(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោកនុត ពុធដារ៉ា និង លោក ស្រី រណៈមិត្ត អនុប្រធានសាខាអគ្គិសនីអូបែកក្អម នៅថ្ងៃអាទិត្យ ទី ២៦ ខែកក្កដា ឆ្នាំ២០១៥នេះ បានរៀបចំពិធីសំណេះសំណាល ជាមួយបងប្អូន កម្មករ-កម្មការិនី ដែលស្នាក់នៅតាមផ្ទះជួល និងបន្ទប់ជួល ប្រមាណ ៣៥០នាក់ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ដើម្បីប្រាប់ដល់ពួកគេ ពីគោលនយោបាយបញ្ចុះតម្លៃអគ្គិសនី របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។

លោក នុត ពុធដារ៉ា បានប្រាប់ទៅបងប្អូនកម្មករ កម្មការិនីទាំងនោះថា ឥឡូវនេះអគ្គិសនីកម្ពុជា បាននិងកំពុងរៀបចំកុងទ័រតបណ្តាញអគ្គិសនី ដោយផ្ទាល់នៅតាមបន្ទប់ជួល និងផ្ទះជួល ជូនកម្មករ សិស្ស និស្សិតទាំងអស់ ដោយគិតថ្លៃពីរដ្ឋផ្ទាល់តែម្តង ពោលមិនត្រូវយកតម្លៃពីម្ចាស់ផ្ទះ ឬបន្ទប់ជួលនោះទេ ដែលពេលនេះតម្លៃភ្លើងមានត្រឹមតែ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ពេលប្រើប្រាស់ ត្រឹម៥០គីឡូ ចុះក្រោម ដែលពីមុន បងប្អូនត្រូវបង់ឲ្យម្ចាស់ផ្ទះជួល ១៥០០រៀល ឬ២០០០រៀល ឯណោះ។

បើតាមការបញ្ជាក់ពី លោកអភិបាលខណ្ឌ នុត ពុធដារ៉ា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រុមការងារអគ្គិសនី បានរៀបចំតភ្លើង និងកុងទ័រ ជូនបងប្អូនជាកម្មករ កម្មការិនី និងនិស្សិត បានចំនួន៣៤៣៣ បន្ទប់ហើយ និងកំពុងបន្តទៀតរហូតអស់បន្ទប់ជួល៕