(ភ្នំពេញ)៖ តារាចម្រៀងពោរពេញដោយទេពកោសល្ យដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន លោក ពៅ​ គឹមអូន ហៅកាត់ថា OUN (អូន) បានចេញនូវអាល់ប៊ុមដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ ២០១៨កន្លងទៅនេះ ដែលជាកិច្ចសហការគ្នាជាមួយនឹងផលិតកម្មបារមី (Baramey Production) ដោយតភ្ជាប់ជាមួយនឹងយុវវ័យតាមរយៈសារសង្គមរបស់ខ្លួន ក៏ដូចជាការលើកយកបញ្ហាមករៀបរាប់តាមរយៈបទចម្រៀងផងដែរ។

អាល់ប៊ុមរបស់អូន ដែលមានឈ្មោះថា «សម្លឹងរកស្នេហ៍» ដែលក្នុងនោះមានបទចម្រៀងOriginal ចំនួន៦ រួមជាមួយនឹងសារមួយដ៏សំខាន់ បានធ្វើការបើកសម្ពោធយ៉ាងឱឡារិក ដែលមានការចូលរួមសម្តែងពីសំណាក់សិល្បៈករល្បីៗដូចជា ឡរា ម៉ម (Laura Mam) និង ក្មេងខ្មែរ (Kmeng Khmer) ក្រុមរាំខ្នាតអន្តរជាតិចំនួនបីក្រុម និងអ្នករាំបែប Hip-hop ជាច្រើននាក់ រួមបញ្ចូលជាមួយនឹងឧបករណ៍ភ្លេងខ្មែរ ឃឹម ដើម្បីបន្ថែមទៅលើពិធីសម្ពោធនេះឲ្យកាន់តែពិសេសអស្ចារ្យទៀត។

សម្រាប់បទចម្រៀងទាំង ៦បទនេះ រួមបញ្ចូល​ស្ទីលខុសៗគ្នា ពីចម្រៀងបែប Rap និងអន្លង់អន្លោច ឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ ដោយប្រើប្រាស់រយៈពេលអស់ជាងមួយឆ្នាំក្នុងការសរសេរ និងផលិត។ បទចម្រៀងមួយមានចំណថា «តម្លៃជីវិត» រៀបរាប់អំពីការថ្លឹងថ្លែងរវាងការខិតខំធ្វើការ និងការកំសាន្ត។ ចំណែកឯបទមួយចំនួនទៀត ផ្តោតលើសារអប់រំនៅក្នុងសង្គមភាគច្រើន គឺបទ «ស្រោម» ដែលផ្អែកសំខាន់លើប្រធានបទនៃការអប់រំផ្លូវភេទ ដែលនៅក្នុងនោះ អូនបានរៀបរាប់តាមរយៈឃ្លាចម្រៀងពីផលវិបាកដែលគូស្នេហាមួយគូរត្រូវប្រឈមមុខជាមួយ​បញ្ហា​ជាច្រើន ក្រោយ​ពីពួកគេមិន​បានប្រុង​ប្រយ័ត្ន។​

នៅក្នុងពេលសម្តែងបទចម្រៀងនេះ​ ស្រោមអនាម័យត្រូវបានបោះទៅកាន់ទស្សនិកជនជាច្រើន ដែលបង្កឲ្យមានការហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងក្លា។​ អូនកំពុងតែគាំទ្រយុទ្ធនាការរបស់ Marie Stopes អំពីប្រធានបទ «សិទិ្ធក្នុងការជ្រើសរើស» ដែលមានបំណងចង់ផ្តល់កម្លាំងចិត្តដល់នារីៗវ័យក្មេង ក្នុងការក្តោបក្តាប់ និងគ្រប់គ្រងជីវិតផ្លូវភេទរបស់ពួកគេឲ្យបានត្រឹមត្រូវ។

នៅក្នុងកម្មវិធីសម្ពោធនេះដែរ អ្នកចម្រៀង និងអ្នកនិពន្ធបទភ្លេងសញ្ចាតិខ្មែរ ឡរា ម៉ម ដែលជាអ្នកដឹកនាំផលិតកម្ម បារមី បានថ្លែងថា៖ «ការចេញជាអាល់ប៊ុមលើកដំបូងរបស់អូន គឺជាសញ្ញាណនៃភាពជោគជ័យមួយរបស់យើង។ យើងខ្ញុំកំពុងតែខំប្រឹងប្រែងសហការជាមួយ នឹងដៃគូនៅក្នុងវិស័យជាមួយគ្នានេះ ដើម្បីស្តារកេរ្តិ៍តំណែលរបស់កម្ពុជានៅក្នុងពិភពលោកឡើងវិញ ក្នុងផ្នែកចម្រៀង និងសិល្បៈសម្តែង»។

អ្នកដឹកនាំផលិតកម្ម បារមី បានបន្តថា «សម្រាប់អូន គឺជាតារាដែលខាងផលិតកម្មកំពុងតែធ្វើឲ្យគាត់ទទួលបានការទទួលស្គាល់កាន់តែច្រើនពីសំណាក់ទស្សនិកជន ដែលហ្នឹងជះឥទ្ធិពលដល់ វិស័យបទចម្រៀងOriginal នៅប្រទេសកម្ពុជា។

ដោយមាន​ការជំរុញទឹកចិត្តពីតារាចម្រៀង Rap ឈ្មោះថា អាពីង(Ah Ping) តាំងពីក្មេងមក ចំណេះដឹងលើចម្រៀងដែល អូនមានសព្វថ្ងៃ សុទ្ធសឹងតែរៀនពីសិល្បៈករមួយនេះទាំងអស់។ បទចម្រៀងរបស់ Ah Ping មានបណ្តុះគំនិតឲ្យអូនចង់មានអាជីពក្នុងវិស័យចម្រៀងនេះ ជំនួសឲ្យក្តីស្រមៃពីមុនរបស់អូនដែលចង់ក្លាយជាសាស្រ្តាចារ្យខាងអក្សរសាស្រ្ត។

ហេតុនេះហើយ​ បន្ទាប់ពីរៀនចប់ថ្នាក់ទី ១២មក អូនចាប់ផ្តើមដើរតាមក្តីស្រមៃរបស់ខ្លួន ដោយមិនត្រឹមតែសិក្សាដោយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរៀនសូត្រពីអ្នកចម្រៀងអាជីពល្បីៗនៅក្នុងវិស័យនេះ ដូចជាកញ្ញា ឡរា ម៉ម ដែលដឹកនាំផលិតកម្មបារមីជាដើម។ បទចម្រៀងដំបូងរបស់អូនមានចំណងជើងថា «ស្នេហ៍ស្មោះជូនអូន» ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយថ្មីៗនេះលោកក៏បានចេញបទនេះជាលក្ខណៈ remix។

គួរំលឹកថា ប្រជាជនខ្មែរភាគច្រើនចូលចិត្តឲ្យតម្លៃហួសហេតុដល់សិល្បៈករនៅប្រទេសដទៃជៀសជាងប្រទេសខ្លួន។ បទចម្រៀងមួយរបស់ ឡរា ម៉ម ដែលមានចំណងជើងថា «រាំមិនឆ្អែតទេ» បានផ្ទុះការគាំទ្រូយ៉ាងខ្លាំងនៅប្រទេសថៃ។ ពេលដែលជនជាតិថៃបានមើលបទនោះ ពួកគេចូលចិត្ត ហើយក៏ចែករំលែកបន្តទើបបទចម្រៀងនេះចាប់ផ្តើមល្បីនៅប្រទេសកម្ពុជា ត្រូវតែប្រឹងប្រែងជាមួយគ្នានៅក្នុងវិស័យនេះ ដើម្បីធ្វើឲ្យបទចម្រៀង Original ដែលផលិតនៅប្រទេសកម្ពុជាឈានទៅមុខមួយកម្រិតទៀត៕