(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងបរិស្ថានគាំទ្រ ដល់យុទ្ធនាការ «ពន្លកបៃតង» កាលពីពេលថ្មីៗនេះ។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតង ដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

គំនិតផ្តួចផ្តើមនេះ បង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្ត បន្តបន្ទាប់របស់ក្រុមហ៊ុន ដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០,០០០ដុល្លារអាម៉េរិក សម្រាប់រយៈពេល៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រដល់ថ្នាលបណ្តុះកូនឈើរបស់ក្រសួង ដែលមានគោលបំណងបណ្តុះកូនឈើ ៣លានដើមសម្រាប់ចែកចាយ និងដាំនៅទូទាំងប្រទេសកម្ពុជា ដែលជាគោលដៅប្រកាសដោយក្រសួង កាលពីពេលថ្មីៗនេះ។

ចាប់ផ្តើមក្នុងឆ្នាំ២០២៣ យុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួង គឺជាគំនិតផ្តួចផ្តើមដែលផ្តោត ទៅលើការបង្កើនគម្របព្រៃឈើ និងជំរុញការដាំស្តារឡើងវិញ និងរួមបញ្ចូលការចែកចាយ កូនឈើ បង្កើតថ្នាលបណ្តុះកូនឈើនៅតាមតំបន់ និងការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការដាំកូនឈើដល់សាធារណជន។ យុទ្ធនាការនេះមានគោលបំណងដាំស្តារ កូនឈើឡើងវិញ ការពារជីវៈចម្រុះ និងលើកស្ទួយវប្បធម៌នៃការគាំពារបរិស្ថានទូទាំងប្រទេស។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ ចំពោះការសហការជាមួយក្រសួង ដើម្បីពង្រីកគម្របព្រៃឈើ តាមរយៈយុទ្ធនាការ «ពន្លកបៃតង»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ គឺផ្តោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ លោករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍ របស់ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវអំពី «ឆ្នេរសមុទ្រគ្មានប្លាស្ទិក» និង «ទេសចរម្នាក់ ដើមឈើមួយដើម»

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបន្តកេរដំណែលនេះ និងធ្វើឱ្យប្រទេសកម្ពុជា កាន់ស្រស់បំព្រង និងបៃតងព្រមទាំងលើកទឹកចិត្ត ផ្តល់គុណតម្លៃនៃព្រៃឈើផងដែរ។ លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា «ដោយធ្វើការរួមគ្នាជាមួយដៃគូ ដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ យើងអាចពង្រីកកិច្ចខិតខំប្រឹងប្រែង ដាំស្តារកូនឈើឡើងវិញ ពង្រឹងការចូលទៅជិតសហគមន៍ និងសម្រេចគោលដៅបៃតងស្អាត និងអព្យាក្រឹតកាបូនក្នុងប្រទេសកម្ពុជា កាន់តែឆាប់រហ័ស»

មានមតិទៅលើការសហការនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា «ពួកយើងមានកិត្តិយស ដែលបានសហការ ជាមួយក្រសួង និងគាំទ្រដល់យុទ្ធនាការពន្លកបៃតង ជាយុទ្ធនាការបណ្តុះ និងចែកចាយកូនឈើ សម្រាប់ដាំស្តារឡើងវិញទូទាំងប្រទេសកម្ពុជា»។ លោកបានបន្ថែមថា «ក្នុងនាមជាក្រុមហ៊ុន យើងទទួលស្គាល់តួនាទីរបស់យើងក្នុងការជួយប្រទេសកម្ពុជា បង្កើនគម្របព្រៃឈើដល់ ៦០% និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ដែលនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ធំជាច្រើនទៀតរបស់យើង។ រាល់កូនឈើដែលត្រូវបានដាំ នឹងជួយសម្រេចគោលបំណងដែលបានកំណត់ខាងលើ»

ដូចពាក្យស្លោកនៃប្រទេសក្រិចបុរាណ បានបញ្ជាក់ថា «សង្គមរីកលូតលាស់ល្អ នៅពេលមនុស្សចាស់ដាំដើមឈើ ដែលគាត់ប្រហែលមិនបានជ្រកម្លប់ដើមឈើនោះឡើយ មានន័យថា ប្រសិនបើគាត់មិនអាចជ្រកម្លប់ដើមឈើដែលគាត់បានដាំ ម្លប់ឈើនោះនឹងផ្តល់ម្លប់ដល់កូនចៅជំនាន់ក្រោយ»។ លោកបានបញ្ជាក់ម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការសហការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញចក្ខុវិស័យរបស់ប្រទេសកម្ពុជា ដើម្បីភាពកាន់តែស្រស់បំព្រង សម្រាប់ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានកំណត់គោលដៅដាំកូនឈើឱ្យបាន ៣០,០០០ដើម ដោយសហការជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថានពាក់ព័ន្ធជាច្រើនទៀត។ លើសពីនេះ ណាហ្គាវើលដ៍ក៏បានសន្យាឧបត្ថម្ភ ១ដុល្លារអាម៉េរិក ដល់កម្មវិធីដាំកូនឈើ សម្រាប់រាល់ការកក់បន្ទប់ស្នាក់នៅសណ្ឋាគាររបស់ភ្ញៀវក្នុងឆ្នាំ២០២៥ផងដែរ ដែលអនុញ្ញាតឱ្យភ្ញៀវចូលរួម ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថាន ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពជាច្រើន ដែលផ្តល់ប្រយោជន៍ដល់កិច្ចការពារបរិស្ថាន អប់រំ កីឡា និងការអភិវឌ្ឍសហគមន៍។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំពារបរិស្ថានត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា កម្មវិធីសាលារៀន និងបរិស្ថានបៃតង កម្មវិធីសាប៊ូនៃក្តីសង្ឃឹម កម្មវិធីនិរន្តរភាពកម្ពុជា និងការគ្រប់គ្រងកាកសំណល់ ៥R ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១៧០,០០០ នាក់តាមរយៈសកម្មភាព ៤៥៧ គិតមកដល់បច្ចុប្បន្ន។

សូមរំឭកថា កាលពីពេលថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើ ៨,០០០ដើម នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពដាំកូនឈើនៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ៩ ផ្សេងទៀតរួមមានខេត្តកំពង់ស្ពឺ កំពត ពោធិ៍សាត់ កោះកុង ព្រៃវែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងតាកែវ៕