ធ្វើការចុះឆែកឆេររឹបអូស យកកាវ 502 ក្លែងក្លាយមករក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី។
តំណាងក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា ផលិតផលកាវ 502 របស់ក្រុមហ៊ុនពិត មានស្លាកសញ្ញាស្រីក្មេងនៅពីលើប្រអប់។ ជាងនេះទៅទៀត តំណាងក្រុមហ៊ុនសង្កត់ធ្ងន់ថា នឹងធ្វើការសហការជាមួយសមត្ថកិច្ច ស្វែងរងជនខិលខូចក្លែងបន្លំលក់ផលិតផលក្លែងក្លាយ កាវ 502 មកផ្តន្ទាទោសតាមផ្លូវច្បាប់។
តំណាងក្រុមហ៊ុនវៃយ៍ជូចំកាត់ សហការជាមួយសមត្ថកិច្ច និងតំណាងអយការអមសាលាដំបូងខេត្តរតនគិរី បង្កើតគណៈកម្មាការ ធ្វើការកំទេចចោលវត្ថុតាង កាវ 502 ក្លែងក្លាយទាំងអស់ ដែលរឹបអូសបានខាងលើ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្អែកនេះ៕