(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៏ឲ្យដឹងថា នៅម៉ោងប្រមាណ ២៣៖២០នាទីយប់ជ្រៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅផ្លូវលេខ៥៥ (ផ្លូវផ្ទះយាយភូ) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយមានក្រុមក្មេងស្ទាវ៥នាក់ជិះក្នុងរថយន្ត Tacoma បុករះជាបន្តបន្ទាប់រហូតដល់រថយន្តចំនួន៤គ្រឿង រួមនឹងម៉ូតូមួយគ្រឿងផងដែរ។
តាមការរៀបរាប់បានឲ្យដឹងថា ដំបូងឡើយនៅតាមផ្លូវព្រះនរោត្តម មានរថយន្ត Tacoma ពណ៌ស ស្លាកលេខភ្នំពេញ 2AD-0338 បើកបរដោយក្មេងស្ទាវ មានគ្នាចំនួន៥នាក់ជិះក្នុងរថយន្តបានបើកបុករថយន្ត កូរ៉េមួយគ្រឿង ស្លាកលេខភ្នុំពេញ 2AC-4307 រងការខូចខាតមួយចំហៀង ខាងឆ្វេង ស្ថិតនៅម្តុំមុខសហគមន៌អឺរុប ពេលបុកហើយក្មេងស្ទាវទាំង៥នាក់នោះ មិនព្រមឈប់ទេ បានបើករត់មកដល់ផ្លូវលេខ៥៥ មុខផ្ទះយាយភូ ក៏បានបុករថយន្ត Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នុំពេញ 2Q-0033 បណ្តាយឲ្យខ្ទេចស្តុបខាងឆ្វេង បន្ទាប់មកទៀតរថយន្ត Rang Rover នោះ ក៏បានជ្រុលទៅបុករថយន្តកូឡាពណ៌ខ្មៅ ស្លាកលេខភ្នុំពេញ 2J-5390 បានរុញទៅបុកម៉ូតូ PCX ផ្ទប់ទៅនឹងរថយន្ត Camry ពណ៌ស ផ្លាកលេខ៖ ខេមរភូមិន្ទ 2-0639 បន្ទាប់ពីបុកហើយ ក្មេងស្ទាវ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញ យកទៅសួរនាំ ចំណែក២នាក់រត់គេចខ្លួនបាត់។
របាយការណ៍សមត្ថកិច្ចបានបង្ហាញឲ្យដឹងថា៖ ករណីនេះបង្កឡើងដោយរថយន្ត Tacoma បើកបរដោយឈ្មោះ ផាន់ ថានី ភេទប្រុស អាយុ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ(មិនចាំ) ផ្លូវលេខ៣៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នករួមដំណើរ២នាក់ទៀតឈ្មោះ
ហេ សំបូរ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្តុំផ្សារចាស់ និងឈ្មោះ សុខ គន្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ សរុបលទ្ធផល៖ ខូចខាតរថយន្តចំនួន០៥គ្រឿង ម៉ូតូចំនួន០១ នឹងម៉ូតូកង់បីចំនួន០១គ្រឿង៕