(ភ្នំពេញ)៖ មិនមែនទើបនឹងកើតករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងរត់ភ្នំពេញ-ហូជីមិញ បុករថយន្តដឹកកម្មករស្លាប់ជិត ២០នាក់នៅខេត្តស្វាយរៀងទើបគេដឹងថា រថយន្តក្រុងដែលជារថយន្តដឹកអ្នកដំណើរ មានដឹកទំនិញគេចពន្ធនោះទេ តាមពិតសកម្មភាពប្រើប្រាស់រថយន្តក្រុងដឹកអ្នកដំណើរ យកទៅដឹកទំនិញគេចពន្ធនេះ បានកើតមានជាយូរមកហើយ នេះបើតាមអ្នកដឹងរឿងខ្សឹបប្រាប់នាយហ្វ្រេស។

ឈ្មួញរកស៊ីនាំទំនិញចេញ-ចូលពីវៀតណាម រួមទាំងមន្ត្រីសមត្ថកិច្ច ជាពិសេសគយតែម្ដងសុទ្ធតែដឹងរឿងនេះទាំងអស់ ។ ក្នុងនោះគេដឹងថា រថយន្តក្រុង ដែលបង្កើតប៉ុន្មានក្រុមហ៊ុនចុងក្រោយ ភាគច្រើនឈ្មួញខ្មែរឈរពីក្រោយខ្នង ឲ្យឈ្មួញវៀតណាមជាអ្នកចេញមុខ ឬក៏ថៅកែខ្មែរនិងវៀតណាមចូលហ៊ុន ដោយថៅកែខ្មែរខ្លះនៅភ្នំពេញ និងខ្លះនៅខេត្តស្វាយរៀងមានខ្នងបង្អែកធំៗ ។ មិនតែប៉ុណ្ណោះទំនិញគេចពន្ធដែលគេដឹកតាមរថយន្តក្រុង មិនមែនសម្រាប់ដឹកទំនិញជាប់អត្រាពន្ធទាប និងទំនិញប្រភេទធ្ងន់ៗនោះឡើយ។

អ្នកដឹងរឿងបានរៀបរាប់ថា ទំនិញដែលឈ្មួញនិងមន្ត្រីឃុបឃិតគ្នា រត់ពន្ធតាមរថយន្តក្រុងនេះរួមមានដូចជា ទំនិញប្រភេទថ្នាំពេទ្យក្លែងក្លាយ ទំនិញប្រភេទខោអាវ ក្រណាត់ គ្រឿងសំអាង និងទំនិញប្រភេទចាប់ហួយប្រណីតៗ មានតម្លៃថ្លៃៗមកពីប្រទេសចិនជាដើម ។ល។ ចំណែកមន្ត្រីនិងសមត្ថកិច្ចដែលឈរជើង នៅតាមមាត់ច្រកព្រំដែន និងឈរជើងនៅតាមដងផ្លូវវិញ មិនមែនថាមិនដឹងនោះទេ តែឈ្មួញនិងមន្ត្រីសុទ្ធតែស្គាល់គ្នា និងបង់លុយក្បាលឡាននិងបង់ប្រចាំខែអស់ទៅហើយ។

អ្នកដឹងរឿងបានបន្ថែមថា មុនដំបូងឈ្មួញបង្កើតរថយន្តក្រុងរត់ភ្នំពេញ-ហូជីមិញឡើង សម្រាប់ដឹកអ្នកដំណើរតែប៉ុណ្ណោះ ក្រោយមកគេក៏ឆ្លៀតទទួលបញ្ញើឥវ៉ាន់បន្តិចបន្តួច ហើយចុងក្រោយឈ្មួញក៏សហការជាមួយ ក្រុមហ៊ុនដឹកទំនិញគេចពន្ធតែម្ដង ព្រោះងាយស្រួលបំភ័ន្តភ្នែកសមត្ថកិច្ច ហើយសមត្ថកិច្ចក៏ងាយស្រួលភូតថ្នាក់លើផងដែរ។ លុះក្រោយមកក្រុមឈ្មួញដែលរកស៊ីរត់ពន្ធទំនិញពីវៀតណាម ក៏ចាប់ផ្ដើមបែកគំនិតបើកក្រុមហ៊ុនរថយន្តក្រុងខ្លួនឯង ដឹកទំនិញគេចពន្ធខ្លួនឯងតែម្ដង។

ជាក់ស្ដែងរថយន្តក្រុងបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ១៩នាក់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះជាឧទាហរណ៍ស្រាប់ ។ គេថាវាមិនដែលរថយន្តក្រុងចំណុះ ៥០-៦០នាក់ បែរជាដឹកមនុស្សតែ ៤នាក់ តើរួចថ្លៃសាំងដែរឬទេ បើមិនដឹកទំនិញគេចពន្ធនោះ ។ បច្ចុប្បន្ននេះគេដឹងថា មានរថយន្តក្រុងរត់ភ្នំពេញ-ហូជីមិញជិត ១០ក្រុមហ៊ុនឯណោះ ដែលរកស៊ីដឹកទំនិញគេចពន្ធពីប្រទេសវៀតណាម និងដឹកទំនិញខុសច្បាប់ពីកម្ពុជាទៅវៀតណាម ដូចជាសត្វព្រៃនិងឈើប្រណីតតែម្ដង ៕