(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពីម្សិលមិញនេះ បានអញ្ជើញចុះព្យាបាលជំងឺមាត់ធ្មេញកុមារ និង បុគ្គលិក ១៨០នាក់ នៅសាលាកុមារពិការភ្នែក និងកុមារគថ្លង់ភ្នំពេញថ្មី នៃអង្គការគ្រួសារថ្មី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានប្រាប់ Fresh News ថា ក្រោមការយកចិត្តទុកដាក់ថែទាំសុខភាព ការសិក្សា និងការរស់នៅ របស់កុមារពិការភ្នែក និង កុមារគ-ថ្លង់ ពីសំណាក់ សម្តេចតេជោ និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត និងភរិយា បានបញ្ជូន វេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្ត ៦០នាក់ ចុះព្យាបាលជំងឺមាត់ធ្មេញកុមារ និងបុគ្គលិក នៅសាលាកុមារពិការភ្នែក និងកុមារគថ្លង់ភ្នំពេញថ្មី នៃអង្គការគ្រួសារថ្មី ដោយឥតគិតថ្លៃ។
បើតាមការបញ្ជាក់ថា ពីក្រុមការងារ ជាបេសកកម្មមនុស្សធម៌ម្សិលមិញនេះ គឺជាបេសកកម្មលើកទី 0៩ហើយ សម្រាប់ឆ្នាំ២០១៥ របស់សមាគម ដែលតែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមបណ្តាខេត្តនានា និងកុមារនៅតាមបណ្តាអង្គការ ដោយឥតគិតថ្លៃ។
កុមារ និងបុគ្គលិកនៅសាលាកុមារពិការភ្នែក និងកុមារគថ្លង់ភ្នំពេញថ្មី បានបង្ហាញអារម្មណ៍រីករាយ ដោយពួកគេទទួលបានភាពកក់ក្តៅ ការថែទាំសុខភាព និងការយកចិត្តទុកដាក់ ចំពោះការសិក្សារបស់ពួកគេ និងថ្លែងអំណរ គុណ ចំពោះសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕