(ភ្នំពេញ)៖ ការប្រណាំងរថយន្តមានលក្ខណៈខុសគ្នា ពីជំនាន់មួយទៅជំនាន់មួយទៀត ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យាប្រភេទរថយន្ត ដែលបានយកទៅប្រើប្រាស់ក្នុងការប្រណាំង តម្រូវឲ្យមានលក្ខណៈផ្សេងៗគ្នាពីមួយទៅមួយទៀត អាស្រ័យលើកម្លាំងរបស់រថយន្ត។ ចូលមកដល់សតវត្សទី២០នេះ ការប្រណាំងរថយន្តកាន់តែមានប្រជាប្រិយភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការតម្រូវឲ្យប្រើប្រាស់រថយន្តដែលមានកម្លំាងខ្លំាង ក្នុងការប្រកួតត្រូវបានគេប្រសិទ្ធនាមថា ជាការប្រកួតរថយន្តដែលពោរពេញទៅដោយថាមពល។

ស្របពេលដែលក្រុមហ៊ុន ហ្វដ បានធ្វើការអបអរសារទនូវពិធីកេរតំណែលរបស់ហ្វដ (Ford Heritage Month) នៅក្នុងអំឡុងនៃខែមិថុនានេះ គឺជាឱកាសមួយដែលផ្តល់ជូននូវបទពិសោធន៍ល្អៗរបស់លោក ហេនរី ហ្វដ ដែលជាស្ថាបនិក ក្នុងការបង្កើតរថយន្តនៅលើពិភពលោក ក៏ដូចជាប្រវត្តិនៃការបង្កើតនូវរថយន្តនេះឡើង តាមរយៈការប្រណាំងរថយន្តនេះផងដែរ។

ការបង្កើតឡើងដំបូងនូវរថយន្តប្រភេទស្វីបថេក (Sweepstakes)

FORD បានចាប់ផ្តើមចូលខ្លួនក្នុងវិស័យប្រណាំងរថយន្តចាប់តាំងពីឆ្នាំ១៩០១មកម្ល៉េះ គឺនៅមុនពេលដែលក្រុមហ៊ុនហ្វដ ម៉ូទ័រ (Ford Motor Company) ត្រូវបានបង្កើតក្នុងឆ្នាំ១៩០៣ទៅទៀត។ នៅពេលនោះ លោកហេនរី ហ្វដ (Henry Ford) មានអាយុ៣៨ឆ្នាំ ហើយលោកមានកូនប្រុសម្នាក់។ លោកបានចាញ់ក្នុងការប្រកួតអស់ទឹកប្រាក់ ៨៦.០០០ដុល្លាអាមេរិក ដែលជាហេតុធ្វើឲ្យលោកត្រូវបង្ខំចិត្តទៅរស់ នៅជាមួយលោកវីលៀម (William) ដែលជាឪពុករបស់លោក។ នៅពេលនោះហើយ លោកហេនរី ហ្វដ (Henry Ford) បានសម្រេចចិត្តផ្លាស់ប្តូរអាជីពរបស់លោកពីមុន ដើម្បីទៅចាប់នូវមុខរបរថ្មីមួយទៀត ដែលជាក្តីសុបិន្តរបស់លោក នោះគឺការបង្កើតក្រុមហ៊ុនរថយន្តផ្ទាល់ខ្លួន។ អាស្រ័យដូច្នេះហើយ លោកហេនរី ហ្វដ (Hnery Ford) រួមជាមួយ និងសមាជិកក្រុមរបស់លោក ដែលមានគ្នាប៉ុន្មាននាក់ទៀត បានសម្រេចបង្កើតរថយន្តមួយដែលមានឈ្មោះថាស្វីបថេក (Sweepstakes)។ រថយន្តនេះ មានកង់កម្ពស់ ២៨អ៉ីញ ហើយគ្មានដំបូលនោះទេ។ នៅពេលដែលចូលរួមប្រកួតម្តងៗ រថយន្តស្វីបថេក (Sweepstake) ទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកដែលចូលចិត្តរថយន្ត។

រថយន្ត Sweepstakes

លោកអេឡិចសាន់ឌឺ វីនតុន (Alexander Winton) អ្នកបើកបរជើងខ្លាំងម្នាក់ក្នុងពេលនោះ បានបញ្ជាក់ថា លោកបានប្រកួតជាមួយលោកហេនរី ហ្វដ (Henry Ford) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩០១ ដែលនៅពេលនោះមានអ្នកចូលរួមគាំទ្រចំនួន ៨.០០០នាក់ មកទស្សនាការប្រកួតនៅក្លឹបប្រណាំងរថយន្ត Detroit (Detroit Driving Club)។ ដៃគូប្រកួតរបស់លោកទាំងអស់ត្រូវបានជម្រុះចេញ ដោយសារតែរថយន្តរបស់ពួកគេបញ្ឆេះមិនឆេះ ដូច្នេះការប្រណាំងចុងក្រោយបានក្លាយជា ការប្រកួរតរវាងរូបលោកផ្ទាល់ និងលោកហេនរី ហ្វដ (Hnery Ford) ដើម្បីដណ្តើមយកប្រាក់រង្វាន់ ១.០០០ដុល្លាអាមេរិក និងពានរង្វាន់ចំនួនមួយ។ ជាចុងក្រោយ លោកហេនរី ហ្វដ (Henry Ford) បានយកឈ្នះក្នុងការប្រណាំង។ បន្ទាប់ពីការប្រកួតបានកន្លងផុតទៅ លោកហេនរី ហ្វដ (Henry Ford) មានសេចក្តីរីករាយយ៉ាងខ្លាំង ដោយលោកបានទទួលបាននូវការគំាទ្រពីវិនិយោគិនជាច្រើន ក្នុងការបង្កើតក្រុមហ៊ុនហ្វដ ម៉ូទ័រ (Ford Motor Co.) ក្នុងឆ្នាំ១៩០៣។

រថយន្តដែលទទួលបានជ័យជំនះរាល់ការប្រកួត

បច្ចុប្បន្ន ប្រវត្តិនៃការប្រណាំងរថយន្តរយៈពេល១១៤ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យរថយន្តហ្វដ(Ford) ទទួលបានជ័យជំនះក្នុងការប្រកួត NASCAR ជាង១.០០០លើក និងការប្រកួត F1 ១៧៦លើក។ ក្នុងប្រវត្តិនៃការប្រណាំងរថយន្តជាច្រើនឆ្នាំកន្លងមកនេះ ហ្វដ (Ford) បានខិតខំធ្វើការរចនា និងកែច្នៃរូបរាងរថយន្តប្រណំាងឲ្យកាន់តែមាន លក្ខណៈស្តង់ដារសម្រាប់ការប្រណាំងរថយន្ត។ ក្នុងឆ្នាំ១៩០៩ រថយន្តហ្វដម៉ូដែល T បានចាប់ផ្តើមចូលរួមក្នុងការប្រណាំងរថយន្ត «Ocean to Ocean» ពីទីក្រុងញ៉ូវយក រហូតដល់ទីក្រុងស៊ីអាតថល (Seattle) ដែលជាហេតុជួយជម្រុញឲ្យក្រុមហ៊ុន បន្តគាំទ្រនូវវិស័យប្រណាំងរថយន្ត។

ក្នុងប្រវត្តិសាស្ត្រនៃការផលិតរថយន្តសម្រាប់ ប្រើប្រាស់ក្នុងវិស័យប្រណាំងរថយន្ត ហ្វដបានធ្វើការផលិតរថយន្តជាច្រើនដូចជារថយន្ត Purple Hog ដែលទទួលបាននូវពានរង្វាន់ NASCAR រថយន្តប្រភេទ ហ្វដ GT40 ដែលហ្វដបានសម្រេចចិត្តធ្វើការវិនិយោគ លើការផលិតរថយន្តប្រណាំងជាលើកដំបូងនៅក្នុងឆ្នាំ១៩៦០។ រថយន្ត GT40 មានភាពល្បីល្បាញក្នុងទសវត្សឆ្នាំ១៩៦០ នៅពេលដែលរថយន្តនេះបានឈ្នះក្នុង «កម្មវិធី Le Mans 24ម៉ោង» ចំនួន៤ដង ជាប់ៗគ្នា ពីឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៦៩។ មកទល់នឹងពេលបច្ចុប្បន្ននេះ រថយន្តរបស់ហ្វដដែលទទួលបានជ័យជំនះ ក្នុងវិស័យប្រណាំងរថយន្ត គឺរថយន្ត Ford Focus RS WRC។

រថយន្ត Ford Mustang

រថយន្ត Ford Mustang ជារថយន្តដ៏ល្បីល្បាញបំផុតរបស់ក្រុមហ៊ុន Ford ហើយរថយន្តនេះបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាង ៣.០០០លើក។ រថយន្តនេះ បានចាប់ផ្តើមប្រវត្តិក្នុងការប្រណាំងជាលើកដំបូងក្នុងឆ្នាំ១៩៦៤។ ក្នុងឆ្នាំដដែល រថយន្ត Ford Mustang ទទួលបានជ័យលាភីលេខ១ និងលេខ២ ក្នុងការប្រណាំងរថយន្ត Tour de France។

កាលពីពេលថ្មីៗនេះ រថយន្ត Mustang បានបង្ហាញខ្លួនក្នុងខែ្សភាពយន្ត «Need for Speed» របស់ផលិតកម្ម DreamWorks Studios។ ក្នុងខ្សែភាពយន្តនេះ រថយន្ត Mustang ជារថយន្ត Hero របស់ តួឯក លោក Aaron Paul ។