(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសជប៉ុន ដឹកនាំដោយលោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន។

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ គឺដើម្បីផ្លាស់ប្តូរយោបល់លើការងារមួយចំនួន ពាក់ព័ន្ធនឹងវឌ្ឍនភាពសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ព្រមទាំងពិភាក្សាលើសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះនាពេលបច្ចុប្បន្ន និងអនាគត។

លោក Katsunobu Kato ចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក KatsunobuKato និងគណៈប្រតិភូប្រទេសជប៉ុនទាំងអស់ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេសជំនួបដ៏មានសារៈសំខាន់នាពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចអំពីកិច្ចសហការយ៉ាងស្អិតរមួតរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ និងបានសម្តែងនូវការអរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) មកកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជាជួបការលំបាក ហើយជប៉ុនគឺជាដៃគូរយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី២ ក្នុងក្របខ័ណ្ឌឥណទានសម្បទានទ្វេភាគី ហើយកាលពី១០ឆ្នាំមុនជប៉ុនឈរនៅលេខរៀងទី១។ ប្រទេសជប៉ុន និងប្រជាជនជប៉ុន តែងតែស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកឡើងពីភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ដោយជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនូវពាណិជ្ជកម្មទ្វេភាគីជារៀងរាល់ឆ្នាំ។ វិនិយោគរបស់ប្រទេសជប៉ុន ទៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏បានចូលរួមយ៉ាងវិជ្ជមានដល់ដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង គួបផ្សំនឹងការកើនឡើងនូវផលិតភាពការងារ ជាដើម។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ពីគម្លាតនៃទំហំហិរញ្ញប្បទានដែលកម្ពុជាមានសមត្ថភាពខ្ចីបន្ថែម និងទំហំហិរញ្ញប្បទានដែលប្រទេសជប៉ុនអាចមានលទ្ធភាពផ្តល់ ដើម្បីបំពេញនូវតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងតម្រូវការផ្សារភ្ជាប់រវាង ODA និងការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) មកកម្ពុជា ដែលនៅមានសក្តានុពលច្រើន។ បច្ចុប្បន្នស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប។

លោកក៏បានលើកអំពីសារៈសំខាន់នៃ FDI សម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុននៅកម្ពុជា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកអំពីសារៈសំខាន់ និងបញ្ហាប្រឈមមួយចំនួនក្នុងវិស័យ SME និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងនោះកម្ពុជាមានតម្រូវការខ្ពស់លើការបណ្តុះបណ្តាលជំនាញ។ ជាថ្មីម្តងទៀត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងអំណរគុណដល់មិត្តជប៉ុនដែលបានជួយរៀបចំប្រព័ន្ធទូរទាត់ឌីជីថល Bakong ដែលបច្ចុប្បន្នប្រព័ន្ធនេះអាចប្រើប្រាស់បាននៅប្រទេសជិតខាងមួយចំនួនថែមទៀតផង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ដែលប្រទេសជប៉ុនតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រមកកម្ពុជា នៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍កំពង់ផែមន្ទីរពេទ្យ ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពល សហគ្រាសធុនតូចនិងមធ្យម បច្ចេកវិទ្យាឌីជីថល ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញទូរគមនាគមន៍ ជាដើម ដើម្បីបំពេញនូវការកើនឡើងនៃតម្រូវការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ការរួមចំណែករបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈកម្មវិធីអាហារូបករណ៍កម្មវិធីបណ្តុះបណ្តាល និងគំនិតផ្តួចផ្តើមការកសាងសមត្ថភាពផ្សេងៗ។

លោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាលំដាប់។