(ភ្នំពេញ)៖ រនាំងដែកពុះចែកទ្រូងផ្លូវ បានរងការខូចខាត បាក់អស់ចំនួន១០ផ្ទាំង ដែលបង្កដោយរថយន្ត Camry បាឡែន១គ្រឿ របស់ក្រុមហ៊ុន តាក់ស៊ី មានជ័យ ដែលបើកដោយតៃកុងម្នាក់ ងងុយដេកងោកមួយផាំង រ៉េចង្កូតមកបុករះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខសួនកុមារ ពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Camry បាឡែន១គ្រឿង ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2Q-7295 បើកបរដោយតៃកុងម្នាក់ របស់ក្រុមហ៊ុនតាក់ស៊ី មានជ័យ ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែងងុយដេកពេក ធ្លាក់ភ្នែកងោកមួយផាំង ក៏ស្រាប់តែរ៉េចង្កូតទៅបុករះ រនាំងដែកពុះចែកទ្រួងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន១០ផ្ទាំង ធ្វើឲ្យរនាំងដៃក កល់ជាប់ក្រោមរថយន្តទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបង្ក យកទៅប៉ុស្តិ៍នគរបាលកាកាប ចំណែករថយន្ត ត្រូវបានជំនាញចរាចរក្រុង ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ៕