(ភ្នំពេញ)៖ នៅក្នុងសារលិខិតរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្ញើរជូនកម្ពុជា ដែលបានលើកទ្បើងថា ប្រវត្ដិសាស្រ្ដទំនាក់ទំនងរវាងប្រទេសយើងទំាងពីរ គឺមានតំាងពីរាប់ពាន់ឆ្នាំមកហើយ ពិសេសលោកបានលើកទ្បើងយ៉ាងច្បាស់ថា ចម្លាក់លើជញ្ជំាងប្រាសាទបាយ័ន បានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិន និងប្រជាជនកម្ពុជា កាលពីសម័យបុរាណ។
ចំពោះខ្លឹមសារនៃសារលិខិតនេះ ក្នុងនាមយើងជាខ្មែរពិតជាមានមោទនភាពណាស់ ព្រោះបានឆ្លុះបញ្ចំាងពីតថភាពពិតនៃប្រវត្ដិសាស្រ្ដ ស្ដីអំពីទំនាក់ទំនងរវាងខ្មែរ-ចិន ដ៏គួរឲ្យរំភើប និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុត។
ទាក់ទងនិងព្រឹត្ដការណ៍ជាប្រវត្ដិសាស្រ្ដទំាងនេះ អង្គភាពព័ត៌មាន Fresh News បានជួបសម្ភាសន៍លោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអរិយធម៌ខ្មែរ លោក បានបញ្ជាក់ថា បើយោងទៅលើប្រវត្ដិសាស្រ្ដទំនាក់ទំនងការទូត និងពាណិជ្ជកម្ម រវាងខ្មែរនឹងចិន មានចាប់តំាងពីស.វ.ទី៣មកម្ល៉េះ។ ក្នុងនោះបេសកម្មការទូតចិនដំបូង ដែលបានមកកាន់កម្ពុជា គឺឈ្មោះ កំាង ថៃ និងឈូ យីង ស្ថិតក្នុងរាជ្យព្រះបាទ ហ្វាន់ ស៊ុន ព្រោះកម្ពុជាជាកំពង់ផៃផ្លូវទឹកដ៏សំខាន់ សម្រាប់ឆ្លងកាត់ពាណិជ្ជកម្មអន្ដរជាតិរវាងចិន និងឥណ្ឌា ដែលអាចហៅបានថា «ផ្លូវសូត្រសម័យបុរាណ» ស្របនិងសម្មតិកម្មបច្ចុប្បន្ន ក្នុងទស្សនវិស័យរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ថា«ផ្លូវសូត្រសមុទ្រស.វ.ទី២១» នេះឯង។
ដោយសារតែវត្ដមានអ្នកការទូតចិនទំាងពីររូប មកដល់ស្រុកខ្មែរនេះហើយ ទើបមានកំណត់ហេតុរបស់អ្នកការទូតទំាងពីរនេះ ដែលបានផ្ដល់ព័ត៌មានដំបូងអំពីហ្វូណន។ ហើយម្យ៉ាងទៀតនេះ ក៏ពុំបានសេចក្ដីថា ខ្មែរមានទំនាក់ទំនងចិន ចាប់ពីស.វ.នេះទេ អាចមានមុនសម័យនេះទៅ ព្រោះក្នុងការធ្វើកំណាយ គេបានរកឃើញនូវ កុលាលភាជន៍ផ្សេងៗ ដែលបាននំាចូលពីចិន មានតំាងពីសម័យបុរេប្រវត្ដិមកម្លេះ។
ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជក់ថា សូម្បីតែឯកសារប្រវត្ដិសាស្រ្ដជាផ្លូវការសព្វថ្ងៃឈ្មោះ «ហ្វូណន»នេះ ក៏ជាសំនៀងភាសាចិន ដែលបានកត់ត្រាអានត្រាប់តាមខ្មែរផងដែរ ព្រោះពាក្យនេះ គេឃើញមានតែក្នុងអត្ថបទប្រវត្ដិសាស្រ្ដចិន តែប៉ុណ្ណោះ ប៉ុន្ដែបើពិនិត្យអំពីឈ្មោះនេះ នៅក្នុងឯកសារក្នុងស្រុក ជាពិសេសចារឹកនោះ គឺពុំមានទ្បើយ។
ទាក់ទងនឹងជនជាតិចិននេះដែរ លោក រត្ន័ សណ្ដាប់ បានបញ្ជក់ថែមទៀត បើនិយាយពីពាក្យ «ចិន» ដែលមានន័យជាជនជាតិនោះ គេប្រទះឃើញនៅក្នុងសិលាចារឹកតំាងពីសម័យមុនអង្គរមកម្ល៉េះ ដែលជាឈ្មោះខ្ញុំនៃប្រាសាទ គឺសិលាចារឹកទួលអង្គរលំាងគែន K877 ប្រហែលស.វ.ទី៧-៨ បានរៀបរាប់ពីឈ្មោះថា «កុ ចិន» ដែលមាននាទីជាខ្ញុំនៃប្រាសាទ។ រីឯសិលាចារឹកបន្ទាយព្រៃ K222 ក៏បានរៀបរាប់ផងដែរ អំពីចំនួនឈ្មោះជាច្រើននៃខ្ញុំប្រាសាទ ដែលក្នុងនោះ គេឃើញមានពាក្យ «ចិន» បង្ហាញនៅបន្ទាត់ទី៦ថា «តៃ ចិន»។
នៅសម័យមុនអង្គរចំពោះពាក្យ «កុ» និង «តៃ» ជាងារប្រើសម្រាប់សម្គាល់ភេទស្រី។ ដូច្នេះពាក្យថា«កុ ចិន» ឬ«តៃ ចិន» អាចមានន័យថា នារីឈ្មោះចិន ឬស្រ្ដីជនជាតិចិន (?) មានឋានៈជាខ្ញុំ។ នេះឆ្លុះបញ្ចំាងឲ្យឃើញអំពីប្រពៃណីនៃការរស់នៅរវាងជនជាតិខ្មែរ និងជនជាតិចិន ពិតជាមានភាពសុខដុមជាមួយគ្នា ពិសេសទំនាក់ទំនងការទូតនិងពាណិជ្ជកម្ម ដ៏ល្អជាមួយចិន ហើយដែលប្រពៃណីនេះ បានបន្ដដល់បច្ចុប្បន្ន ជាក់ស្ដែងប្រពៃណីអាពាហ៍ពិពាហ៍ ឬបុណ្យទាន ផ្សេងៗ គឺប្រពៃណីខ្មែរ និងចិន បានសំយោគបញ្ចូលគ្នា យ៉ាងសុខសាន្ដ ជាទីបំផុត។ នេះហើយជាលក្ខណះពិសេសរបស់អារ្យធម៌ខ្មែរ។
អ្វីជាការកត់សម្គាល់ថែមទៀត លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកទាក់ទងទៅ និងចម្លាក់លើជញ្ជំាងប្រាសាទបាយ័ន ស្ដីអំពី៖ ទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិន និងប្រជាជនកម្ពុជា កាលពីសម័យបុរាណនោះ លោក រត្ន័ សណ្ដាប់ បានបង្ហាញពីមោទនភាព ប្រកបដោយក្ដីយ៉ាងរំភើបថា ប្រាសាទបាយ័ន្ដ បានកសាងទ្បើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលជាប្រាសាទសម្រាប់រាជ្យ ឧទ្ធិសដល់ពុទ្ធសាសនាមហាយាន។ នៅលើតួប៉មនីមួយៗ មានមុខលោកកេស្វរ ជានិមិត្ដរូបព្រះអង្គផ្ទាល់។ ប៉ុន្ដែអ្វីជាការអស្ចារ្យ ថែមទៀតនោះ ការកសាងប្រាសាទនេះ ក៏បានឆ្លុះបញ្ចំាងអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាសម័យនោះផងដែរ។
ជាក់ស្ដែង នៅតាមជញ្ជាំងមានឆ្លាក់ជនបរទេស ដែលបានចូលរួមច្បាំងក្នុងជួរកងទ័ពខ្មែរ ក្នុងឯកសណ្នានជាយោធា និងជនសាមញ្ញ ដែលបានតំាងទីលំនៅក្នុងស្រុកខ្មែរ ដើម្បីប្រកបជំនួញផ្សេងៗ ។ ចំពោះជនបរទេសនោះគឺ «ជាជនជាតិចិន» នេះឯង ព្រោះលក្ខណះសម្គាល់រវាងជនជាតិខ្មែរ និងចិន ខុសគ្នាត្រង់ជនជាតិចិន គេឆ្លាក់មនុស្សមានភ្នែកតឹង ចិញ្ជើមបាញ់ទ្បើងលើ មានពុកមាត់និងពុកចង្ការស្រួចចុះក្រោម ត្រចៀកតូចអត់មានទងធ្លាក់ចុះ ។ រីឯផ្នួង សក់វិញ គេសិតបួងទ្បើងលើ ដោយផ្ដុំសក់ទាំងអស់នៅកណ្ដាល ហើយគេចងជាភ្ជួងដែលមានលម្អ និងរបៀបចងខុសៗ គ្នាពីខ្មែរ។ ចំណែកឯការបង្ហាញប្រជាពលរដ្ឋ សាមញ្ញជនជាតិចិន ពាក់អាវមានជាយគ្របលើគ្នា ឯជាយខាងក្រោមធ្លាក់ហួសចង្កេះ។
ហេតុនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកាន់មាតុភូមិអង្គរដ៏បឋររបស់កម្ពុជា ជាមួយនឹងសារភ្ជាប់ជានិមិត្ដរូប ប្រាសាទបាយ័ន្ដនេះ គឺពិតជាបានបង្ហាញពីប្រពៃណីដ៏រស់រវើករវាងខ្មែរនិងចិន ហើយដែលប្រពៃណីនេះ បានបន្ដជាបន្ដបន្ទាប់ មកដល់សម័យសង្គមរាស្រ្ដនិយម ស្ថិតក្រោមការដឹកនំាព្រះករុណាព្រះបាទនរោត្ដមព្រះសីហនុ (ព្រះបរមរតនកោដ្ឋ)។
បច្ចុប្បន្ននេះ ចំណងមិត្ដភាពនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង បានបន្ដពីបុព្វបុរសរបស់ខ្លួន ដោយបានធ្វើឲ្យពិភពលោកឃើញកាន់តែអស្ចារ្យថែមទៀត ពិសេសដំណើរទស្សនកិច្ចដើម្បីរឹតចំណងមិត្ដភាពរវាងប្រទេសទំាងពីរនៅពេលនេះ។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ជាអ្នកជំនាញផ្នែកអរិយធម៌ខ្មែរ ហើយក៏ជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ និងក្នុងនាមជាកូនខ្មែរមួយ យល់ឃើញថា បើនិយាយពីបរិបទនិន្ទាការប្រវត្ដិសាស្រ្ដពិភពលោកស.វទី១៩ ជាស.វ.របស់អ៊ឺរ៉ុប ជាអ្នកត្រួតត្រាពិភពលោក ស.វ.ទី២០ ជាស.វ.របស់អាមេរិកកំាង ដោយទ្បែកនៅ ស.វ.ទី២១នេះ ជាស.វ.របស់អាស៊ីជាអ្នកគ្រប់គ្រងពិភពលោកគឺ «ចិន»នេះឯង។ ហេតុនេះចំពោះកម្ពុជាស្ថិតក្រោមដឹកនំាដោយ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទភាពណាស់ចំពោះចំណងមិត្ដភាពនិងក្នុងកាលះទេសះនេះ។
ដូច្នេះចំពោះចំណងមិត្ដរវាងចិននឹងកម្ពុជា ដែលចិនតំណាងដោយនាគ និងសម្ដេចតេជោ កើតឆ្នាំនាគ ពិតជានាំមកនូវភាពជោគជ័យថ្មីៗ ថែមទៀត ដើម្បីញំាងឲ្យប្រទេសទំាងពីរមានភាពសំបូរសប្បាយរវាងរៀងៗខ្លួន៕