(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាការពារទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសរួមគ្នារៀបចំសណ្តាប់ធ្នាប់សាធារណៈ បូករួមទាំងបរិស្ថាន អនាម័យនៅក្នុងខេត្ត ឈានទៅសម្រេចគោលដៅ ក្នុងឆ្នាំ២០២៦ ខេត្តពោធិ៍សាត់ គឺគ្មានសំរាម។

លោកបានអំពាវនាវបែបនេះ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ក្នុងឱកាសជួបសំណេះសំណាល បងប្អូនប្រជាការពារ ក្នុងក្រុងពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥ ដោយបានការចូលរួម ពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង/សង្កាត់មួយចំនួនទៀត។

លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះបងប្អូនកម្លាំងប្រជាការពារ ក្រុមប្រឹក្សា និងចៅសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ដែលមានឆន្ទះបម្រើការងារសង្គម ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ទទួលបានលទ្ធផលល្អគួជាទីមោទនៈ។ យើងដឹងហើយថា ថ្វីត្បិតតែនៅទូទាំងប្រទេស មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងណាក៏ដោយ ក៏នៅក្នុងមូលដ្ឋានមួយចំនួន តែងតែកើតមានអសន្តិសុខជាអន្លើរៗ បង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋ។​ ទាំងអស់នេះទាមទារឱ្យអាជ្ញាធរ ជាពិសេសកម្លាំងប្រជាការពារ ត្រូវពង្រឹងសមត្ថភាពលើការងារគ្រប់គ្រង និងអនុវត្តជាប់ជាប្រចាំ រួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានភាពកក់ក្តៅ និងរស់នៅដោយភាពសុខសាន្ត។

លោកអភិបាលខេត្ត បានថ្លែងទៀតថា គ្រប់ស្រុក/ក្រុង ឃុំ/សង្កាត់ ទូទាំងខេត្ត មានកម្លាំងកងរាជអាវុធហត្ថ នគរបាល យោធាក៏ពិតមែន ក៏តម្រូវការចាំបាច់ ឱ្យមានកម្លាំងប្រជាការពារ ដែលជាកម្លាំងស្នូលមួយ ដោយមិនអាចខ្វះបាន ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ជាការពិតណាស់ថា ទោះជាកន្លងមកកម្លាំងប្រជាការពារ បានបម្រើការងារនៅក្នុងមូលដ្ឋាន គ្មានប្រាក់កម្រៃក៏ដោយ ក៏មានទឹកចិត្តចូលរួមគ្រប់សកម្មភាពសង្គម និងបានផ្តល់នូវភាពសុខសាន្ត និងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋមិនគិតពីការលំបាកនោះឡើយ។

ជាមួយគ្នានោះ លោកសូមឱ្យកម្លាំងប្រជាការពារយើងទាំងអស់ ចូលរួមសហការការពារសន្តិសុខសុវត្ថិភាព ក្នុងព្រឹត្តិការណ៍សង្ក្រាន្តពោធិ៍សាត់ ឆ្នាំ២០២៥នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងត្រូវចូលរួមសម្អាតបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានអនាម័យ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ដែលខិតជិតមកដល់នេះ ក្នុងនាមរដ្ឋបាលខេត្ត លោកបានរៀបចំឧបត្ថម្ភ ដល់កម្លាំងប្រជាការពារ ក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ទាំង៧ ចំនួន៨០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម ព្រមទាំងផ្តល់ជូនអាវប្រជាការពារ១ មួក១ និងថវិកាមួយចំនួន៕