(ព្រះវិហារ)៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររួចមក នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តព្រះវិហារ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកជាថ្មី ដល់កម្លាំងនគរបាលការពារព្រំដែន ត្រូវសហការជាមួយបណ្ដាអង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែនដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី៕