(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរក្សា​ភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន ធ្វើការប្រមូលផ្តុំ និងការតវ៉ាណាមួយនោះ។

ការអំពាវនាវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានប្រកាស​ប្រមូល​ផ្តុំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សខ្លួននៅទូទាំង​ប្រទេស ដើម្បីតស៊ូមតិលើករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធ មិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

រាជរដ្ឋាភិបាល បានចាត់ទុកការអំពាវនាវរបស់បក្សភ្លើងទៀននោះ គឺជាទង្វើដ៏ល្ងង់​ខ្លៅ និងគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការ​បង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំងដល់ការបោះឆ្នោត ដោយទម្លាក់កំហុស​លើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាពចលាចល និងអស្ថិរភាពក្នុងសង្គម ពិសេសក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ​២០២៣។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ​រៀប​​ចំការ​បោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការ​ចុះបញ្ជីរ​បស់​គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណ​បក្ស​នេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុង​ការ​ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់​នីត្យា​​នុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវ​ចំណុច​​ខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមាន​គណបក្ស​នយោ​បាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់​ពាក្យ​សុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួយថ្ងៃមុនការបិទការ​ស្នើសុំចុះ​ឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

ក្រៅតែពីគណបក្សភ្លើងទៀន គ.ជ.ប បានបដិសេធការចុះបញ្ជីគណបក្ស​នយោ​បាយ​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់​គណ​បក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ) មណ្ឌលរាជធានីខេត្ត។ ការបដិ​សេធ​​នេះ ដោយសារតែគណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មក​ជា​មួយ​នូវ​ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែល​មាន​បញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ នៅការិយា​ល័យ​ច្រកចេញ​ចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕