(ព្រះវិហារ)៖ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងធ្ងន់ៗថា ប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បើទោះបីកម្ពុជា មានសព្វាវុធ អាចបាញ់ដល់ទីក្រុងបាងកក ក៏ប៉ុន្តែកម្ពុជា មិនធ្វើបែបនេះទេកម្ពុជាសុំត្រឹមតែការពារជាតិ ទប់ទល់ និងវាយបកសត្រូវដែលមានមហិច្ឆតាឈ្លានពានចូលដីខ្មែរតែប៉ុណ្ណោះ។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ, ត្រូវសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ចង់បន្តដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី តាមយន្តការទ្វេភាគីផង និងតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផង។ យន្តការទាំងនេះចំណុចនេះ គឺជាយន្តការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធីទាំងអស់ ប៉ុន្តែរឿងដែលកម្ពុជាបញ្ជូនទ័ពមកព្រំដែន គឺផ្តើមចេញពីព្រឹត្តិការណ៍ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅដែលបណ្តាលឱ្យយោធិនកម្ពុជា ម្នាក់បានពលីដោយសារតែទាហានថៃ លួចបាញ់ប្រហារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមាន មានសិទ្ធការពារខ្លួន និងមានសិទ្ធិវាយបកទៅលើការឈ្លានពានណាក៏ដោយ ទោះបីយើងតូច។ ក៏ប៉ុន្តែ យើងមានសិទ្ធិនឹងការពារខ្លួន ហើយមិនមែនមានត្រឹមសិទ្ធិការពារខ្លួនទេ តែមានសិទ្ធិវៃបក ស្គាល់ហើយភាសាយោធា មិនចាំគេមកដល់ត្រង់សេហើយចាំបាញ់ទេ មកដល់ត្រង់សេហើយ គឺត្រូវបាញ់បន្ថែមហើយ។ កម្ពុជា មិនមានមហិច្ឆតាវាយប្រហារដល់ទីក្រុងបាងកកនោះទេ បើទោះបីជាសមត្ថភាពសព្វាវុធរបស់កម្ពុជា អាចមានលទ្ធភាពបាញ់ទៅដល់ទីក្រុងបាងកក ក៏ដោយ ប៉ុន្តែ កម្ពុជា មិនធ្វើទង្វើបែបនេះនោះទេ»

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបចំអកថា អាវុធអេតចាយកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះ ធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួតបង្ហាញនូវឧទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅអ្នកទីក្រុងបាងកកថា អ្នកបានចោទកម្ពុជាថាជាអ្នករំលោភ ចុះហេតុអ្វីបានជាអ្នកមិនប្ដឹងទៅតុលាការ? នៅលើពិភពលោកមានតុលាការយុត្តិធម៌មួយ។ ហេតុអ្វីក៏ថៃមិនប្ដឹងទៅតុលាការសន្តិសុខអន្តរជាតិ? ហើយហេតុអ្វីក៏អ្នកមិនដំណើរការតាមផ្លូវច្បាប់?។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ ដែលមានប្រវែងប្រមាណ ៨០០គីឡូរម៉ែត្រ ក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ ៥០គីឡូម៉ែត្រ៕