(សេដ្ឋកិច្ច)៖ Starbucks Corporation ត្រូវបានមហាជនភាគច្រើនស្គាល់ថា «Starbucks Coffee» ជាក្រុមហ៊ុនកាហ្វេអាមេរិក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
ហើយក៏ជាហាងកាហ្វេដែលធំជាងគេបំផុតនៅលើពិភពលោក ដោយមានគូប្រជែងធំជាងគេគឺ «Costa Coffee» ។ បច្ចុប្បន្ន Starbucks មាន​ហាង​ចំនួន ២១.១៦០កន្លែងនៅទូទាំងពិភពលោក ដោយក្នុងនោះ មាន ១២.០៦៧កន្លែង មានទីតាំងនៅសហរដ្ឋអាមេរិក មាន ១.៥៧០កន្លែង​ ក្នុង​ប្រទេសចិន មាន ១.៤៥១កន្លែង នៅប្រទេសកាណាដា មាន ១.០៧០កន្លែង នៅប្រទេសជប៉ុន មាន ៧៩៣កន្លែង នៅចក្រភពអង់គ្លេស និងមាន ៧២០កន្លែង នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

តើហាងកាហ្វេដ៏ល្បីលំដាប់ពិភពលោក «Starbucks» មានប្រវត្តិយ៉ាងដូចម្តេច ?

Starbucks ត្រូវបានបង្កើតដំបូងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧១ ដោយមានម្ចាស់ភាគហ៊ុន ៣នាក់ គឺលោក Jerry Baldwin ជាគ្រូបង្រៀនភាសាអង់គ្លេស លោក  Zev Siegl ជាគ្រូបង្រៀន ប្រវត្តិសាស្ត្រ និងលោក Gordon Bowker ជាអ្នកនិពន្ធ។ នៅមុនពេលប្រើឈ្មោះថា "Starbucks" ពួកគេទាំង ៣នាក់បានជ្រើសរើស​ឈ្មោះ​ជាច្រើន ប៉ុន្តែ​ត្រូវបានច្រានចោលដោយសមាជិក រហូតដល់ជាចុងក្រោយ លោក Bowker បានបញ្ជាក់ថាត្រូវបានប្រើពាក្យ "St" នៅពីមុខព្រោះថាពាក្យនេះ​មានន័យ រួចក៏សម្រេចចិត្តជ្រើសរើសយកឈ្មោះថា «Starbucks» តែម្ដង។

នៅពេលដំណើរការដំបូង Starbucks មិនទាន់ផ្ដោតសំខាន់តែកាហ្វេ​នោះទេ ប៉ុន្តែក្រោយ​មកពួកគេទាំង ៣នាក់ក៏បានយល់ឃើញថា កាហ្វេជាភេសជ្ជមួយដែល​មនុស្ស​គ្រប់រូប គ្រប់វ័យតែងតែទទួលទាន ដូច្នេះហើយ ពួកគេសម្រេចចិត្ត​ជ្រើសរើស ​យកកាហ្វេដែលល្អមកលក់។ បើទោះបីជាការលក់មិនសូវ​ជាល្អចាប់តាំងពីឆ្នាំ ១៩៨០ មកក្ដី ប៉ុន្តែពួកគេទាំង ៣នាក់ មិនបានបោះបង់ចោលឡើយ រហូតដល់ឆ្នាំ ១៩៨៩ ពួកគេបាន​ពង្រី​ក​កន្លែង​បាន ៤៦ ហើយនៅខែមិថុនា ឆ្នាំ១៩៩២ ហាងកាហ្វេមួយនេះ បានចាប់ផ្ដើមលក់ភាគហ៊ុន IPO រហូតពង្រីកបាន ១៤០កន្លែង និងរកប្រាក់​ចំណូលបាន ៧៣,៥លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ ១៩៨៧ រកបានត្រឹមតែ ១,៣លានដុល្លារអាមេរិកប៉ុណ្ណោះ។
 
ខណៈពេលនោះផងដែរ ស្លាកសញ្ញា Starbucks ក៏ចាប់​ផ្ដើមមានតម្លៃរហូតដល់គណៈកម្មាការវាយតម្លៃស្លាកសញ្ញាពិភពលោក បានឲ្យតម្លៃកាហ្វេ Starbucks រហូតដល់ ២៧១លានដុល្លារ​អាមេរិក។
នៅឆ្នាំ២០១៣ កាហ្វេ Starbucks បានបន្ថែមសេវាកម្មថ្មី គឺអាចឲ្យអតិថិជនរបស់ខ្លួនធ្វើការបញ្ហាទិញកាហ្វេតាមរយៈទូរស័ព្ទដៃជាមួយនឹងកម្មវិធី Starbucks app ហើយក៏ចាប់ផ្ដើម​ផ្សព្វផ្សាយនៅលើបណ្ដាញ Twitter ផងដែរ ដោយទទួលបានកាតបញ្ចុះតម្លៃ ៥ដុល្លារសម្រាប់ការបង្ហោះសារនៅលើ Twitter របស់ Starbucks។

ក្រៅពីពង្រីកខ្លួនចូលទៅកាន់ទីផ្សារ ​អ៉ឺរ៉ុប Starbucks ក៏បានវាយលុកតំបន់ទីផ្សារអាស៊ី ដោយនៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ Starbucks បានបើកហាង​កាហ្វេ​​ចំនួន ៤កន្លែង​ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ហើយក៏មានព័ត៌មានថា នៅក្នុងឆ្នាំ ២០១៥ នេះ Starbucks នឹងមានវត្តមានលើទីផ្សារ​កម្ពុជា​ផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Starbucks មានលោក Howard Schultz ជា​ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយកាលពីឆ្នាំ ២០១៣ ទទួល​បានប្រាក់ចំណូល ១៤,៨៩ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៩លានដុល្លារអាមេរិក ហើយមានក្រុមហ៊ុនចំនួន ៩ជាបុត្រសម្ព័ន្ធ ក្នុងនោះ​រួម​មាន Ethos water, Evolution Fresh, Hear Music, La Boulange Bakery, Seattle's Best Coffee, Tazo ,Teavana  និង Torrefazione Italia៕

www.freshnews.com