(ភ្នំពេញ)៖​​ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ឆ្នាំនេះ លើផែនដីសម័យតេជោសន្ដិភាព, បើយើងពោលអំពីសង្រ្កាន្ដឆ្នាំថ្មី ប្រពៃណីខ្មែរ ពិសេសពិធីបើកសង្រ្កាន្តអង្គរ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ថ្ងៃទី១៤ ខែមេសា នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្រោមអំណរសាទរពីអ្នកទេសចរជាតិ និងអន្ដរជាតិ មកដើរកំសាន្ដមានចំនួនរាប់លាននាក់ លើទឹកដីចក្រភពអង្គរអច្ឆរិយដ៏ស្រស់បវរនៃយើងពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ពោរពេញដោយទឹកមុខញញឹម ស្រស់ស្រាយយ៉ាងសប្បាយរីករាយ ដូចដែលយើងឃើញនេះ។

ក្នុងទិដ្ឋភាពដ៏គគ្រឹកគគ្រេងក្រោមដំណក់ទឹកព្រះពិរុណរដូវក្ដៅ ខែចែត្រពីទេវតាឆ្នាំថ្មី បានប្រទានពរជ័យ សិរីមង្គលដ៏ត្រជាក់ត្រជុំមកដល់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅកម្ពុជរដ្ឋនេះ បានបង្ហាញឲ្យឃើញថា សង្រ្កាន្ដអង្គរ គឺជាអំណាចទន់នៃសន្ដិភាព និងភាពរុងរឿងនៃកម្ពុជា បានរះឡើងដ៏ត្រចះត្រចង់លើទឹកដីចក្រភពអង្គរជាថ្មីម្ដងទៀត និងបានសាយភាយទៅកាន់ពិភពលោកដ៏រស់រវើក បន្ទាប់ពីកម្ពុជា បានរសាត់បាត់សន្ដិភាព អស់រយៈកាលជាង៥០០ឆ្នាំដ៏យូរលង់មកនេះ។

បើពោលឲ្យចំ គុណតម្លៃនៃ " សង្រ្កាន្ដឆ្នាំថ្មី ឬសង្ក្រាន្តអង្គរ" បានផ្សារភ្ជាប់រវាងបុណ្យប្រពៃណីនិងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ស្របតាមគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ដាក់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ចូលពិធីបុណ្យសង្រ្កាន្ដឆ្នាំថ្មីកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូ ដើម្បីបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីតំបន់ផ្សេងៗនៃប្រទេសកម្ពុជា ពីភាពសប្បាយរីករាយ និងភាពរុងរឿងជាថ្មីម្ដងទៀតរបស់កម្ពុជា ទៅកាន់ពិភពលោក។

លោក រ័ត្ន សណ្ដាប់ បន្ដថា ចំពោះការរៀបចំ សង្រ្កាន្ដអង្គរដ៏អស្ចារ្យបំផុតនៅឆ្នាំនេះទៀតសោត ដោយមានការរៀបចំ តុបតែងលម្អនៅចំពីមុខបរិវេណប្រាសាទអង្គរ យ៉ាងស្រស់ឆើតឆាយ បានបង្ហាញទៅដល់អ្នកទេសចរជាតិ និងអន្ដរជាតិអំពីភាពសំបូរបែបនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់អ្នកស្រុកដ៏រស់រវើក និងភាពសប្បាយរីករាយ។ ស្ថិតក្នុងការរៀបចំ សង្រ្កាន្ដអង្គរដ៏សប្បាយរីករាយ និងអធិកអធមនេះ យើងឃើញសង្រ្គាន្ដអង្គរ មានកម្មវិធីជាច្រើនដូចជា៖

* កម្មវិធីសាសនា មានដូចជា៖ ពិធីទទួលទេវតាឆ្នាំថ្មី, ពិធីទៅវត្ដនិងវាលុកចេតិយ៍, ពិធីសមាធិ, ពិធីដង្ហែព្រះពុទ្ធបដិមានិងស្រង់ព្រះ។
*កម្មវិធីសិល្បៈវប្បធម៌ មានដូចជា៖ ភូមិខ្ញុំ, ក្បួនដង្ហែសង្រ្កាន្ដអង្គរ, ល្បែងប្រជាប្រិយ,របាំបុរាណប្រពៃណីនិងប្រជាប្រិយ, បណ្ដែតគោម,កម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ,ភូមិត្នោត, ភូមិរចនា, ការប្រណាំងរទេះគោ-ក្របី-សេះនិងវាយប្រដំ។

*កម្មវិធីតាំងពិព័រណ៍ មានដូចជា៖ កម្មវិធីសួនមុនីហទ័យ, កម្មវិធីសួនញញឹមអង្គរ, ពិព័រណ៍ផលិតផលខ្មែរ។
*កម្មវិធីលេងល្បែងរបាំប្រពៃណី មានដូចជា៖ ប្រកួតអុកចត្រង្គ, ទាញព្រ័ត្រមិត្ដភាពសង្រ្កាន្ដអង្គរ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រកួតអុកយក្ស, កម្មវិធីសួនកុមារ,ដង្ហែទូក, ការសម្ដែងល្ខោនក្បាច់បុរាណ ,ការប្រកួតក្បាច់គុនចម្រុះខ្មែរបុរាណ ,ព្រឹត្ដិការណ៍តោះតោះលេងទឹក ,តន្រ្ដីសួស្ដីឆ្នាំថ្មី, ការប្រគុំតន្រ្ដីនៅតំបន់អង្គរឃ្យុងយូ, ការប្រគុំតន្រ្ដីនៅសួនច្បារហាត់ប្រាណ ,ការប្រគុំតន្រ្ដីតាមស្ទឹងសៀមរាប, ការប្រគុំតន្រ្ដីនៅផាប់ស្រ្ទីត-Pub Street, ការពិសាម្ហូបអាហារមានឱរសជាតិឈ្ងុយឆ្ងាញ់ និងកម្មវិធីផ្សេងៗ មានចំនួនរាប់រយប្រភេទទៀត ។

ហេតុនេះការរៀបចំ សង្រ្កាន្ត​អង្គរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បាន​ចាក់​ឫស​ដ៏រឹងមាំក្នុងសង្គមខ្មែរនូវចំណេះដឹង និង​ការ​ច្នៃប្រឌិត​របស់​បុព្វបុរសខ្មែរ បានផ្ទេរមកដល់កូនចៅជំនាន់ក្រោយដ៏​មាន​កិត្យានុភាព​នៃបេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិសម្រាប់ការអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិគ្រប់ទម្រង់ គឺទេសចរវប្បធម៌ ប្រពៃណី , ទេសចរព្រឹត្ដិការណ៍សង្គម និងទេសចរធម្មជាតិនិងបុរាណដ្ឋាន និងបានទាក់ទាញដល់អ្នកទេសចរជាតិ និងអន្ដរជាតិ បានធ្វើដំណើរមកពីជុំវិញពិភពលោក ដើម្បីមកលេងកំសាន្ដ ក្នុងពិធីបុណ្យដ៏អស្ចារ្យនេះ ដើម្បីទទួលយកបទពិសោធន៍នៃវប្បធម៌ ប្រពៃណីដ៏សំបូរបែប លើទឹកដីចក្រភពអង្គររបស់មនុស្សជាតិប្រកបដោយចីរភាព ។

ដូច្នេះសង្រ្កាន្ដអង្គរ បានរំលេចពីភាពស្រស់ស្អាត និងស្នាមញញឹម រួសរាយរាក់ទាក់ ស្លូតបូត សុភាពរាបសាចេញពីបេះដូងដ៏ស្លូតត្រង់របស់ប្រជាជាតិកម្ពុជា និងភាពរីកចម្រើនឥតឈប់ឈរលើផែនដីសម័យតេជោ សន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី និងសារៈសំខាន់នៃតម្លៃវប្បធម៌ ប្រពៃណី ចំពោះការគោរពចាស់ទុំ បុព្វការីជន ចិត្តសប្បុរសធម៌ និងស្មារតីរួបរួមជាតិ និងការពារជាតិ ការពារសន្តិភាព ជាមហាគ្រួសារសាច់សាលោហិតខ្មែរតែមួយ លើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង៕