(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់អង្គភាពព័ត៌មាន Fresh News អំពីសកម្មភាពរបស់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលជាអ្នកតំណាងមតិភាគតិច របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋសភា ធ្វើបាតុកម្មនាំយកញតិទៅកាន់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក្នុងការប្រឆាំង និងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ផ្តល់ចម្លើយដែលមានខ្លឹមសារដូចតទៅ៖

ចម្លើយ៖ គេតែងតែនិយាយថា គេអាចយកមនុស្សចេញពីព្រៃបាន ប៉ុន្តែគេមិនអាចយកភាពព្រៃចេញពីមនុស្សនោះបានទេ។ ភាសាសាមញ្ញ ដែលគេតែងតែនិយាយប្រឆាំង និងភាពព្រៃផ្សៃ ឬសកម្មភាពដែលមិនឆ្លើយតបនិង ខ្លឹមសារ ឬមាត្រាច្បាប់ នោះគេហៅថាមនុស្សព្រៃ។

អ្នកខ្លះមានចំងល់ចំពោះពាក្យដែលខ្ញុំបានប្រើប្រាស់ជាមួយ និងក្រុមអាវលឿងថៃ ថាជាក្រុម ឬប្រជាជាតិមិនស៊ីវិល័យ ចម្លើយរបស់ខ្ញុំពេលនោះ គឺនិយមន័យរបស់អង្គការសហប្រជាជាតិ គេសំដៅទៅរកប្រជាជាតិដែលមានច្បាប់ មានសេចក្តីថ្លៃថ្នូរ ដោះស្រាយបញ្ហាទៅតាមការពិភាក្សា ដោយបោះបង់ចោលនូវការគៀងគរ និងបង្កើតចលនាក្នុងភាពហិង្សាជាដំណោះស្រាយ។

ចម្ងល់របស់យើងទាំងអស់គ្នាសួរថា ហេតុដូចម្តេចបានជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់នោះ ត្រូវឲ្យមានច្បាប់ការពារ និងច្បាប់បង្គាប់ឲ្យរាជរដ្ឋាភិបាលជួយសម្រួល ឬបង្កលក្ខខណ្ឌ ដើម្បីចូលរួមជាមួយសកម្មភាព ដែលជាដំណើការ ឬសេរីភាពក្នុងការ បញ្ជេញយោបល់ឲ្យមានគុណភាព និងប្រសិទ្ធិភាព ? ចម្លើយ និងការដេញដោល ឬការតស៊ូមតិនេះ គួរ ឬត្រូវកើតមាននៅក្នុងវេទិការដ្ឋសភា។

ការបោះបង់កាតព្វកិច្ចត តាំងមតិនៅក្នុងរដ្ឋសភាពរបស់គណបក្សសង្គ្រោះជាតិ គឺមិនគ្រាន់តែជាសញ្ញា នៃការបោះបង់ភាពជាតំណាងរាស្ត្រភាគតិច នៅក្នុងរដ្ឋសភា នៅក្នុងការតស៊ូ ឬការតតាំងមតិរបស់ពលរដ្ឋភាគតិចនោះទេ ក៏ប៉ុន្តែជាការបំផ្លាញដោយចេតនា លើប្រជាធិបតេយ្យភាពនៅក្នុងសភា គឺជាគ្រោះមហន្តរាយដល់មតិនៃប្រជាពលរដ្ឋភាគតិចនៅក្នុងកម្ពុជាទាំងមូល។ ការតតាំងនៅជញ្ជើមថ្នល់ ឬបាតុកម្មរបស់តំណាងរាស្ត្រនៅក្នុងរដ្ឋសភា ឬគណបក្ស CNRP គ្រាន់តែជាយុទ្ធសាស្ត្រពាណិជ្ជកម្មនៅលើដងថ្នល់ ទាំងរូបភាព ទាំងខ្លឹមសារនៃជ័យឃោសគាំទ្រផលប្រយោជន៍ នៃបំណងរបស់បរទេសតែប៉ុណ្ណោះ។ ឥរិយាបថ និងខ្លឹមសារ នៃសកម្មភាពរបស់ CNRP ហាក់ផ្ទុយ និងពាក្យសម្បថរបស់ខ្លួន ចំពោះមុខព្រះភក្ត្រព្រះមហា្សត្រខ្មែរ ក្នុងកាព្វកិច្ចការពារឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ដែលគួរឲ្យអាម៉ាស់បំផុត។

អ្វីដែលចាប់អារម្មណ៍ខ្ពស់បន្ថែមទៀតនោះ បន្ទាប់ពីសកម្មភាពមួយចំនួនដែលមិនគោរព និងទទួលឱវាទរបស់ព្រះមហាក្សត្រខ្មែរ និងដែនអធិបតេយ្យភាព របស់តុលាការខ្មែរ សភារបស់ខ្មែរ ឥឡូវនេះរាលដាលបន្ថែមទៀត គឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយ តំណាងនូវអធិបតេយ្យភាព របស់កម្ពុជា ដែលមិនត្រូវទទួលការដាក់សម្ពាធ ឬជ្រៀតជ្រែក។

សកម្មភាពរបស់ CNRP នេះ គឺធ្វើបន្ទរតាមក្រោយពីអ្វីដែរ បរទេសមួយចំនួនដែលហាមកម្ពុជាមិនឲ្យមានច្បាប់នេះ ប្រហែលជាក្រុមនោះ មិនចង់ឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខ្មែរ ទទួលបានភាពស្រច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យចំហរ និងនីតិរដ្ឋនោះទេ ត្បិតគេចង់ឲ្យអង្គការទាំងនោះ ស្ថិតនៅក្នុងអង្គការសម្ងាត់ និងមានភាពព្រៃ ក្នុងចលនាសម្ងាត់អ្វីមួយដូចអង្គការសម្ងាត់របស់លោក កឹម សុខា ដែលធ្វើសកម្មភាពនយោបាយអាថ៌កំបាំង ស្ថិតនៅក្រោមស្លាកអង្គការសិទ្ធិមនុស្ស ដែលឧបត្ថម្ភថវិការជាសម្ងាត់របស់អង្គការ និងវិទ្យាស្ថានអងន្តរជាតិ។

ចំពោះករណីដែល ឯកឧត្តម សុន ឆ័យ មកពី CNRP បានលើកឡើងអំពីវសោធនកម្មច្បាប់។ វិសោធនកម្មច្បាប់ ជាការងារនៅក្នុងរដ្ឋសភា មិនមែននៅតាមដង់ថ្នល់នោះទេ ហើយក៏ជាអំណាចផ្តាច់មុខរបស់រដ្ឋសភាដែរ ហើយក៏មានរួមផងដែរ នៃការឆ្លើយតបរបស់អំណាចភាគច្រើន នៅក្នុងសភាផងដែរ នោះបើគិតប្រជាធិបតេយ្យភាពរបស់សភា ដែលគេអនុវត្តនៅបច្ចិមប្រទេសនានានៅក្នុងសកលលោក។ ដោយគេឈរនៅលើមូលដ្ឋានឆន្ទះប្រជាពលរដ្ឋភាគច្រើនជាធំ ដែលផ្ទុយពី ឯកឧត្តម កឹម សុខា យកចលនាមហាជនជាកម្លាំងបាយក្នុងការផ្លាស់ប្តូរអំណាច ឬប្រជាធិបតេយ្យព្រៃ»