(ភ្នំពេញ)៖ នៅក្នុងយុគសម័យនាពេលបច្ចុប្បន្ន គឺឃើញថា មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ហើយក្រុមហ៊ុន Bosch មានបំណងចង់សហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង និងជំនាញលើការបង្កើនកម្រិត នៃការយល់ដឹងអំពីតម្រូវការចាំបាច់​ ក្នុងការធនាឲ្យបាននូវប្រព័ន្ធជំនួយសុវត្ថិភាពដល់អ្នកបើកបរ និងយានយន្តនៅលើផ្លូវថ្នល់។

លោក ហៃ​ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំនៅកម្ពុជាបានថ្លែងថា៖ «ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានស្លាប់ ឬរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងនាមជាក្រុមហ៊ុនមួយដែលផ្គត់ផ្គង់បច្ចេកវិទ្យាយានជំនិះ​ Bosch បានរួមចំណែកលើកស្ទួយ និងដោះស្រាយបញ្ហាសុវត្ថិភាពយានយន្តជាច្រើនឆ្នាំមកហើយ ដោយគ្រោះថ្នាក់ជាច្រើនអាចរារាំងបានដោយការបំពាក់ប្រព័ន្ធសុវត្ថិភាពទំនើបទៅលើយានយន្ត»

លោក Martin Hayes នាយកក្រុមហ៊ុន Bosch នៅតំបន់អាស៊ីអាគ្មេយ៍បានឲ្យដឹងថា «ការស្លាប់ និងការរងរបួសនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មិនត្រឹមតែធ្វើឲ្យខាតបង់ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បង្កឲ្យមានការរងទុក្ខវេទនា និងទុក្ខសោកដែលមិនអាចកាត់ថ្លៃបាន ហើយ Bosch នឹងបន្តធ្វើការស្រាវជ្រាវ និងវិនិយោគលើការអភិវឌ្ឍជាច្រើនដោយផ្អែកលើការបង្កើតបច្ចេកវិទ្យាដែលអាចជួយជីវិតមនុស្សបាន។ នេះរួមទាំងការបង្កើតផលិតផល និងដំណោះស្រាយដែលអាចធ្វើឲ្យផ្លូវថ្នល់ និងយានយន្តមានសុវត្ថិភាពជាងមុន»

ក្នុងចំណោមការច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន Bosch ក្នុងវិស័យសុវត្ថិភាពយានយន្ត​ ក្នុងនោះក៏មានប្រព័ន្ធ​ ​ Anti-Lock Braking System (ABS) ដែលជាប្រព័ន្ធសម្រាប់ជួមមិនឲ្យគាំងកង់រថយន្តពេលចាប់ហ្វ្រាំង។ ប្រព័ន្ធនេះត្រូវបានណែនាំសម្រាប់រថយន្តដឹកអ្នកដំណើរនៅឆ្នាំ ១៩៧៨ និងសម្រាប់ទោចក្រយានយន្ត នៅឆ្នាំ ១៩៩៥។ បច្ចេកវិទ្យានេះត្រូវបានពង្រឹងបន្ថែមទៀតជាមួយនឹងការអភិវឌ្ឍន៏បច្ចេកវិទ្យារក្សាលំនឹងយានយន្តអេឡិចត្រូនិច (Electronic Stability Program ឬ ESP®) ដំបូងគេបង្អស់លើពិភពលោក ដែលបច្ចេកវិទ្យានេះអាចតាមដានចលនារអិលរបស់រថយន្ត ហើយទប់ស្កាត់ ការរអិលនោះដើម្បីបង្កើនសុវត្ថិភាពក្នុងពេលបើកបរ។

រហូតមកដល់បច្ចុប្បន្ននេះ ៧៤ភាគរយ នៃយានយន្តទាំងអស់នៅទូទាំងពិភពលោកត្រូវបានបំពាក់ជាមួយ ESP® ហើយបច្ចេកវិទ្យានេះបានរារាំងមិនឲ្យមានគ្រោះថ្នាក់ជាង ២៦០,០០០ករណីនៅអឺរ៉ុប (គិតត្រឹមឆ្នាំ ២០១៤)។

ក្នុងករណីដែលការប៉ះទង្គិចគ្នាមិនអាចជៀសវាងបាន យ៉ាងហោចណាស់ក៏ការធ្វើអន្តរាគមន៍ដោយប្រព័ន្ធនេះអាចកាត់បន្ថយកំរិតគ្រោះថ្នាក់ដល់យានយន្ត និងអ្នកបើកបររួមជាមួយនឹងអ្នកដំណើរផងដែរ។

ប្រព័ន្ធជំនួយការរក្សារថយន្តឲ្យនៅគន្លងផ្លូវ (LKS) ជួយដល់អ្នកបើកបរ រក្សារថយន្តឲ្យនៅគន្លងផ្លូវបានត្រឹមត្រូវ។ ការប្រើកាមេរ៉ាវីដេអូដើម្បីកំណត់គន្លងផ្លូវនៅពីមុខឡាន LKSអាចកំណត់បានរហូតដល់៤ជួរ បើទោះបីស្ថិតនៅក្នុងស្ថានភាពមើលមិនសូវច្បាស់ក៏ដោយ ក៏ប្រព័ន្ធនេះឆ្លើយតបទៅនឹងការកាច់ចង្កូតមិនប្រក្រតីរបស់អ្នកបើកបរ ដើម្បីធានាឲ្យបានថាអ្នកបើកបរនៅត្រង់គន្លងផ្លូវ។

លោក Hayes បានថ្លែងជាចុងក្រោយថា «​Bosch ជឿជាក់ថាមានតែសកម្មភាពរួមគ្នាទេដែលយើងអាចឃើញការផ្លាស់ប្តូរបាន យើងសូមអំពាវនាវឲ្យមានការពិភាក្សា និងសហការយ៉ាងសកម្មរវាងរដ្ឋាភិបាល សមាគមន៍វិទ្យាសាស្ត្រ​​ អង្គការក្រៅរដ្ឋាភិបាល ឧស្សាហកម្មយានយន្ត និងសាធារណជនទូទៅដើម្បីទាញយកអត្ថប្រយោជន៍ នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ដើម្បីធ្វើឲ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់ៗគ្នា។ យើងទាំងអស់គ្នាមានការទទួលខុសត្រូវរួមគ្នា ក្នុងការធានាឲ្យបាននូវអាស៊ាន នាថ្ងៃអនាគតមួយ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយ Bosch គាំទ្រយ៉ាងមត់មាំនូវទស្សនវិស័យមួយនេះ»

សូមបញ្ជាក់ផងដែរថា Bosch ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមករា ឆ្នាំ២០១០ ហើយនាពេលបច្ចុប្បន្ន មានប្រតិបត្តិការក្រោមការដំណាងដោយក្រុមហ៊ុនឈ្មោះ រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី។ Bosch Group រួមមាន ក្រុមហ៊ុន Robert Bosch GmbH និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 44០ក្រុមហ៊ុន ក៏ដូចជាក្រុមហ៊ុនប្រចាំតំបន់នៅប្រមាណជា 60 ប្រទេស។ វត្តមាន Bosch គ្របដណ្តប់ស្ទើរគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក ប្រសិនបើរួមបញ្ចូលទាំងដៃគូលក់ និងសេវាកម្ម ទីតាំងផលិតកម្ម ផ្នែកវិស្វកម្ម និងបណ្តាញលក់នានា៕