(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ លោក Marc Bernhard MdB សមាជិករដ្ឋសភាអាល្លឺម៉ង់ បានផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ក្នុងសារជូនពរនោះ ក្រៅពីការសូមប្រសិទ្ធពរជ័យសិរីសួស្តីជូនសម្តេចតេជោ, លោក Marc Bernhard MdB បានបង្ហាញការទទួលស្គាល់ចំពោះការចូលរួមវិភាគទានដ៏យូរអង្វែងរបស់ សម្តេចតេជោ ក្នុងការអភិវឌ្ឍនយោបាយ និងសង្គមកម្ពុជា។
លោកបានគូសរំលេចទៀតថា វឌ្ឍនភាពនានាដែលទទួលបាននៅកម្ពុជានាពេលជាច្រើនឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺគួរឱ្យកត់សម្គាល់យ៉ាងខ្លាំង។ សមាជិករដ្ឋសភាអាល្លឺម៉ង់រូបនេះ បានកោតសរសើរ ការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់សម្ដេចតេជោ ដើម្បីស្ថិរភាព និងវិបុលភាពនៃមាតុប្រទេសរបស់សម្តេច។
ក្នុងនាមជាសមាជិករដ្ឋសភាអាល្លឺម៉ង់ លោក Marc Bernhard MdB សូមគោរពជូនពរសម្ដេចតេជោ ឱ្យបន្ត ទទួលបានជោគជ័យចំពោះភារកិច្ច ក្នុងនាមជាប្រធានព្រឹទ្ធសភា និងរាល់កិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់សម្តេច ក្នុងការបម្រើប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគារវកិច្ចដ៏កក់ក្តៅបំផុត និងសព្ទសាធុការពរប្រសើរបវររបស់សមាជិករដ្ឋសភាអាល្លឺម៉ង់។
តបនឹងការគូសរំលេចលើស្នាដៃដឹកនាំរបស់សមាជិករដ្ឋសភាអាល្លឺម៉ង់, សម្តេចតេជោ បានបញ្ជាក់ថា វឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ មួយចំណែកដ៏សំខាន់ គឺបានមកពីទំនាក់ទំនងល្អ និងការប្តូរផ្តាច់រួមរវាងកម្ពុជា និងអាល្លឺម៉ង់ ចំពោះផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ៕